គ​.​ជ​.​ប​ ទទួលស្គាល់គណបក្សនយោបាយ​ចំនួន​ ៥ ជា​ផ្លូវការ​ ក្នុង​ការចូលរួម​បោះឆ្នោត

ភ្នំពេញ: អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ លោក​ ទេព នីថា បាន​មានប្រសាសន៍​ថា ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា មក​ដល់​ត្រឹម​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ប្រព្រឹត្តទៅ​ល្អ​។​ ក្នុងនោះ គ.ជ.ប. បានទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយ ចំនួន ៥។

 

ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​ជ
CEN

​លោក ទេព នីថា បានបញ្ជាក់​ថា រហូត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​គណបក្ស​ចំនួន​៦ ត្រូវបាន​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ គ​.​ជ​.​ប បាន​យល់ព្រម​លើ​បញ្ជី​បេក្ខជន នៃ​គណបក្ស​ចំនួន​៥ ហើយ​នៅសល់តែ​គណបក្ស សង្គ្រោះ​ជាតិមួយ​ទេ ដែល គជប កំពុង​តែ​ពិនិត្យ​មើល​ឯកសារ​។​

​គណបក្សនយោបាយ​ចំនួន​៥ ដែល គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​ ក្នុង​ការចូលរួម​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ រួមមាន គណបក្ស ប្រជាជន​កម្ពុជា គណបក្ស សញ្ជាតិ​កម្ពុជា គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងគណបក្ស ហ្វ៊ុន​ស៊ិនប៉ិច។ គណបក្សទាំង៤នេះ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង ​២៤ ​មណ្ឌល​ខេត្តរាជធានី។

​ចំណែក​គណបក្ស សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោតបានតែ ​២២ ​មណ្ឌល​តែប៉ុណ្ណោះ​។ ដោយសារតែ​មានមណ្ឌល​ចំនួន​២ គឺ​មណ្ឌល​​ខេត្ត​កំពង់ចាម និង​កែប ត្រូវបាន គ​.​ជ​.​ប បដិសេធ ​ដោយសារតែ​មិន​បាន​បំពេញ​​ឯកសារ​ ឲ្យបាន​គ្រប់គ្រាន់​។

ដោយឡែក ​គណបក្ស សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​​ឯកសារ ចុះបញ្ជី​ឈ្មោះ​គណបក្ស និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត កាល​ពីរ​សៀ​ល​ ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៣ នៅពេលនេះ គ​.​ជ​.​ប កំពុង​តែ​ពិនិត្យ​មើល​ឯកសារ​។

ដំណើរការចុះឈ្មោះគណបក្សនយោបាយ និង​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី២៩​មេសា ដល់​ថ្ងៃទី១៣​ឧសភា ឆ្នាំ២០១៣។ រីឯ​ការ​បោះឆ្នោត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ២០១៣៕

 

What Next?

Recent Articles