ថ្ងៃទី 4 ឧសភា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: សន្និសីទថ្នាក់អន្តរជាតិមួយ ស្តីពីសិទ្ធិទទួលព័ត៌មាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងកិច្ចសហការរវាងអង្គការសហប្រជាជាតិទទួលបន្ទុកការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ (UNESCO) ស្ថានទូត ប្រទេសស៊ុយអ៊ែត និងវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
គោលបំណងនៃការធ្វើសន្និសីទនេះ គឺដើម្បីបង្កើតកិច្ចសន្ទនាក្នុងចំណោមក្រសួង ស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលពាក់ព័ន្ធនានា អំពីបញ្ហា និងការប្រឈមនានា ដែលជាប់ទាក់ទងទៅនឹងការអនុម័តច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន កម្រិតស្តង់ដារអន្តរជាតិមួយ ក្នុងប្រទេសកម្ពុជា។
អ្នកជំនាញជាតិ និងអន្តរជាតិ មកពីប្រទេសស៊ុយអ៊ែត ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និងហ្វីលីពីន នឹងចែករំលែកបទពិសោធន៍របស់ពួកគេអំពីការធ្វើសេចក្តីព្រាង ការអនុម័ត និងអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសរបស់ពួកគេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងសមាជិកសភា នឹងមានវត្តមានក្នុងសន្និសីទនេះ ហើយក៏រំពឹងផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាបិទសន្និសីទនេះ៕ S