ឈ្មួញលួចនាំសត្វមាន់ និងជ្រូកវៀតណាម ចូលមកកម្ពុជាតាមច្រករបៀងខេត្តកំពង់ចាម រាប់សិបតោនក្នុងមួយយប់ៗ

កំពង់ចាម: សត្វ​មាន់ និង​ជ្រូក​រស់ ដែល​ក្រុម​ឈ្មួញ បាននិងកំពុង​លួច​ដឹកជញ្ជូន​សត្វ​មាន់ និង​ជ្រូក​រស់ តាម​រថយន្ត និង ម៉ូតូ​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ រាប់សិប​តោនក្នុង​មួយ​យប់ៗ ចន្លោះ​ពី​ម៉ោង ១០ ទៅ​ម៉ោង ១ រំលងអធ្រាត្រ​។

 

ថ្ងៃទី 9 ឧសភា 2013
ដោយ: កងមាស
CEN

សត្វ​ទាំងនោះ គេ​សង្ស័យថា ទំនង​ជាមាន​ផ្ទុកមេរោគ​ស្រាប់ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខាង​ពេទ្យសត្វ​របស់​កម្ពុជាធ្វើការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឡើយ បែរជា​បណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​យកទៅលក់​គ្រប់ទិសទី​ក្នុងប្រទេស​នេះ​។​
​    ​
​តាម​ប្រភពព័ត៌មាន​ដែល​សិ្ន​ទ្ធ​នឹង​ឈ្មួញ​នាំ​មាន់ និង​ជ្រូក​ពី​ប្រទេស​វៀតណាម បាន​ប្រាប់ CEN ថា ការដែល​គេ​អាច​នាំ​សត្វ​មាន់​ទាំង​រស់ ចូល​ស្រុក​ខ្មែរ​បាន​នេះ គឺ​ដោយសារតែ​ពួកគេ​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​តាម​ច្រករបៀង ដូចជា ច្រក​ត្នោត ឬ​ច្រក​អន្លង់​ជ្រៃ ក្នុង​ទឹកដី​ស្រុក​ពញាក្រែក , ច្រក​ដូង ៧ ដើម និង​ច្រក ៧​មករា ក្នុងស្រុក​មេមត់​។ ពិសេស​ឈ្មួញ​ទាំងនោះ ផ្តល់​លុយ​ឲ្យទៅ​មន្ត្រី​ពេទ្យសត្វ ក្នុង​មួយ​រថយន្ត​ដឹក​សត្វ​មាន់​រស់ ចំណុះ​ចាប់ពី បួន​-​ប្រាំ​តោន គឺ​ពីមួយ​លាន ទៅ​ជាង​មួយ​លាន​រៀល​។ ចំណែក​ឈ្មួញ​ដឹក​តាម​ម៉ូតូ​មួយគ្រឿងបាន​ជ្រូក​ចំនួន ពីរ​ក្បាល​វិញ គឺ​ដឹក​តែ​ពេល​ថ្ងៃ យកទៅលក់​គ្រប់​ខេត្ត​ជាប់​នឹង​ខេត្តកំពង់ចាម​។​
​    ​
​ជាក់ស្តែង កាល​ពីម៉ោងជាង ១០ យប់​ថ្ងៃទី​៤ ​ខែឧសភា ​ឆ្នាំ​២០១៣ អ្នកសារព័ត៌មាន បាន​ប្រទះ​រថយន្ត​ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស​មួយគ្រឿង ចំណុះ​ប្រាំ​តោន លេខ​កំពង់ធំ 3A 2852 ដឹក​សត្វ​មាន់​រស់​ពេញ កំពុង​ឈប់​ចត​នៅ​ចំណុច​ប៉ុស្តិ៍​ប៉ូលិស​ច្រកទ្វារ​ត្នោត ឬ​ច្រក​អន្លង់​ជ្រៃ ស្ថិតក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ខណៈនោះ សមត្ថកិច្ច​ប្រចាំ​ប៉ុស្តិ៍ បាន​បើក​បា​រ៉ា​ស់​ឲ្យចូល​ដី​ខ្មែរ តែ​នៅពេល​អ្នកសារព័ត៌មាន​ថត​ផ្តិត​យក​រូបភាព មន្ត្រី​ប្រចាំ​ការដែល​គ្មាន​ឯកសណ្ឋាន​ច្បាស់លាស់​បាន​ទាញ​បា​រ៉ា​ស់បិទ​វិញ ហើយបញ្ជា​ឲ្យ​រថយន្ត​ដឹក​មាន់​ពី​ប្រទេស​វៀតណាម ថយក្រោយ​ចូល​តំបន់ស ប្រហែល​៣០​ម៉ែត្រ ពី​បា​រ៉ា​ស់​ឈប់​ស្ងៀម​នៅ​ទីនោះ​។​
​    ​
​ប្រភពព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​នាំ​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជាតាម​ច្រក​ខាងលើ​មានឈ្មោះ គង់​, ឈ្មោះ សាត , ឈ្មោះ ពេជ្រ , ឈ្មោះ ក្រី និង ឈ្មោះ ចេ​ន ជា​មេខ្លោង​ដែលមាន​ទីលំនៅ​ក្បែរ​ផ្សារ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក​។ ឈ្មួញ​ទាំងនោះបាន​ប្រើ​រថយន្ត​ចំណុះ​ចាប់ពីពីរ​តោន​កន្លះ ទៅដល់​ប្រាំ​តោន​ ដោយ​ធ្វើ​សកម្មភាព​ពេលយប់ ចន្លោះ​ពី​ម៉ោង ១០ ដល់​ម៉ោង​១ រំលងអធ្រាត្រ ក្នុង​មួយ​យប់ ពី បួន​-​ប្រាំ រថយន្ត​។ ចំណែក​សកម្មភាព​លួច​នាំចូល​សត្វ​ជ្រូក​រស់​របស់​ប្រទេស​វៀតណាមចូល​កម្ពុជា​វិញ ក្នុង​មួយ​យប់ មួយ​រថយន្ត​ផ្ទុក​ពី ៧០-១០០ ក្បាល ដែលមាន​ឈ្មួញ​ឈ្មោះ ណា​ង ជា​អ្នក​នាំយកទៅ​ចែកចាយ​នៅ​ជិត​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ​។ រីឯ​ពេល​ថ្ងៃដឹក​តាម​ម៉ូតូ​មួយគ្រឿង​ផ្ទុក​បាន ពីរ ក្បាលជ្រូក មួយថ្ងៃ​ពី ១០-១៥ គ្រឿង ចេញ​តាម​ច្រក​បុស​តា​កុក ស្រុក​មេមត់​។​
​    ​
​លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ​បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បាន​ឆ្លើយ​ប្រាប់ CEN កាលពី​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០១៣ ថា ពិតជា​មានសត្វ​ជ្រូក​រស់​ឆ្លងដែន​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រករបៀង​ក្នុង​ខេត្តកំពង់ចាម​មែន​។ ប៉ុន្តែ​សកម្មភាព​ដឹក​តាម​ម៉ូតូ​តែប៉ុណ្ណោះ​ មិនមែនជា​ទ្រង់ទ្រាយ​ធំ​ទេ​។ ចំណែក​ព័ត៌មាន​ដែលថាមាន​ឈ្មួញ​លួច​ដឹក​សត្វ​ជ្រូក​រស់តាម​រថយន្ត​ក្នុង​មួយ​យប់​ពី ៧០-១០០ ក្បាល និង ថា​មាន​សត្វ​មាន់​រស់ នាំចូល​ពី​វៀតណាម​ដែរ​ពី បួន​-​ប្រាំ ឡាន ដែលមាន​មន្ត្រី​ខាង​លោក​បាន​យកលុយ​ពីមួយ​លាន ទៅជាង​មួយ​លាន​រៀល​ក្នុង​មួយ​ឡាន​នោះ លោក​អត់​បានដឹង​រឿង​ហ្នឹង​ទេ​។​
​    ​
​លោក នង ម៉េង​ហ៊ាង ​បាន​ឆ្លើយ​បកស្រាយ​ទៀតថា កន្លងមក ខាង​លោក​ធ្លាប់បាន​ដេញ​បង្ក្រាប​អ្នក​ដឹក​សត្វ​ជ្រូក ដែល​ដឹក​តាម​ម៉ូតូ​ពី​វៀតណាម​មក​លក់​នៅ​ខេត្តកំពង់ចាម មក​ធ្វើ​កិច្ចសន្យា​ដែរ តែ​ពួកគេ​មិន​រាងចាល​ឡើយ​។ ឯ​ករណី​ឈ្មួញ​លួច​ដឹក​សត្វ​ជ្រូក​រស់ និង​មាន់​រស់​តាម​រថយន្ត​នៅពេល​យប់នោះ ខាង​លោក​នឹង​ចាត់វិធានការ​បង្ក្រាប ហើយ​រឿង​ថា​មាន​មន្ត្រី​ជំនាញ​ទទួល​លុយ​ពី​ឈ្មួញ ដើម្បី​ឲ្យ​គេ​ដឹក​សត្វ​ជ្រូក​រស់ និង​សត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាមមក​កម្ពុជា​នោះ លោក​នឹង​ស៊ើបអង្កេត​៕ S

ទិដ្ឋភាព​រថយន្ត​លេខ​កំពង់ធំ 3A 2852 កំពុង​ឈប់​ចត​នៅ​ចំណុច​ច្រក​ត្នោត ឬ អន្លង់​ជ្រៃ​ស្ថិតក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក កាលពី​យប់​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៣

សកម្មភាព​របស់​សម​ត្ថ​កិច្ច​ក្រៅ​ឯកសណ្ឋាន​កំពុង​ឈរ​យកលុយ​ពី​អ្នក​ដឹក​សត្វ​ជ្រូក​រស់​តាម​ម៉ូតូ​ពី​ប្រទេស​វៀតណាម ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ក្រែក ស្រុក​ពញាក្រែក​កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣​

 

What Next?

Recent Articles