Monday, 13 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ព្រៃវែងៈ តារាសម្តែងដែលស័ក្តិសមនឹងភាពឆ្នាស់ឆ្នើមឥតខ្ចោះនាង ស្វែង សុជាតា កំពុងបញ្ចេញទឹកភ្នែកហូរគ្មានរនាំងទប់ដោយសារតែលោកឪពុកដែលជាអ្នកមានគុណប៉ុនភ្នំព្រះសុមេរុ បានទទួលមរណភាពកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។
កាលពីថ្ងៃទី៩ ឧសភា តារាសម្តែងនាង ស្វែង សុជាតា ត្រូវលេចមុខនៅក្នុងកម្មវិធី អប្សរា Award របស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប៉ុន្តែតារារូបនេះបានសុំផ្អាកវិញជាបន្ទាន់ដោយសារតែនាងបានទទួលព័ត៌មានពីខេត្តព្រៃវែង ដែលជាស្រុកកំណើតថា ឪពុករបស់នាងបានទទួលមរណភាពហើយ។
ជាមួយនឹងទុក្ខសោកនេះ អ្នកនាង ស្វែង សុជាតា ក៏នៅមានស្មារតីទទួលខុសត្រូវដែរ ដោយនាងបានទូរស័ព្ទមកប្រាប់អ្នករៀបចំកម្មវិធីសុំផ្អាកកម្មវិធីដែលនាងទទួលជាមួយនឹងសំឡេងទួញសោកយំគគ្រូកថា ឪពុកខ្ញុំស្លាប់ហើយកាលពីយប់មិញ។
ឪពុកអ្នកនាង ស្វែង សុជាតា មានឈ្មោះសោម ស្វែង អាយុ៨៤ឆ្នាំ។ អ្នកសិល្បៈ ក៏ដូចជាទស្សនិកជនទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ៕

