ពលករ​ខ្មែរ​១៤​នាក់​ត្រូវ​គេ​ល​ក់​ឲ្យ​ចុះ​ទូក​ពី​ថៃ​​ទៅ​ឥណ្ឌូនេស៊ី

កំពតៈ ក្រុម​គ្រួសារ​ពលករ​ចំណាក​ស្រុក​កំពុង​ព្យាយាម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ក៏​ដូច​ជា​រដ្ឋាភិបាល​ដើម្បី​ជួយ​សង្គ្រោះ​សាច់​ញាតិ​របស់​ពួក​គេ​ឲ្យ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រោយ​ពី​ទទួល​ដំណឹង​ថា ពលករ​ចំនួន​១៤ នាក់​ត្រូវ​បាន​គេ​លក់​ឲ្យ​ចុះ​ទូក​នេសាទ​ថៃ ឆ្លង​ដែន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី។

 

Monday, 13 May 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

​ពល​ករ​ត្រូវ​បាន​គេ​ជួញ​ដូរ​នៅ​ថៃ​ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​វិញ​កន្លង​មក​។ រូបថត មិនា

​ពល​ករ​ត្រូវ​បាន​គេ​ជួញ​ដូរ​នៅ​ថៃ​ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​វិញ​កន្លង​មក​។ រូបថត មិនា

ពលករ​ដែល​សុទ្ធ​តែ​ជា​បុរស​ទាំង​១៤​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា​មាន​អាយុ​ចាប់​ពី​១៦ ដល់​៤២ ឆ្នាំ​ហើយ​ភាគ​ច្រើន​មាន​វ័យ​ខ្ទង់​ជាង​២០​ឆ្នាំ​បាន​ចាក​ចេញ​ពី​ភូមិ​កំណើត​ស្ថិត​ក្នុង​ភូមិ​ដំណាក់​ត្រយឹង ឃុំ​តាកែន ស្រុក​ឈូក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​តាម​រយៈ​មេ​ខ្យល់​ម្នាក់​បាន​ប្រមូល​អ្នក​ភូមិ​ឲ្យ​ធ្វើ​ការ​នៅ​ថៃ ដោយ​សន្យា​ផ្តល់​ប្រាក់​កម្រៃ​៣៥០ បាត ក្នុង​មួយ​ថ្ងៃ។

អ្នក​ស្រី ជា រ៉ន ហៅ​រឿន អាយុ ៣៣ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា អ្នក​ស្រី​បាន​ទទួល​ទូរស័ព្ទ​ពី​ប្តី​ឈ្មោះ​ទូច ធឿន ហៅ​ជឿន អាយុ ៣៦ ឆ្នាំ ទាក់​ទង​មក​ពី​ប្រទេស​ថៃ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១១ ឧសភា​ក្នុង​សំឡេង​អួល​ដើម​ក ព្រោះ​ដឹង​ខ្លួន​ថា ខ្លួន​កំពុង​ត្រូវ​គេ​បោក​យក​មក​លក់​បន្ត​ចេញ​ពី​កន្លែង​ផែ​ត្រី​ទៅ​កាន់​ទូក​នេសាទ។ អ្នក​ស្រី​និយាយ​ថា៖ «ទាំង​ប្តី​និង​ប្អូន​ប្រុស​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ​ទិត្យ ស៊ីថាញ់ អាយុ ១៦ឆ្នាំ​បាន​ចុះ​ទូក​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​ថា គេ​នឹង​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​ឥណ្ឌា ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ គាត់​និយាយ​រាង​យំ អួល​ដើម​ក​ហើយ​ថា គេ​បង្ខំ​ឲ្យ​គាត់​និង​អ្នក​ចុះ​ទូក​ឯ​ទៀត​លេប​ថ្នាំ​២​គ្រាប់​ក្នុង​មួយ​ថ្ងៃ​មិន​ដឹង​ថា​ថ្នាំ​អី​ទេ​?»។

អ្នក​ភូមិ​ម្នាក់​ទៀត​អ្នក​ស្រី កាក់ ភេន អាយុ ៤០ឆ្នាំ មាន​កូន​ប្រុស​ឈ្មោះ សួន វ៉ាន់​ដា អាយុ ១៧ ឆ្នាំ ឲ្យ​ដឹង​ថា ដោយ​សារ​ជីវភាព​ទី​ទាល់​ក្រ​ខ្លាំង​ពេក កូន​អ្នក​ស្រី​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី៥ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ភូមិ ទៅ​រក​លុយ​នៅ​ថៃ​។ អ្នក​ស្រី​បន្ត​ថា៖«​ខ្ញុំ​មិន​ដឹង​ថា​ទៅ​ឆ្លង​ដែន​ខុស​ច្បាប់​អី​ទេ ឯ​កូន​ខ្ញុំ​នៅ​ក្មេង​ឮ​តែ​បាន​ប្រាក់​ខែ​ច្រើន​ក៏​ទៅ​តាម​គេ​ព្រោះ​ធ្វើ​ស្រែ​មិន​គ្រប់​ហូប​ទេ​»។

បើ​តាម​អ្នក​ភូមិ ពលករ​ទាំង​១៤ នាក់​នោះ​ត្រូវ​បាន មេ​ខ្យល់​ម្នាក់​ឈ្មោះ អ៊ឹម ប្រុស មាន​វ័យ​ប្រមាណ​៤០ឆ្នាំ​រស់​នៅ​ស្រុក​ជុំគិរី នាំ​ចេញ​ពី​ភូមិ​តាម​រថយន្ត​ទៅ​ដល់​ច្រក​បឹង​ត្រកួន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ឆ្លង​ដែន​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ថៃ។

លោក អ៊ឹម ប្រុស មេ​ខ្យល់​ក្នុង​ករណី​ខាង​លើ បាន​ថ្លែង​ថា លោក​ក៏​មិន​ដឹង​ថា​ពលករ​ទាំង​១៤ នាក់​នោះ​ត្រូវ​គេ​នាំ​ចេញ​ទៅ​ទីណា​ដែរ ព្រោះ​មាន​មេ​ខ្យល់​ម្នាក់​ទៀត​ទាក់​ទង​មក​លោក​ឲ្យ​ជួយ​រក​មនុស្ស​ឲ្យ​ហើយ​សន្យា​ឲ្យ​កម្រៃ​ជើង​សា​ខ្លះ តែ​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ទេ​។ លោក​បន្ថែម​ថា៖«តាម​ខ្ញុំ​ដឹង​គេ​អត់​លក់​ពួក​គេ​ទេ គ្រាន់​តែ​ចុះ​ទូក​ទៅ​ឆ្ងាយ​ពី​ផែ​បន្តិច​ទេ នឹង​វិល​មក​វិញ​តែ​នៅ​ពេល​គេ​ទាក់​ទង​មក​ខ្ញុំ​គេ​និយាយ​ថា​មនុស្ស​ទាំង​នោះ នឹង​មិន​ឲ្យ​ទៅ​ណា​ឆ្ងាយ​ឡើយ​។ ឥឡូវ​មាន​បង​ប្អូន​គេ​ទាក់​ទង​មក​រក​រឿង​ខ្ញុំ ខ្ញុំ​ក៏​ពិបាក​ចិត្ត​ណាស់​ដែរ ព្រោះ​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​ខ្ញុំ​ដើរ​ប្រមូល​អ្នក​ភូមិ»។

លោក នូ ប៉ាវ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​តាកែន បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​នាំ​គ្នា​មក​ប្តឹង​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ទាក់​ទង​ទៅ​ថ្នាក់​លើ​បន្ត​ទៀត​។ លោក​បាន​និយាយ​ថា៖«​ពលរដ្ឋ​ទាំង​នេះ​ក្រ​ណាស់ បើ​ឮ​ថា​រក​លុយ​បាន​នាំ​គ្នា​ទៅ​ហើយ​»។

លោក មឿន តុលា ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ថ្លែង​ថា លោក​កំពុង​ឲ្យ​បុគ្គលិក​អង្គការ​ទាក់ទង​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​លើ​ករណី​ខាង​លើ​នេះ។

លោក​មឿន តុលា​បាន​ថ្លែង​បន្ត​ថា ៖ «យើង​មើល​ឃើញ​ថា ចំណាក​ស្រុក​ខុស​ច្បាប់​នៅ​តែ​កើន​ឡើង​មិន​ថយ​ចុះ​សោះ ព្រោះ​អ្នក​ភូមិ​មាន​កូន​ច្រើន តែ​គ្មាន​ដី​ធ្វើ​ស្រែ​គ្រប់​គ្រាន់​ចិញ្ចឹម​ជីវិត​ទេ​ឯ​ការងារ​ក្នុង​ស្រុក ដូច​ជា​ធ្វើ​ការ​សំណង់​រក​លុយ​បាន​តិច​ជាង​ទៅ​ធ្វើ​ការ​នៅ​ថៃ។ អ៊ីចឹង​នេះ​ជា​រឿង​ពិបាក​ទប់​ស្កាត់​»។ លោក​គូស​បញ្ជាក់​បន្ត​ទៀត​ថា ការ​សូក​ប៉ាន់​មន្ត្រី​តាម​ច្រក​ព្រំដែន​និង​ការ​អនុវត្ត​ការ​ទប់​ស្កាត់​ពលករ​ខុស​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​ចំណាក​ស្រុក​នៅ​តែ​កើន​ឡើង​ផង​ដែរ​។

លោក ជីវ ផល្លី អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​នៃ​ក្រសួង​មហា​ផ្ទៃ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ​ប៉ុន្តែ​លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​គ្រួសារ​ពលករ​ទាំង​នោះ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឃុំ​ស្រុក ឬ​ខេត្ត ឬ​ក៏​អាច​ទាក់ទង​មក​លោក​ផ្ទាល់​ក៏​បាន​ដើម្បី​ឲ្យ​មន្ត្រី​តាម​ខ្សែ​បណ្តោយ​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ​៕

 

What Next?

Recent Articles