គ្រូពេទ្យ​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ​យក​កូ​ន​​មក​វះ​កាត់​មាត់​ឆែប​​ដោយ​ឥត​គិត​ថ្លៃ

គ្រូពេទ្យ​ជំនាញ​វះ​កាត់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នា​រាជ​ធានី​ភ្នំពេញ អំពាវនាវ​ដល់​ឪពុក​ម្ដាយ​ដែល​មាន​កូន​ឆែប​មាត់ និង​ក្រអូម ឱ្យ​មក​ទទួល​យក​សេវា​វះកាត់​ដោយ​មិន​គិត​ថ្លៃ។

 

ដោយ ឡេង ម៉ាលី
2013-05-13
RFA

សាស្ត្រាចារ្យ​រង និង​ជា​អនុ​ប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ឡុង វណ្ណា ជូន​ដំណឹង​ថា ឪពុក​ម្ដាយ​ដែល​មាន​កូន​ឆែប​មាត់ អាច​ពិគ្រោះ​នៅ​មន្ទីរ​ពេទ្យ​ផ្ទាល់​រាល់​ថ្ងៃ​សុក្រ ឬ​សួរ​ព័ត៌មាន​អំពី​សេវា​វះ​កាត់​ឥត​គិត​ថ្លៃ​នេះ​តាម​ទូរស័ព្ទ​លេខ ០១២ ៦៦៧ ៤៣៤ និង​លេខ ០១៧ ៩៨៩ ៦៩១។ ការ​វះកាត់​នឹង​ធ្វើ​នៅ​អាយុ ៥​ខែ។

លោក​វេជ្ជបណ្ឌិត ឡុង វណ្ណា៖ «យើង​ដាក់​កម្មវិធី​ដេរ​បិទ​បបូរ​មាត់​ឱ្យ​គាត់​នៅ​អាយុ ៥​ខែ នៅ​ពេល​ដែល​គាត់​បាន​ទម្ងន់ ៥​គីឡូ​ឡើង​លើ ព្រោះ​អី​ពេល​ហ្នឹង​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​កុមារ​ដែល​ត្រូវ​ទទួល​រង​ថ្នាំ​សន្លប់ ដើម្បី​ធ្វើ​ការ​វះកាត់​ហ្នឹង។ កុមារ​ដែល​មាន​ឆែប​បបូរ​មាត់​ផង ឆែប​ក្រអូម​មាត់​ផង ក្រោយ​ពី​ដេរ​បបូរ​មាត់​ហើយ ៦​ខែ​មក​ទៀត មាន​ន័យ​ថា អាយុ ១​ខួប យើង​នឹង​ផ្ដល់​សេវា​ដេរ​ក្រអូម​មាត់​ជូន។ ជា​បន្ត​បន្ទាប់​មក​ទៀត យើង​នឹង​ប៉ះ​អញ្ចាញ​ធ្មេញ ហើយ​និង​កែ​មុខ​មាត់​គាត់ បើ​សិន​គាត់​មិន​​ស្អាត​ទាំ​ស្រុង។ កុមារ​ជាតិ​យើង​ខ្ញុំ​តែង​បាន​ទទួល​ក្មេង​ដែល​កើត​មក​ឆែប​ហ្នឹង មក​ចុះ​ឈ្មោះ​តាំង​ពី​កើត​បាន​បី​បួន​ថ្ងៃ ដប់​ថ្ងៃ​ ឬ​កន្លះ​ខែ​អី ដែល​គាត់​ដឹង គាត់​មក​ចុះ​ឈ្មោះ​ទុក ហើយ​យើង​នឹង​រៀប​ចំ​កម្មវិធី​វះកាត់​ឱ្យ​គាត់​បណ្ដើរៗ»

លោក​វេជ្ជបណ្ឌិត ឡុង វណ្ណា មាន​ប្រសាសន៍​ថា បបូរ​មាត់ និង​ក្រអូម​ឆែប​របស់​កុមារ ប៉ះពាល់​ចំពោះ​កុមារ។ ជា​ពិសេស ប៉ះពាល់​ដល់​ការ​រៀន​និយាយ​របស់​កុមារ នៅ​អាយុ ១​ខួប។

លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា កម្មវិធី​វះកាត់​មាត់​ឆែប​ឥត​គិត​ថ្លៃ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ធ្វើ​បន្ត មិន​កំណត់​ចំនួន ឬ​ពេល​វេលា​ទេ។ មន្ទីរពេទ្យ​នេះ​បាន​ផ្ដល់​ការ​វះកាត់​ដល់​កុមារ​ជាង ១​ពាន់​នាក់​ហើយ ចាប់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩៩ មក។ លោក​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​ទារក​ឆែប​មាត់​ម្នាក់ ក្នុង​ចំណោម​ទារក​កើត​រស់​ចន្លោះ​ពី ៥០០ ទៅ ៨០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles