ភ្នំពេញៈ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃសុក្រទី៣ ខែឧសភា ដែលជាថ្ងៃនៃទិវាសេរីភាពសារព័ត៌មានក្នុងគោលបំណងអបអរសាទរ និងផ្តល់ជាវេទិកាសន្ទនាមួយ ដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។
Friday, 03 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ទិវាសេរីភាពសារព័ត៌មាន ត្រូវបានអនុម័តដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងឆ្លងតាមការអនុម័តរបស់សន្និសីទទូទៅ របស់អង្គការយូណេស្កូ លើកទី២៦ ឆ្នាំ១៩៩១។ ប្រធាននៅឆ្នាំនេះគឺ «ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ»។
យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ ២០១៣របស់ Freedom House ជាអង្គការឃ្លាំមើលរបស់សហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថាចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាបានធ្លាក់ចុះ ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដោយធ្លាក់ចុះ៥ ចំណាត់ថ្នាក់មកត្រឹមលេខ ១៤៩។
កម្ពុជាមានចំណាត់ថ្នាក់ទាបជាងម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រខាងកើត ថៃ និងហ្វីលីពីន តែនៅពីលើប្រទេសឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ និងវៀតណាម។ បើទោះបីជាស្ថិតក្នុងចំណាត់ថ្នាក់១៦២ ក៏ដោយ ក៏ប៉ុន្តែ ប្រទេសមីយ៉ាន់ម៉ាមានការរីកចម្រើនខ្លាំងធៀបនឹងឆ្នាំមុន ដែលមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ ១៨៧។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផ្សេងទៀត មកគោរពស្តុប វិញ្ញាណខក្ធ អ្នកសារព័ត៌មាន ដែលបានស្លាប់ក្នុងសម័យសង្រ្គាម។ រូបថត ហេង ជីវ័ន