ក្រុម​តារា​ចម្រៀង​បែប​រ៉ុក Cartoon Emo ទទួល​ជំនួយ​ពី​ស្ត្រី​អាមេរិក

Monday, 13 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

អ្នក​ស្រី អង្គ ឃីម (​ស្លៀក​ពាក់​ហូល​អាវ​ប៉ាក់​) និង​សមា​ជិក​ក្រុម Cartoon Emo ទាំង​៥​រូប​​​។ រូបថត សេត គឹមសឿន

អ្នក​ស្រី អង្គ ឃីម (​ស្លៀក​ពាក់​ហូល​អាវ​ប៉ាក់​) និង​សមា​ជិក​ក្រុម Cartoon Emo ទាំង​៥​រូប​​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រុម​តារា​ចម្រៀង​បែប​រ៉ុក ដំបូង​គេ ដែល​អាច​ឈរ​ជើង​ល្បី​មធ្យម​នៅ​លើ​ទីផ្សារ​កម្ពុជា​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​ក្រុម Cartoon Emo ហាក់​មាន​ទឹក​មាត់​លេប​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​តារា​ចម្រៀង​បែប​រ៉ុក​មួយ​ក្រុម​នេះ​បាន​ទទួល​ដុំ​ប្រាក់​មួយ​កញ្ចប់​ធំ​ពី​នារី​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​តារា​ចម្រៀង​វ័យ​ក្មេង​មួយ​នេះ​មាន​លទ្ធភាព​បើក​ផលិតកម្ម​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដោយ​ដាក់​ឈ្មោះ​ថា KD Extreme Entertainment ។

ក្រុម Cartoon Emo ដែល​ទើប​ផ្តាច់​ចេញ​ពី​ផលិតកម្ម​ស្វាង​តារា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្រុម​តារា​ចម្រៀង​បែប​រ៉ុក​ដំបូង​គេ​ដែល​អាច​មាន​លទ្ធភាព​ឈរ​ជើង​បាន​គ្រាន់​បើ​នៅ​ក្នុង​ទីផ្សារ​សិល្បៈ​កម្ពុជា ខណៈ​ពេល​ដែល​បទ​ចម្រៀង​បែប​រ៉ុក​មួយ​នេះ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មិន​ទាន់​មាន​ការ​ពេញ​និយម​ស្តាប់​នៅ​ឡើយ​នោះ ដោយ​សារ​តែ​បទ​ច្រៀង​នេះ​ភាគ​ច្រើន​មាន​ការ​បញ្ចូល​ភ្លេង​ច្រើន​ប្រភេទ​រួម​គ្នា​រញ៉េ​រញ៉ៃ និង​មាន​ភ្លេង​ញាក់​កន្ត្រាក់​ហួស​ហេតុ​នោះ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា គេ​សង្កេត​ឃើញ​ថា ក្រុម​តារា​ចម្រៀង Cartoon Emo ហាក់​ទទួល​បាន​ការ​គាំទ្រ​ច្រើន ខណៈ​ក្រុម​តារា​ចម្រៀង​ប្រភេទ​នេះ​ជា​ច្រើន​បាន​បរាជ័យ និង​បំបែក​ក្រុម​ជា​ហូរហែ​កាល​ពី​ពេល​កន្លង​មក​នោះ​។



ជា​ញឹកញយ​ក្រុម​តារា​ចម្រៀង​នេះ​បាន​ទទួល​ការងារ​ច្រៀង​នៅ​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​នានា​ជាច្រើន​ផង​ដែរ ហើយ​ដោយ​សារ​ស្នាដៃ​នេះ​ហើយ ទើប​ក្រុម​តារា​ចម្រៀង​មួយ​នេះ​មាន​ឱកាស​បាន​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​។ ជាមួយ​នឹង​ទេពកោសល្យ​នៃ​ការ​សម្តែង​ច្រៀង​នេះ​ហើយ ទើប​អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍ និង​មាន​បំណង​ជួយ​ជំរុញ​ឲ្យ​ក្រុម​តារា​ចម្រៀង​វ័យ​ក្មេង​មួយ​ក្រុម​នេះ​មាន​កេរ្តិ៍​ឈ្មោះ​បន្ថែម​។ ជាក់​ស្តែង​ក្រោយ​ពី​បាន​សិក្សា​ពី​ស្នាដៃ​ក្រុម​តារា​ចម្រៀង​នេះ​ហើយ ទើប​អ្នក​ស្រី អង្គ ឃីម ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​លើ​ទឹក​ដី​អាមេរិក បាន​ចំណាយ​ពេល​វេលា និង​ប្រាក់​កាស​ជា​ច្រើន​សន្ធឹក​សន្ធាប់​ផ្ទាល់​ខ្លួន​បើក​ផលិតកម្ម​មួយ​ឈ្មោះ KD Extreme Entertainment កាលពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៣ ដើម្បី​ផ្តល់​ជា​ជម្រក​ដ៏​កក់​ក្តៅ​សម្រាប់​ក្រុម​តារា​ចម្រៀង​រ៉ុក​ខ្មែរ​មួយ​នេះ​អាច​មាន​លទ្ធភាព​ពង្រឹង​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​។

អ្នក​ស្រី អង្គ ឃីម អគ្គ​នាយក​ផលិតកម្ម KD Extreme Entertainment បាន​និយាយ​ថា៖«​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ឆ្ងល់​ថា បង​ប្អូន​ខ្មែរ​យើង​ក៏​មាន​សមត្ថភាព​ដែរ តែ​ហេតុ​អ្វី​មិន​អាច​ធ្វើ​បាន​ដូច​ប្រទេស​គេ ដូច្នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​សម្រេច​ចិត្ត​ជួយ​ក្រុម Cartoon Emo ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​បញ្ចេញ​ស្នាដៃ​សិល្បៈ របស់​ពួក​គេ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ជាក់​ជា​មិន​ខាន​។

ជាមួយ​គ្នា​នោះ លោក សាន់ សុវណ្ណឌីន ដែល​ជា​នាយក​រង​ផលិតកម្ម KD Extreme Entertainment និង​ជា​ប្រធាន​ក្រុម Cartoon Emo បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី អង្គ ឃីម គឺ​ជា​អាណិក​ជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ស្រី​ក៏​ជា​អ្នក​ធានា​ក្រុម​តារា​ចម្រៀង​កម្ពុជា​ទៅ​សម្តែង​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​ហើយ​ការណ៍​ដែល​អ្នក​ស្រី​សម្រេច​ជួយ​ក្រុម​របស់​លោក​ក៏​ព្រោះ​តែ​អ្នក​ស្រី​ស្រឡាញ់​សិល្បៈ​ជាតិ ដែល​នោះ​ក៏​ស្រប​គ្នា​នឹង​ការងារ​អ្នក​ស្រី អង្គ ឃីម នៅ​សហរដ្ឋ​អាមេរិក​ជា​អ្នក​រៀប​ចំ​កម្មវិធី​កម្សាន្ត​នានា ជា​អ្នក​ថត​ស្ប៉ត និង​កម្មវិធី​នានា។

ជាមួយ​ជម្រក​ដ៏​កក់​ក្តៅ និង​ឯករាជ្យ​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​ការ​គាំទ្រ​បទ​ចម្រៀង​បែប​រ៉ុក​ច្រើន​ក្តី​តែ​លោក សុវណ្ណ​ឌីន បាន​បញ្ជាក់​ថា៖«​យើង​ដឹង​ពី​ទំនោរ​របស់​បង​ប្អូន​ខ្មែរ តែ​ខ្ញុំ​ជឿ​ជាក់ ថា​ក្រុម​របស់​ខ្ញុំ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​ពួក​គាត់​នឹង​គាំទ្រ​ពួក​ខ្ញុំ​នៅ​ពេល​ខាង​មុខ​មិន​ខាន»៕


 

What Next?

Recent Articles