កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​៣​ឧសភា​, រដ្ឋមន្ត្រី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ជើងចាស់

ភ្នំពេញ: ថ្ងៃទី​៣​ឧសភា ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។ សម្រាប់​កម្ពុជា ក៏​បាន​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ “​សុវត្ថិភាព​នៃ​ការនិយាយស្តី នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​”​។ ពិធី​ជួបជុំ បាន​ធ្វើឡើង​នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​សមាគម​អ្នកកាសែត អង្គការ​យូណេស្កូ និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។

 

ថ្ងៃទី 3 ឧសភា 2013
ដោយ: លី សិលា
CEN

 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បង្ហាញថា ការ​ប្រារព្ធ​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន ឆ្នាំនេះ មាន​គោលបំណង​ផ្តល់​វេទិកា​សន្ទនា​មួយ ដល់​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្ធផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជជែក​វែកញែក​អំពី​ការ​ប្រឈម និង​បញ្ហា​នានា ជុំវិញ​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។

​កម្មវិធី​ជជែក​ពិភាក្សា​ក្នុង​ទិវា​សារព័ត៌មាន ថ្ងៃ​៣​ឧសភា បង្ហាញថា អ្នកសារព័ត៌មាន ក៏​នឹង​ដេញដោល​គ្នា អំពី​គ្រោះថ្នាក់ និង​ការគំរាមកំហែង​អ្វី​ខ្លះ​ទេ ដែល​នាយក​កម្មវិធី និពន្ធ​នាយក អ្នកកាសែត និង​មន្ត្រី​សិទ្ធមនុស្ស នៅ​កម្ពុជា កំពុងតែ​ប្រឈម​? តើ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ សង្គម​ស៊ីវិល បណ្តាញ​សារព័ត៌មាន និង​វិស័យ​ឯកជន​នានា មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការធានា​នូវ​សុវត្ថិភាព ក្នុង​ការនិយាយស្តី​? បន្ទាប់មក អ្នកសារព័ត៌មាន អ្នកច្បាប់ និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ក៏​ត្រូវ​ជជែក​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់ ដើម្បី​ធានា​សុវត្ថិភាព​អ្នកសារព័ត៌មាន​។​

​គួររម្លឹកថា ថ្ងៃទី​៣ ខែ​ឧសភា ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ថា ជា​ទិវា​សេរីភាព​សារព័ត៌មាន ដោយ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ ដោយ​ឆ្លង​តាម​ការអនុម័ត​របស់​សន្និសីទ​អង្គកា​រ​យូណេស្កូ​លើក​ទី​២៦ ឆ្នាំ​១៩៩១​។ ថ្ងៃទី​៣​ឧសភា ក៏​ជា​ថ្ងៃមួយ​សំរាប់​លើកទឹកចិត្ត​និង​លើកកម្ពស់​ដល់​ការផ្តួចផ្តើម​គំនិត​បង្កើត​ថ្មី​ដើម្បី​គាំទ្រ​សេរីភាព​សារព័ត៌មាន ជា​ថ្ងៃ​វាយ​តំលៃ​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ទូទាំង​សកលលោក ហើយ​ក៍​ជា​ថ្ងៃ​រំលឹក​រាជរដ្ឋាភិបាលឲ្យមាន​ការតាំង​ចិត្តគោរព​សេរីភាព​នៃ​ការបញ្ចេញម​តិ​ផងដែរ​។​

​មន្ត្រី​រាជរដ្ឋាភិបាល​តែងតែ​អះអាងថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ល្អ​ជាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

​ចុងក្រោយ​នេះ របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​បង្ហាញ​អំពី​ការធ្លាក់ចុះ​នៃ​ចំណាត់​ថ្នាក់​នៃ​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​សេរីភាព​សារព័ត៌មាន​ល្អ​នោះ​។

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន របស់​បារាំង បាន​ចាត់ថ្នាក់​កម្ពុជា នៅ​លំដាប់​ទី​១១៧ នៅក្នុង​ឆ្នាំ​២០១២​។ តែ​កម្ពុជា ត្រូវ​បាន​ទម្លាក់​ដល់​ចំណា​ត់ទី​១៤៣ ក្នុងចំណោម ១៧៩ ប្រទេស នៅក្នុង​ឆ្នាំ​២០១៣​។​

​ចំណែក​អង្គការ​កាសែត​របស់​អា​មេរិក Freedom House បាន​ចាត់ថ្នាក់​សេរីភាព​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា ឈរ​នៅ​លំដាប់​លេខ ១៤៩ ក្នុងចំណោម ១៩៧ ប្រទេស ដែល​អង្គការ​មួយ​នេះ បាន​វាយតម្លៃ​លើ​សេរីភាព​សារព័ត៌មាន​នៅ​លើ​ពិភពលោក​។​

​របាយការណ៍ ដែល​មាន​ចំណងជើង​ថា “Freedom of the Press 2013: Middle East Volatility amid Global Decline” ត្រូវបាន​អង្គការ Freedom House ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​១​ឧសភា ដើម្បី​សាទរ​នូវ​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​៣​ឧសភា​។​

​របាយការណ៍​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន នៅ​ប្រទេស​កម្ពុជា ស្ថិតនៅ​លំដាប់​លេខ ១៤៩ គឺ​នៅ​ក្រោម​ប្រទេស​ថៃ ដែល​ស្ថិតនៅ​លេខ ១៤០​។ ក៏ប៉ុន្តែ​ចំណាត់ថ្នាក់​របស់​កម្ពុជា បាន​ប្រសើរ​ជាង​ប្រទេស​ភូមា ដែល​ស្ថិតនៅ​លេខ ១៦២ ប្រទេស​ឡាវ នៅ​លេខ ១៨២ និង​វៀតណាម​នៅ​លេខ ១៨២​។​

​យ៉ាងណាក៏ដោយ Freedom House បាន​កត់សម្គាល់​ថា ចំណាត់ថ្នាក់​របស់​កម្ពុ​ជា នៅ​លេខ ១៤៩ គឺជា​ប្រទេស​ស្ថិត​នៅក្នុង​ប្រទេស មិនទាន់​មាន​សេរីភាព​ពេញលេញ​នៅឡើយ​ទេ ផ្នែក​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ “Not Free”​។​

​ជា​ការកត់សម្គាល់ តាម​របាយការណ៍​របស់ Freedom House ក្នុងចំណោម​ប្រទេស​ទាំង ១៩៧ ដែល​ស្ថិត​ក្នុង​តារាង​វាយ​តម្លៃ​របស់​ខ្លួន គឺ​ប្រទេស ន័​រវេស និង​ប្រទេស​ស៊ុយ​អ៊ែត ស្ថិតនៅ​លំដាប់​លេខ ១​ស្ទួន​។ ចំណែក​ប្រទេស​ដែល​ត្រូវបាន​ចាត់ទុក​ថា មាន​សេរីភាព​សារព័ត៌មាន​អន់​ជាងគេ គឺ​ប្រទេស​កូរ៉េខាងជើង និង​ប្រទេសទួក​មិនី​ស្ថាន ( Turkmenistan ) ដែល​ស្ថិតនៅ​លេខ​រៀង​ចុងក្រោយ​គេ ទី​១៩៦ ស្ទួន​។​

​ដោយឡែក​នៅ​ម៉ោង​ប្រមាណ​ជា ១០ ព្រឹក​ថ្ងៃ​ទី​៣​ឧសភា ទិវា​សារព័ត៌មាន​ពិភពលោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​សម្លាប់ ក្នុង​សម័យ​សង្គ្រាម ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ដែល​ត្រូវបាន​គេ​ចារ​ឈ្មោះ នៅ​ផ្ទះថ្ម លើ​សួនច្បារ មុខ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​៕​

 

What Next?

Recent Articles