អ្នក​បឹង​កក់ ជំរុញ​ ឲ្យ​រដ្ឋាភិបាល ដោះ​ស្រាយ​បញ្ចប់ វិវាទ​ដីធ្លា

ម្សិលមិញ នេះ សហគមន៍​បឹង​កក់ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់​ទង​និង​សិទ្ធិ​លំនៅឋាន​និង​ដី​ធ្លី ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់ តាម​ការ​ដាក់​បញ្ចូល​ចំនួន​គ្រួសារ​ដែល​នៅ​សល់​ទៅ​ក្នុង​ដី​អនុក្រឹត្យ​១២,៤៤ ហិកតា និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ ​។

 

វ. តា
Friday 03 May 2013
The Free Press Magazine

 

ថ្លែងនៅក្នុង​សន្និសីទ​កាសែត​ លោក ចាន់ រិទ្ធិសក្តិ តំណាង​ពី​សហគមន៍​បឹងកក់ ដែល​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​ទីតាំង​ដី​១២,៤៤​ហិកតា បាន​និយាយ​ថា ៖ «ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ខ្ញុំ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ផែនការ​នេះ​ជា​មធ្យោបាយ​ដ៏​សម​ស្រប​មួយ ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​តំបន់​បឹង​កក់ ដែល​នេះ​ជា​បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​យើង​ខ្ញុំ​ចង់​បាន»។

ចំណែកអ្នក​ស្រី ទេព វន្នី បាន​ថ្លែង​ថា ដី​ទំនេរ​ចំនួន​៤០០​ឡូត៍​នោះ គឺជា​ដី​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់ ដែល​សម្រេច​ចិត្ត​ទាំង​បង្ខំ​ក្នុង​ការ​ទទួល​យក​គោលការណ៍ ៨​ពាន់​ដុល្លារ និង​ពីរ​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​តំបន់​នេះ នៅ​មុន​ពេល​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្តី​ពី​«ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹងកក់ ដែល​ក្រោយ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទំនង​ជា​បាន​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស៊ូកា​គូអ៊ីន » ។

ក្នុងសេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​ពី​លទ្ធផល​សិក្សា​លម្អិត​មួយ នៅ​លើ​ទីតាំង​ដី​សម្បទាន​១២,៤៤​ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ផ្ដល់​ជូន​ពលរដ្ឋ​សេសសល់​ក្នុង​តំបន់​បឹង​កក់​តាម​អនុក្រឹត្យ​លេខ​១៨៣ ចុះ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១១ នោះ បាន​រក​ឃើញ​ដី​ឡូត៍​ទំនេរ​មាន​៤០០​ឡូត៍ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង​២​ហិកតា​ក្នុង​ទំហំ​ដី​នោះ។

សូមបព្ជាក់ថា គន្លងមកសហគមន៍​បឹង​កក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ជុំវិញវិវាទដីធ្លា និងសំណើរ ឲ្យ​ដោះលែង អ្នកស្រី យ៉ោម បុប្ផា តែរហូតមកដល់ពេលនេះ មិនទទួលបានដំណោះស្រាយសម​ស្រប​នោះទេ រីឯអ្នកស្រី យ៉ោម បុប្ផា នៅជាប់​ពន្ធនាគារ​នៅ​ឡើយដែរ ដោយសារ​តែ​ការ​តវ៉ា​នៅ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន ទើបពួក​គាត់​នាំគ្នា​ធ្វើ​សន្និសីទ​កាសែត ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ ៕

សហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ា នាពេលគន្លងមក

 

What Next?

Recent Articles