Friday, 03 May 2013
ផាក់ ស៊ាងលី និង សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍
ជនជាតិវៀតណាមលួចកាណូតពេលដឹកអ្នកជម្ងឺទៅពេទ្យ
ពោធិ៍សាត់៖ នគរបាលស្រុកកណ្តៀងបានចាប់ខ្លួនជនជាតិវៀតណាមម្នាក់អាយុ២៣ឆ្នាំ បន្ទាប់ពីគេបានលួចកាណូតមួយគ្រឿងកាលពីថ្ងៃអាទិត្យ។ នគរបាលបានឲ្យដឹងថា បុរសជាកសិករអាយុ ៣១ឆ្នាំម្នាក់ បានដឹកកូនឈឺទៅពេទ្យតាមកាណូតនៅវេលាយប់ ហើយទុកកាណូតនៅជិតមណ្ឌលសុខភាព ពេលនោះជនជាតិវៀតណាមរូបនោះបានលួច បំណងបើករត់។ ប៉ុន្តែត្រូវជនរងគ្រោះប្តឹងនគរបាលឲ្យជួយអន្តរាគមន៏ចាប់បានមកវិញ។
អាវុធហត្ថឆ្មក់ចាប់កម្មកររោងចក្រសំងំជក់ថ្នាំញៀន
កណ្តាល៖កម្មកររោងចក្រពីរនាក់អាយុ២៣និង២៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទពេលជក់ថ្នាំញៀននៅក្នុងស្រុកកណ្តាលស្ទឹង។ កងរាជអាវុធហត្ថបានឲ្យដឹងថាអាជ្ញាធរមូលដ្ឋានបានផ្តល់ព័ត៌មានពីជនសង្ស័យរឿងលួចជក់ថ្នាំញៀន។ កម្លាំងអាវុធហត្ថបានឆ្មក់ចូលកន្លែងស្នាក់នៅរបស់ជនសង្ស័យ ហើយឃើញពួកគេកំពុងជក់ថ្នាំញៀន និងចាប់ខ្លួនតែម្តង។ ឧបករណ៏ជក់ត្រូវបានដកហូត។
សងសឹកស្ទាក់វាយម្នាក់បែកក្បាល
ភ្នំពេញ៖ ជនសង្ស័យ៦នាក់បានស្ទាក់វាយកម្មករសំណង់ម្នាក់អាយុ២៨ឆ្នាំរបួសកាលពីថ្ងៃអាទិត្យក្នុងខណ្ឌពោធិ៏សែនជ័យ។ នគរបាលបានឲ្យដឹងថាបុរសរងគ្រោះកំពុងដើរតែម្នាក់ឯង ពេលនោះ ពួកជនសង្ស័យបានស្ទាក់វាយនឹងដំបងបែកក្បាល ហើយបាននាំគ្នារត់បាត់។ នគរបាលបានសន្និដ្ឋានថាករណីនេះ ជារឿងគំនុំ ព្រោះជនរងគ្រោះ និងពួកម៉ាកគេកន្លងមកធ្លាប់មានបញ្ហាជាមួយនឹងជនសង្ស័យ។ នគរបាលកំពុងតាមរកពួកគេ៕
បើកលឿនវ៉ាមិនផុត បុកស្រ្តីម្នាក់របួសធ្ងន់
ភ្នំពេញ៖ ឡានមួយគ្រឿងបានបើកលឿន ហើយបុកស្រ្តីអាយុ៣០ឆ្នាំម្នាក់ របួសធ្ងន់កាលពីថ្ងៃអាទិត្យក្នុងខណ្ឌចំកាមន។ នគរបាលបានឲ្យដឹងថាឡានមួយគ្រឿងនោះបើកបរដោយយុវជនអាយុខ្ទង់២០ឆ្នាំម្នាក់។ គេបើកលឿន ដើម្បីវ៉ាម៉ួតូរបស់ស្ត្រីរងគ្រោះ តែវ៉ាមិនផុត ក៏បុកពីក្រោយតែម្តង។ ស្រ្តីរូបនេះរងបួសធ្ងន់ ហើយត្រូវបានគេដឹកទៅមន្ទីរពេទ្យ។ ឡាននិងម៉ូតូត្រូវនគរបាលយកទៅរក្សាទុកដើម្បីដោះស្រាយ។
យុវជនដាច់យ៉ាយចូលលួចម៉ូតូក្នុងឃ្លាំង
ភ្នំពេញ៖ យុវជនអាយុ១៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពេលចូលលួចម៉ូតូនៅក្នុងឃ្លាំងមួយកន្លែងក្នុងខណ្ឌ៧មករា។ ម្ចាស់ឃ្លាំងបានឲ្យដឹងថា ជនសង្ស័យបានចូលមកក្នុងឃ្លាំងលក់ម៉ូតូ ហើយបានកាច់សោរម៉ូតូដែលដាក់លក់មួយគ្រឿងបំណងជិះរត់។ ប៉ុន្តែត្រូវកម្មករនៅទីនោះ ចាប់បានប្រគល់ឲ្យនគរបាលតែម្តង។ ជនសង្ស័យបានសារភាពតាមការចោទប្រកាន់។ នគរបាលបានបញ្ជូនគេទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។
កម្មករសំណង់ត្រូវគេដេញវាយបែកមុខនិងក្បាល
ភ្នំពេញ៖ កម្មករសំណង់អាយុ២៣ឆ្នាំម្នាក់ត្រូវបានគេវាយរបួសធ្ងន់កាលពីថ្ងៃសៅរ៏ក្នុងខណ្ឌពោធិ៏សែនជ័យ។ នគរបាលបានឲ្យដឹងថាជនរងគ្រោះបានជិះម៉ូតូពីដើរលេងវិញ ហើយត្រូវបុរសពីពីរទៅបីនាក់ដេញវាយប្រហារនឹងដុំថ្មនិងដំបងឈើ។ គេបានផ្តួលម៉ូតូចោលទៅប្រឡាយទឹកហើយរត់ស្រែកឲ្យគេជួយ។ ករណីនេះ នគរបាលមិនទាន់សន្និដ្ឋានពីមូលហេតុនៃការវាយប្រហារនេះទេ។
ប្តីស្រវឹងវាយបំផ្លាញទ្រព្យសម្បត្តិ និងដេញចាក់អ្នកជិតខាង
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានចាប់ខ្លួនប្តីអាយុ៣៩ឆ្នាំម្នាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីគេផឹកស្រវឹងបំផ្លាញទ្រព្យសម្បត្តិនិងដេញចាក់គេឯង។ នគរបាលបានឲ្យដឹងថាបុរសជាប្តីនិងប្រពន្ធអាយុ៣៤ឆ្នាំបានជួល បន្ទប់ស្នាក់នៅ។ នៅថ្ងៃកើតហេតុម្ចាស់បន្ទប់ បានមកទារលុយថ្លៃបន្ទប់។ គេគ្មានអីឲ្យ ប្តីក៏ផឹកស្រាស្រវឹងរករឿងប្រពន្ធ និងបោកបំផ្លាញទូរទស្សន៏មួយចោល។អ្នកជិតខាតបានចូលទៅឃាត់ ហើយបុរសជាប្តីបានយកដែកឆាបដេញចាក់ថែមទៀត។ ម្ចាស់ផ្ទះបានប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង។
សិស្សបួននាក់ជិះម៉ូតូបុកគ្នារបួសធ្ងន់
ស្វាយរៀង៖ សិស្សបួននាក់បានរងរបួសធ្ងន់ និងស្រាលកាលពីថ្ងៃសុក្របន្ទាប់ពីជិះម៉ូតូបុកគ្នាក្នុងស្រុកស្វាយទាប។ នគរបាលបានឲ្យដឹងថា សិស្សវិទ្យាល័យម្នាក់អាយុ២២ឆ្នាំជិះម៉ូតូតែម្នាក់ឯង។ ពេលនោះមានសិស្សបីនាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនពីក្រោយ ហើយបុកគេពេញទំហឹង បណ្តាលឲ្យដួលរបួសធ្ងន់និងស្រាលទាំងអស់គ្នា។ ពួកគេត្រូវដឹកទៅសង្គ្រោះ ហើយម៉ូតូត្រូវយកទៅរក្សាទុក។
ស្រវឹងខឹងឪពុកស្តី ដុតស្រូវចោលម៉ដ្ឋ
បន្ទាយមានជ័យ៖នគរបាលស្រុកអូរជ្រៅបានចាប់ខ្លួនបុរសអាយុ៣០ឆ្នាំម្នាក់ បន្ទាប់ពីគេខឹងឪពុកដុតស្រូវចោលកាលពីយប់ថ្ងៃព្រហស្បត្តិ៏។ នគរបាលបានឲ្យដឹងថាបុរសជាកូនបានត្រឡប់ផ្ទះវិញដោយអាការៈស្រវឹង។ ពេលនោះ ឪពុកបានស្តីបន្ទោសធ្វើឲ្យ គេ ខឹង ហើយដុតខ្ទិចស្រូវនិងអង្ករចំនួន១៣ប៉ាវ និងសំលៀកបំពាក់មួយចំនួនទៀតនៅក្នុងជង្រុកមួយ។ បន្ទាប់ពីធ្វើសកម្មភាពហើយ កូនប្រុសមិនបានរត់គេខ្លួនទេ ហើយនគរបាលបានចាប់ខ្លួនគេ។ កូនប្រុសរូបនេះបានសារភាពពីទង្វើរបស់គេ ហើយថាដោយសារ តែគេស្រវឹងខ្លាំងពេក ទើបហ៊ានដុតបែបនេះ។
មន្ត្រីអាវុធហត្ថក្របួចចោរពីរនាក់លួចកាច់សោរម៉ូតូ
ព្រះសីហនុ៖ កងរាជអាវុធហត្ថក្រុងព្រះសីហានុបានចាប់ខ្លួនបុរសពីរនាក់អាយុ២៧និង៣២ឆ្នាំ បន្ទាប់ពីពួកគេលួចម៉ូតូមួយគ្រឿង។ មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាបុរសទាំងពីរនាក់បានឃុបឃិតគ្នាកាច់សោរម៉ូតូមួយគ្រឿងរបស់ស្ត្រីម្នាក់ ហើយបានជិះគេចខ្លួន។ ប៉ុន្តែត្រូវចាប់ខ្លួនមួយថ្ងៃក្រោយមក។ ពួកគេបានសារភាព ថាបានប្រព្រឹត្ត ហើម៉ូតូនោះ ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញ។
ទើបចេញពីគុក វាយបុរសម្នាក់ របួស ម្នាក់ស្ទើសន្លប់
កំពង់ចាម: បុរសម្នាក់ ដែលទើបតែចេញពីពន្ធនាគារប្រហែលជិតមួយឆ្នាំ បានយកបង្គោលរបងវាយលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ថ្ងៃអង្គារស្ថិតនៅខាងក្រោយភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស។ក្រោយពីកើតហេតុអំពើហិង្សា វាយបង្ករបួសស្នាម ក្រុមគ្រួសារជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ខ្ចៅ គ្រាន់តែហៅភាគីទាំងពីរ មកធ្វើការសម្រុះសម្រួល និងបង្គាប់ឲ្យខាងជនបង្កចេញសំណងព្យាបាលរបួស ចំនួនប្រាំពីរម៉ឺនរៀល ឲ្យទៅខាងជនរងគ្រោះ ហើយបានឲ្យជនសង្ស័យ ដែលកំពុងស្ថិត ក្នុងការព្យួរទោសពីបទសម្លាប់មនុស្សឲ្យទៅផ្ទះវិញ មិនបានចាត់វិធានការចាប់ខ្លួនឡើយ។
ខឹងចោរលួចម៉ូតូប្អូនបាត់មកសួររកមុខចោរ រួចបាញ់នៅកន្លែងកើតហេតុអស់ជិត១០គ្រាប់
ភ្នំពេញ ៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានមកបញ្ចេញកំហឹងដោយដកកាំភ្លើងខ្លី បាញ់ចំនួន៨គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់ដោយសារខឹងនឹងចោរលួចម៉ូតូរបស់ប្អូននៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។បើ តាមសាក្សីជាម្ចាស់ផ្ទះបានឲ្យដឹងថា កាលវេលាពីវេលាម៉ោង២យប់ ថ្ងៃ២៧ ខែមេសា មានបុរសម្នាក់មកលេងបន្ទប់ជួលនៅផ្ទះកើតហេតុខាងលើបានបាត់ម៉ូតូសេ ១២៥ មួយគ្រឿង។ស្រាប់តែ នៅវេលាម៉ោង៩នឹង៣០យប់ថ្ងៃ២៨ឆ្នាំ២០១៣ មានជនមិនស្គាល់មុខជិះម៉ូតូអាសង់ មកដល់មុខផ្ទះ ក៏ដកកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។ ប៉ូលិសកំពុងតាមស៊ើបចាប់ជនសង្ស័យដែលបង្កភាចលចលរូបនេះ។
យុវជនម្នាក់ដេកសន្លប់នៅក្នុងការដ្ឋានសំណង់មានស្នាមរបួសច្រើនកន្លែង
ភ្នំពេញ ៖ យុវជនជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្នុង បន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ កាលពីថ្ងៃអង្គារ ដោយមានស្នាមរបួសក្បាលនិងផ្ទៃមុខជាច្រើនកន្លែងមិនដឹង មូលហេតុអ្វីឡើយ តែសមត្ថកិច្ចសន្និដ្ឋានថាអាចត្រូវគេកាប់ខណៈពេលជនរងគ្រោះដើរលេង ពេលយប់ម្នាក់ឯង។ ប៉ូលិសនិយាយថា កាលពីល្ងាចមុនពេលកើតហេតុជនរងគ្រោះបាន ចាកចេញពីការដ្ឋានសំណង់ថាទៅលេងផ្ទះមិត្តភ័ក្ដិតែមិនដឹងថាផ្ទះ មិត្តភ័ក្ដិនោះនៅទីណាទេ ហើយក៏គេមិនដឹងថាមានរឿងអ្វីនៅទីនោះដែរ ស្រាប់តែនៅវេលាព្រឹកព្រលឹមគេក៏ប្រទះឃើញជនរងគ្រោះមកដេកសន្លប់ នៅក្នុងរោងស្នាក់នៅក្នុងការដ្ឋានសំណង់បែបនេះតែម្ដង។ ប៉ូលិសកំពុងស៊ើបរកមូលហេតុ។
ទំនាស់ប្ដីប្រពន្ធឈានដល់ការទាញអាវុធដេញចាក់គេឯងផ្អើលផ្ទះជួលទាំងយប់
បាត់ដំបង ៖ ជនបង្កម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលចុះឃាត់ខ្លួន ទាំងយប់ដោយយោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះជួល បន្ទាប់ពីជននេះបានផឹកស្រាស្រវឹងរករឿងប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយទាញអាវុធដេញចាក់ម្ចាស់ផ្ទះជួល និងអ្នកជិតខាងផ្អើលរត់ប្រសេចប្រសាចកាលពីថ្ងៃអង្គារស្ថិត សង្កាត់អូរចារក្រុងបាត់ដំបង។ ស្ត្រី រូបនេះបានបន្តថា មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងឡូឡាបោកប្រាស់សម្ភារៈក្នុងបន្ទប់ ហើយក៏ឃើញបុរសជាប្ដីថបានលើកទូរទស្សន៍ទៅបោកចោលនៅខាងក្រៅបន្ទប់ រួចក៏ចាប់ផ្ដើមទាញដែកឆាបដែលគេបានច្នៃទុកជាអាវុធសម្ងាត់ដេញចាក់ គេឯងដែលមកជួយឃាត់ ក្នុងនោះក៏មានម្ចាស់ផ្ទះជួលផងដែរ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងចលាចលទាំងយប់។ ដោយអត់ទ្រាំនឹងអំពើទាំងនេះមិនបានគាត់ក៏ទូរស័ព្ទទៅសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍។ ប៉ូលិសបញ្ជូនជននោះទៅតុលាការ។
ចូលទៅកោសខ្យល់ខឹងអត់បានបន្ទប់ម៉ាស៊ីនត្រជាក់ឈ្លោះប្រកែកជាមួយអ្នកកោសជប់
ភ្នំពេញ ៖ បុរស២នាក់ឈ្លោះប្រកែកគ្នាជាមួយស្ត្រីអ្នកកោសខ្យល់ហើយបាន ហូតខ្សែក្រវាត់វាយស្ត្រីកោសជប់រងរបួស តែត្រូវស្ត្រីអ្នកកោសជប់ព្រួតគ្នាវាយវិញបែកចិញ្ចើម កាលពីថ្ងៃអង្គារស្ថិតនៅផ្ទះកោសជប់មួយកន្លែងក្នុង ខណ្ឌចំការមនរាជធានីភ្នំពេញ។ ប៉ូលិសនិយាយថា មុនពេលកើតហេតុភ្ញៀវជាបុរស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងបានចូលទៅរកកោសខ្យល់ ហើយសួររកបន្ទប់ម៉ាស៊ីនត្រជាក់ ប៉ុន្តែពួកគាត់បានប្រាប់ថា បន្ទប់ម៉ាស៊ីនត្រជាក់ភ្ញៀវចូលពេញអស់ហើយ នៅសល់តែបន្ទប់កង្ហារធម្មតាប៉ុណ្ណោះ ពេលនោះជនសង្ស័យក៏ ស្រាប់តែស្ទុះងើបមកឈ្លោះប្រកែកជាមួយស្ត្រីជាអ្នកកោសជប់ដោយ និយាយថា មើលងាយពួកគាត់មិនព្រមឱ្យពួកគេចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយបានហូតខ្សែក្រវាត់វាយទៅលើស្ត្រីជាអ្នកកោសជប់នោះ តែពួកនាងបាននាំគ្នាវាយវិញ បណ្តាលឱ្យបែកចិញ្ចើម។
គាស់រថយន្តលួចម៉ាស៊ីនថតត្រូវម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលភ្លាមៗ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បឹងត្របែក ភ្លាមៗ ខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចយក ម៉ាស៊ីនថតរូប នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ។ប៉ូលិសថា ជនសង្ស័យបានឃើញរថយន្តមួយគ្រឿងដែលម្ចាស់គេចត នៅមុខផ្ទះនោះ ជនសង្ស័យបានធ្វើសកម្មភាពគាស់កញ្ជាក់រថយន្តលួចយកម៉ាស៊ីនថត ពីក្នុងរថយន្តបំណងរត់គេចខ្លួន តែត្រូវម្ចាស់គេទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញព័ទ្ធចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹង ត្របែក។ ប៉ូលិសសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនគេទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់កាតាមច្បាប់។
ឃាត់ខ្លួនសន្ដិសុខក្លិបម្នាក់ពីបទវាយភ្ញៀវចូលរាំកម្សាន្ដ
ភ្នំពេញ៖ ក្រុមសន្ដិសុខម្នាក់ក្នុង ចំណោម៤នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន និង៣នាក់ទៀតបានគេចខ្លួនបាត់ បន្ទាប់ ពីប្រើអំពើហិង្សាដោយចេតនាលើក្រុម យុវជនចូលមករាំលេងកម្សាន្ដក្នុងក្លិប មួយហើយបោកកែវបែក អស់១ ព្រមទាំងជេរប្រមាថលើក្រុម សន្ដិសុខថែមទៀតផង ស្ថិតនៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ប៉ូលិសនិយាយថា ពួកគេបាន ចេញមកខាងក្រៅក្លិប ស្រាប់តែក្រុមជនរងគ្រោះបានស្រែកជេរ ធ្វើឱ្យក្រុមសន្ដិសុខទ្រាំលែងបានក៏នាំគ្នា ព្រួតគ្នាវាយបណ្ដាលឱ្យរងរបួសធ្ងន់ទាំង ៣នាក់។ក្រោយពីកើតហេតុសមត្ថកិច្ចមូល ដ្ឋានដែលនៅក្បែរនោះបានចុះមកធ្វើ អន្ដរាគមន៍ ព្រមទាំងចាប់ជនសង្ស័យ បានម្នាក់ និងជនរងគ្រោះមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីចាត់ការតាមច្បាប់ ។
ឃាត់ខ្លួនជនសង្ស័យ២នាក់គាស់រោងម៉ាស៊ីនកិនស្រួវលួចអង្ករ
ពោធិ៍សាត់ ៖ យុវជន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ទៀតត្រូវកម្លាំង នគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដោយជាប់សង្ស័យលួចគាស់រោងម៉ាស៊ីន កិនស្រូវយកអង្ករស្ថិតនៅក្រុងពោធិសាត់ កាលពីថ្ងៃអង្គារ។ ប៉ូលិសនិយាយថា ជនសង្ស័យបានគាស់ជញ្ជាំងរោងម៉ាស៊ីនរបស់ជនរងគ្រោះយកអង្ករអស់ចំនួន២បាវ ស្មើនិង១០០គីឡូក្រាមកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅពេលឃ្លាំងមិនទាន់មានអ្នកមើលការខុសត្រូវនៅពេលយប់។ ករណីនេះប៉ូលិសបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ពោធិ៍សាត់ដើម្បីបន្ដតាមនីតិវិធី ។
ប៉ុនប៉ងប្លន់ទៅលើស្ត្រីម្នាក់មិនបានសម្រេចត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន
កណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួន នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពួកបានធ្វើសកម្មភាពចាក់ស្ត្រីម្នាក់ប្លន់យកទ្រព្យសម្បត្តិ មិនបានសម្រេច កាលពីអំឡុងឆ្នាំ២០០៩ ស្ថិតក្នុងភូមិបារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃច័ន្ទ។នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៩ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៩ បានចោទប្រកាន់ឈ្មោះ អាត អៀង ហៅអួត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ពីបទប៉ុនប៉ងប្លន់ ដែលបានប្រព្រឹត្តនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ នៅភូមិបារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។ប៉ូលិសបានចាប់ខ្លួនយុវជនរូបនោះទៅតុលាការតាមការចោទប្រកាន់របស់តុលាការ។
ចាប់ខ្លួន ចោរ ២នាក់ ម្នាក់ ជំនាញលួច ម៉ាញ៉េតូ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ដែល ម្នាក់ ជំនាញខាងលួចម៉ាញ៉េតូម៉ូតូ និងម្នាក់ ទៀត ប្រើកាំភ្លើងជ័រ ដើម្បីធ្វើសកម្មភាព ប្លន់ប្រជាពលរដ្ឋ នៅ តាមផ្លូវនោះត្រូវបាន កម្លាំងនគរបាល ខណ្ឌសែនសុខ និងកម្លាំង នគរបាលមូលដ្ឋាន ឃាត់ខ្លួនបានជាបន្ដបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូង រាជ ធានី ភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់នៅខណ្ឌសែនសុខកាលពីថ្ងៃច័ន្ទ ។ មន្ដ្រីនគរបាលបានថាក្រោយការឃាត់ ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតប្រដាប់ ឆ្កឹះ ម៉ាញ៉េតូ សម្រាប់ទុកធ្វើសកម្មភាព ។ បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ កាលពី ពេលកន្លងទៅ ត្រូវ បានប្រជាពលរដ្ឋឱ្យដឹង ថា ជាចោរម្នាក់ជំនាញលួចម៉ាញ៉េតូម៉ូតូ បន្ទាប់ពីប្រជាពលរដ្ឋ ទុកម៉ូតូនៅកន្លែងណាមួយនោះ ពោលគឺគ្រាន់តែរូបគេអង្គុយលើ ម៉ូតូ គឺអាចលួចបានហើយ ។បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលា ការ ចាត់ការតាមផ្លូវ ច្បាប់ ។