វ.ឍ្ឍតី
Thursday 02 May 2013
The Free Press Magazine
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រូបសំណាកលោក ជា វិជ្ជា ដែលសហជីពកម្មករចាត់ទុកថាជា “វីរជនកម្មករ”នោះ និងត្រូវតាំងតម្កល់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ស្អែកនេះ។ រូបសំណាកធ្វើពីថ្មភក់នោះ ត្រូវតម្កល់លើសួនច្បារ កែងច្រមុះជ្រូក ខាងលិចវិមានឯករាជ្យ ជិតតូបលក់កាសែត ជាប់របងវត្តលង្ការ ដែលជាកន្លែង ឃាតកបាញ់សម្លាប់លោក ជា វិជ្ជា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យអញ្ជើញចូលរួមលើទឹកចិត្តដល់ជនស្នេហាជាតិ នៅក្នុងពិធីតម្កល់រូបសំណាកលោក ជា វិជ្ជា ។
កម្មវិធីដែលសហជីពសេរីកម្មករ បានផ្សព្វផ្សាយបង្ហាញថា កម្មវិធីប្រោះព្រំ និងសម្ពោធរូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ដោយមានការនិមន្តចូលរួមពីសម្តេចព្រះមហាសង្ឃរាជ ប៊ួរ គ្រី ។ លោក ជា មុនី ប្អូនប្រុសលោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងចូលរួម ហើយថ្លែងសុន្ទរកថា ស្វាគមន៍ទៅកាន់អង្គពិធីផងដែរ។
កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ពិធីសែនក្រុងពាលី ជីកគ្រឹះ លើទំហំដី ១ ម៉ែត្រ ៤ ជ្រុង សម្រាប់តម្កល់រូបសំណាក លោក ជា វិជ្ជា ត្រូវបានធ្វើឡើង លើសួនច្បារ ច្រមុះជ្រូក នៅក្បែរវិមានឯករាជ្យ ក្នុងទីក្រុងភ្នំពេញ។
រូបសំណាកលោក ជា វិជ្ជា ត្រូវបានសម្តេច ហ៊ុន សែន អនុញ្ញាតអោយសាងសង់ តាមការស្នើសុំរបស់លោក ជា មុនី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។ ប៉ុន្តែឃាតកពិត ដែលបានបាញ់សម្លាប់លោក ជា វិជ្ជា មិនទាន់ត្រូវបានអាជ្ញាធរនាំខ្លួន មកកាត់ទោសនៅឡើយទេ ។ មកដល់ពេលនេះ មានបុរសពីរនាក់ គឺប៊នសំណាង និងសុកសំអឿន ត្រូវបានតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ ២០ ឆ្នាំ ក្នុងសំណុំរឿងក្តីដ៏រស៊ើប នៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ។
សូមបញ្ជាក់ថា រូបសំណាកលោក ជា វិជ្ជា មាន១ ម៉ែត្រ និង ៧០សង់ទីម៉ែត្រ ទម្ងន់ ២ តោន ធ្វើពីប្រភេទថ្មភក់ពណ៌ខៀវ មានជើងទម្រមួយម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ និងត្រូវ ចំណាយថវិកាប្រមាណជាង ៨ពាន់ដុល្លារ ដែលបានមកពីការជួយឧបត្ថម្ភពីសប្បុរសជន និងកម្មករ បានរៃលុយគ្នា សាងសង់ ហើយសាលារាជធានីភ្នំពេញ ថិវិកាចំនួន ៥ ពាន់ដុល្លារ សហរដ្ឋអាមេរិក ៕

រូបសំណាកលោកជា វិជ្ជា(រូបថត៖សហជីពកម្មករសេរី នៃ ព្រះរាជាណាចក្រកម្ពុជា)