ភ្នំពេញ: សារមន្ទីរមួយនៅញូយ៉ក សហរដ្ឋអាមេរិក ឈ្មោះ The Metropolitan Museum of Art (Met) បានយល់ព្រមបញ្ជូនត្រឡប់ឲ្យកម្ពុជាវិញនូវរូបចម្លាក់ចំនួនពីរ បន្ទាប់ពីពួកគេទទួលបានភស្តុតាងដែលជឿបានថា ចម្លាក់ទាំងពីរត្រូវបានគេលួចនិងរត់ពន្ធចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Los Angeles Times។
ថ្ងៃទី 4 ឧសភា 2013
ដោយ: CEN
ចម្លាក់ខ្មែរសតវត្សទី 10 ដែលគេស្គាល់តាមឈ្មោះហៅថា Kneeling Attendants បានដាក់តាំងនៅច្រកចូលទៅកាន់វិចិត្រសាលអាស៊ីអគ្នេយ៍របស់សារមន្ទីរ Met អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយចម្លាក់នេះស្ថិតក្នុងចំណោមវត្ថុដែលមានតម្លៃបំផុតក្នុងតំបន់ដែលសារមន្ទីរមាន។
ចម្លាក់ត្រូវបានទទួលក្នុងសភាពបែកបាក់ក្នុងរវាងឆ្នាំ 1987 និងឆ្នាំ 1992 ដែលជាការបរិច្ចាគជាចម្បងពីលោក Douglas Latchford ដែលជាអ្នកប្រមូលសន្សំទុកជនជាតិអង់គ្លេសដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ដែលជាអ្នកនៅកណ្តាលនៃការស៊ើបអង្កេតសហព័ន្ធមួយទៅលើវត្ថុបុរាណដែលលួចពីប្រាសាទបុរាណកោះកេររបស់ខ្មែរ។
មន្ត្រីកម្ពុជាបានប្រកាសកាលពីខែមិថុនាឆ្នាំមុនថា កម្ពុជានឹងស្វែងរកការបញ្ជូនត្រឡប់មកវិញនៃរូបចម្លាក់នោះ។ នៅពេលនោះមន្ត្រី Met បាននិយាយថា ពួកគេមិនមានព័ត៌មានបង្ហាញថារូបចម្លាក់នោះត្រូវបានគេលួចនោះទេ។
កាលពីថ្ងៃសុក្រ Met មិនបានឲ្យព័ត៌មានលម្អិត ទៅលើអ្វីដែលឲ្យសារមន្ទីរសម្រេចចិត្តថាបញ្ជូនរូបចម្លាក់ត្រឡប់ឲ្យកម្ពុជាវិញនោះទេ តែតាមការកត់សម្គាល់របាយការណ៍សារព័ត៌មានថ្មីៗនេះនិងព័ត៌មានដែលបានផ្តល់ដោយមន្ត្រីអង្គការយូណេស្កូ គឺសារមន្ទីរបានស៊ើបអង្កេតពីការលួចនេះនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យរបស់សារមន្ទីរ Met លោក Harold Holzer និយាយថា ”អ្វីដែលខ្ញុំអាចនិយាយបានគឺថាមានភស្តុតាងគ្រប់គ្រាន់ដែលផ្តល់ពន្លឺ” ៕Th
