Friday, 03 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ពិធីករសម្បូរវោហារភ្នែកលឹប តាប៊ុយ ត្រូវបានគេសង្ស័យថាជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយថ្មីៗនេះមានរូបភាព និងវីដេអូនៃមនុស្សស្រឡាញ់ភេទដូចគ្នាពីរនាក់កំពុងសម្តែងក្តីស្នេហារវាងគ្នាហើយត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុក។ បុរសម្នាក់ត្រូវបានគេដាក់ការសង្ស័យថា ជាពិធីករ តាប៊ុយ ដោយសារតែរូបភាពនោះស្រដៀងគ្នានឹង តាប៊ុយ។ ប៉ុន្តែទោះបីជាយ៉ាងណា នៅពេលនេះ តាប៊ុយ បានចេញមុខបញ្ជាក់ថា បុរសម្នាក់នោះមិនមែនជាលោកឡើយ។
នៅក្នុងរូបថតនោះ គេឃើញបុរសម្នាក់មានមុខដូចពិធីករ តាប៊ុយ ហើយរូបគេកំពុងពោបពីលើបុរសម្នាក់ទៀតដូចជាពួកគេកំពុងស្ថិតនៅក្នុងកាយវិការប្រឡោមស្នេហ៍ជាមួយគ្នា។ លើសពីនោះទៅទៀតស្រាប់តែវីដេអូមួយត្រូវបានផ្សព្វផ្សាយបន្ត ដែលអ្នកទស្សនាមើលទៅស្ទើរតែដូចពិធីករ តាប៊ុយ ១០០ភាគរយ។
ជាមួយនឹងការលើកឡើងរបស់ទស្សនិកជនពីការសង្ស័យនេះ ពិធីករ My TV តាប៊ុយ ក៏បានទទួលស្គាល់បុរសម្នាក់នៅក្នុងរូបថត និងវីដេអូនោះ ពិតជាមានរូបរាងស្រដៀងគ្នានឹងរូបលោកមែនប៉ុន្តែលោកសុំបញ្ជាក់នៅពេលនេះថា អ្នកនៅក្នុងរូបថត និងវីដេអូនោះមិនមែនជារូបលោកឡើយ។ តាប៊ុយ បាននិយាយថា៖«ដំបូងខ្ញុំមើលទៅដូចខ្ញុំមែនបង! អ៊ីចឹងហើយបានជាគេច្រឡំ តែមើលមែនទែននិងស្តាប់សំឡេងទៅដូចជាមិនមែនវីដេអូខ្មែរទេ គឺប្រហែលជាវីដេអូអ្នករស់នៅប្រទេសជិតខាងច្រើនជាង»។
ពិធីករដែលនិយាយមួយៗ តែសើចឮរូបនេះបានឲ្យដឹងថា ដំបូងឡើយមិត្តភក្តិនៅក្នុងប្រព័ន្ធហ្វេសប៊ុកគេបានបញ្ជូនមកឲ្យលោកមើល ហើយក្រោយមកក៏គេបញ្ជូនចែកចាយគ្នាពីមួយទៅមួយធ្វើឲ្យមិត្តភក្តិទូរស័ព្ទមកសួរដេញដោលគ្រប់គ្នា។ ដោយសារតែវាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបញ្ហាកិត្តិយសកេរ្តិ៍ឈ្មោះ តាប៊ុយ បានសម្តែងការខឹងសម្បាក្តៅស្លឹកត្រចៀកឆេវតែម្តង។
តារារូបនេះនិយាយថា៖«ដំបូងពេលខ្ញុំឃើញរូបថត និងវីដេអូហ្នឹងភ្លាមខ្ញុំខឹងឆេវមួយរំពេច តែប៉ុន្មានម៉ោងក្រោយមកមិត្តភក្តិនិយាយប្រាប់អ៊ីចេះមួយអ៊ីចេះពីរទៅខ្ញុំក៏ធម្មតាវិញ»។
ការផ្ទុះពីការស្រឡាញ់ភេទដូចគ្នារបស់ពិធីកររូបនេះត្រូវបានកត់សម្គាល់ក្រោយពេលដែលមួយរយៈនេះ តាប៊ុយ តែងសម្តែងភាពស្និទ្ធស្នាលប្លែកជាមួយនឹងកញ្ញាហ្វូតូស៊ីធី រ៉ូលីន ដោយពួកគេបានសម្តែង និងលេងសើចគ្នាក្នុងកាយវិការបើកចំហបែបមនុស្សប្រុសស្រឡាញ់ប្រុស។ ជាមួយគ្នានោះ តាប៊ុយ ក៏រមែងហៅ រ៉ូលីន ថា ប្រពន្ធទៀតផង។
ដោយសារតែហេតុផលនេះ ទើបមានសំណួរថា តើ តាប៊ុយ ជាមនុស្សស្រឡាញ់ប្រុស ឬក៏ស្រឡាញ់មនុស្សស្រី?
តាប៊ុយ និយាយទាំងអស់សំណើចថា៖«ទេបង សួរដូចជាចំៗពេកហើយ ខ្ញុំអត់មានសង្សារអីទេ ខ្ញុំមានតែប្រពន្ធគឺ រ៉ូលីន ហ្នឹងឯង(សើច)»។
ដោយអះអាងថា ខ្លួនជាមនុស្សប្រុសពិតប្រាកដស្រឡាញ់តែមនុស្សស្រី តាប៊ុយ បញ្ជាក់ជាថ្មីថា៖«ខ្ញុំសុំអះអាងថា រូបថតនោះមិនមែនរូបថតរបស់ខ្ញុំឡើយនោះជារូបថត និងវីដេអូបរទេសទេ»៕
