សហគមន៍​ការពារ​ព្រៃ​ឈើ​អណ្ដូងបរ​បារម្ភ​ពី​ការ​រុករាន​ព្រៃ​ពង្រីក​ដី​ចម្ការ

សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​ឈ្មោះ​អណ្ដូងបរ កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ ដោយ​ថា​រយៈពេល ៩​ឆ្នាំ​មក​នេះ ផ្ទៃដី​សហគមន៍​បាន​បាត់បង់​ជាច្រើន​រយ​ហិកតារ ដោយសារ​តែ​សកម្មភាព​កាប់​រាន​យក​ដី។

 

ដោយ ហង្ស សាវយុត
2013-05-04
RFA


ស្តាប់សំឡេង ថតសំឡេង

តំណាង​សហគមន៍​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ពួក​គេ​ក្នុង​កិច្ច​ការពារ​ព្រៃ​សហគមន៍​នៅ​ទីនោះ​ឱ្យ​បាន​គង់វង្ស​ត​ទៅ​មុខ។

តំណាង​សហគមន៍​ព្រៃ​ឈើ​នៅ​ឃុំ​បេង នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បាន​ចូល​ទៅ​រុករាន​ព្រៃ​ក្នុង​តំបន់​សហគមន៍​របស់​គេ ដើម្បី​ពង្រីក​ផ្ទៃ​ដី​ធ្វើ​ចម្ការ។

អនុប្រធាន​សហគមន៍​ព្រៃ​ឈើ​អណ្ដូងបរ គឺ​លោក លន់ លឿង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៤ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា កន្លង​ទៅ សហគមន៍ និង​អាជ្ញាធរ​ឃុំ​បេង បាន​ឃាត់​គ្រឿងចក្រ​ចំនួន ៦​គ្រឿង ដែល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ភ្នំស្រុក បាន​នាំ​យក​ទៅ​ឈូស​ឆាយ​ព្រៃ​សហគមន៍ ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​ចម្ការ។

អនុប្រធាន​សហគមន៍​ដដែល​បាន​បញ្ជាក់​ថា គ្រឿងចក្រ​ទាំង​នោះ​បាន​ឈូស​រាន​ព្រៃ​សហគមន៍​ប្រមាណ ២០​ហិកតារ។ បើ​ទោះ​បី​ជា​សហគមន៍​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គ្រឿងចក្រ​ទាំង​នោះ​ឱ្យ​ឈប់​បន្ត​ឈូស​ឆាយ​នៅ​មុន​ពេល​ដោះលែង​ក៏ដោយ ក៏​នៅ​តែ​មាន​សកម្មភាព​លួច​ឈូស​ព្រៃ​សហគមន៍​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ៖ «ព្រួយ​បារម្ភ​ដែរ ដូច​ថា ខំ​ថែ​រក្សា​បាន​យូរ​មក​ហើយ ដល់​ពេល​ខាង​បន្ទាយមានជ័យ គេ​មាន​គ្រឿងចក្រ​ឈូស​លួច​លាក់​ផ្ទៃដី​សហគមន៍​អណ្ដូងបរ នោះ។ គេ​នៅ​តែ​រុករាន​ទៀត​ធ្វើ​ចម្ការ»

អភិបាល​ស្រុក​បន្ទាយអំពិល លោក ហាំង ម៉េង បាន​មាន​ប្រសាសន៍​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ គឺ​មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​នៃ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បាន​ជញ្ជូន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ដំឡូង នៅ​ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​នោះ​មែន ហើយ​ការ​ឈូស​ឆាយ​ខ្លះ​បាន​រំលោភ​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍។

លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បន្ទាយអំពិល បាន​ចាត់​វិធាន​ការ​ចំពោះ​ការ​ឈូស​ឆាយ​ចូល​តំបន់​ព្រៃ​សហគមន៍​នេះ ដោយ​បាន​ជួប​ជជែក​គ្នា​ជាមួយ​នឹង​អភិបាល​ស្រុក​ភ្នំស្រុក៖ «ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ស្រុក​ភ្នំស្រុក ឱ្យ​គាត់​ជួយ​សហការ​ណែនាំ​បង​ប្អូន​ប្រជាពលរដ្ឋ​ខាង​គាត់​ហ្នឹង ឱ្យ​បាន​ដឹង​ថា ដី​ព្រៃ​សហគមន៍​យើង​នៅ​ចំណុច​ណា កុំ​ឱ្យ​ចូល​មក​ព្រៃ​សហគមន៍។ បើ​គាត់​ចូល​មក វា​ជា​ការ​ខុស​ឆ្គង ហើយ​ខាង​គាត់​ក៏​បាន​ចូលរួម​ការងារ​ហ្នឹង​ហើយ។ អីចឹង​គិត​ថា វា​មាន​ប្រសិទ្ធភាព​ឱ្យ​តែ​យើង​ធ្វើ​ការងារ​រួម​ហ្នឹង»

ចំណែក​លោក ហង់ សំអុល ជា​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​បន្ទាយអំពិល បាន​ឱ្យ​ដឹង​ថា លោក​កំពុង​ធ្វើ​របាយការណ៍​ស្ដីពី​ប្រជាពលរដ្ឋ​ខេត្ត​ផ្សេង ដែល​ឈូស​ឆាយ​រំលោភ​ចូល​តំបន់​ព្រៃ​សហគមន៍​នេះ​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​ឡើយ។

តំណាង​សហគមន៍​ព្រៃ​ឈើ​អណ្ដូងបរ បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៤ គេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួល​យក​ផ្ទៃដី​ទំហំ​ជាង ៦.១១០​ហិកតារ ដើម្បី​ការពារ​ព្រៃ​ឈើ។ ក៏ប៉ុន្តែ រយៈពេល ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដី​ព្រៃ​សហគមន៍​បាន​បាត់បង់​ប្រមាណ ៨០០​ហិកតារ ដោយសារ​តែ​កង​ទាហាន​បាន​ចូល​ទៅ​បោះ​ជម្រក និង​ផ្នែក​ខ្លះ​ទៀត​ត្រូវ​ឯកជន​ឈូស​រំលោភ​យក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

2 Responses to "សហគមន៍​ការពារ​ព្រៃ​ឈើ​អណ្ដូងបរ​បារម្ភ​ពី​ការ​រុករាន​ព្រៃ​ពង្រីក​ដី​ចម្ការ"

  1. CPP says:

    ដោយការយកចិត្ត ទុកដាក់លើងកងទ័ព និងក្រុមគ្រួសារ សម្តេចបានបង្កើតភូមិឃុំអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសសង់ផ្ទះជូនគ្រួសារទ័ព ផ្តល់ដី បង្កបង្កើនផល ផ្តល់អង្ករជារៀងរាល់ខែ ផ្តល់អណ្តូងទឹករាប់រយអណ្តូង។ រដូវរងាលោកជំទាវបានផ្តល់អាវរងា រដូវ ភ្លៀងលោកបានផ្តល់អាវភ្លៀងកៅស៊ូតង់ ដល់កងទ័ពជួរមុខគ្រប់ៗគ្នា។

  2. CPP says:

    សូមចាប់អារម្មណ៍ពីគណបក្សប្រជាជន និង សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។