ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី ភាព ប្រមូល​ទិញ​និង​បង្កើត​រោង​កែច្នៃ​វល្លិ​រមៀត

Tuesday, 04 June 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ទីតាំង​ផលិត​ប្រេងវល្លិរមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក ទំនប់​​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ ។ រូបថត សហ​ការី

ទីតាំង​ផលិត​ប្រេងវល្លិរមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក ទំនប់​​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ ។ រូបថត សហ​ការី

ភ្នំពេញៈ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់​លោក​ឧកញ៉ា ​ទ្រី ភាព ទី​ប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រមូល និង​កែ​ច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ ស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​និង​អនុញ្ញាត​ឲ្យ​បង្កើត​រោង​កែច្នៃ​វល្លិ​រមៀត​ដែល​មិន​ប៉ះពាល់​មជ្ឈដ្ឋាន​ព្រៃ​ឈើ​និង​បរិស្ថាន ខណៈ​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ហាម​កាល​ពី​ឆ្នាំ​២០០៥ ដោយ​សារ​ជា​សារធាតុ​ផ្សំ​អាច​ផលិត​ជា​គ្រឿង​ញៀន​។ នេះ​បើ​យោង​ទៅ​តាម​ឯកសារ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​ម្សិលមិញ។

យោង​តាម​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឡោ រស្មី អគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៣ បាន​ជម្រាប​ជូន​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ថា យោង​តាម​ចំណារ​លោក​រដ្ឋ​មន្ត្រី ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ចុះ​ថ្ងៃ​ទី០១ ខែ​មីនា​ឆ្នាំ​២០១៣​លោក​ជម្រាប​ជូន​លោក​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ជ្រាប​ថា ចំពោះ​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូល និង​កែចៃ្ន​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន អឹម ឌី អេស​យោង​តាម​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឡោ រស្មី អគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០១៣ បាន​ជម្រាប​ជូន​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល ព្រៃ​ឈើ​ថា យោង​តាម​ចំណារ​លោក​រដ្ឋ​មន្ត្រី ក្រសួង​កសិកម្ម​និង​នេសាទ​ចុះ​ថ្ងៃ​ទី០១ ខែ​មីនា ឆ្នាំ ២០១៣ ចំពោះ​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូល និង​កែចៃ្ន​វល្លិ​រមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន​អឹម ឌី អេស អាហ័រណ​នីហរ័ណ​នោះ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្រេច​ឯកភាព​មតិ​រដ្ឋបាល​ព្រៃឈើ។

នៅ​ក្នុង​លិខិត​ដដែល​នោះ​បាន​សរសេរ​ទៀត​ថា​៖ «អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អឹម ឌី អេស អាហ័រណ​នីហរ័ណ​ប្រមូល និង​កែច្នៃ​វល្លិ​រមៀត និង​អនុញ្ញាត​ឲ្យ​បង្កើត​រោង​កែច្នៃ​វល្លិ​រមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ដែល​មិន​ប៉ះពាល់​មជ្ឈដ្ឋាន​ព្រៃឈើ​និង​បរិស្ថាន​ដើម្បី​បង់​ថ្លៃ​សួយ​សារ​និង​បុព្វលាភ​ចូល​ថិវកា​រដ្ឋ»។

ឡោ រស្មី អគ្គ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ជាប់​រវល់​ប្រជុំ​»។ រីឯ​លោក ឆេង គឹមស៊ុន ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។

តំណាង​ក្រុមហ៊ុន​អឹម ឌី អេស អាហរ័ណ នីហរ័ណ ប្រចាំ​នៅ ខេត្ត​ពោធិ៍សាត់​ដែល​បដិសេធ មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ការ​ប្រមូល​ទិញ​អនុផល​ព្រៃ​ឈើ​នោះ​ពុំ​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ព្រោះ​វា​ខុស​ពី​សារធាតុ​គ្រឿង​ញៀន​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖​«​យើង​មិន​ផលិត​សារធាតុ​ញៀន​នោះ​ទេ​បើ​យើង​ល្មើស​ច្បាប់​ក្រសួង​មិន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នោះ​ទេ​»។

យោង​ទៅ​តាម​ច្បាប់​ព្រៃ​ឈើ​នៅ​ក្នុង ជំពូក​ទី៨ ស្តី​ពី​ការ​ហាម​ឃាត់​ការ​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​និង​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​មាត្រា​ទី ៣២​ ចំណុច​ទី ៥ បាន​ចែង​ថា​ បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំពុល​ឬ​បំផ្លាញ​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ រី​ឯ​ជំពូក​ទី ១៥ ស្តី​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ទោសប្បញ្ញត្តិ នៅ​ក្នុង​មាត្រា​ទី ​៩៧ បាន​ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី ១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំ នឹង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ដក​ហូត​កិច្ច​ព្រម​ព្រៀង​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​ជា​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​មូលដ្ឋាន​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី ១ ​មិន​រាង​ចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​នៃ​បទ​ល្មើស​ថ្នាក់​ទី ​១ ​នៃ​ច្បាប់​នេះ​។

យោង​ទៅ​តាម​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា​ឆ្នាំ ២០០៥ បាន​ស្នើ​សុំ​ឲ្យ អគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ សុំ​បញ្ឈប់​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ និង​វល្លិ​រមៀត​ពី​ព្រោះ ប្រេង​ម្រះ​ព្រៅ​និង​វល្លិ​រមៀត​គឺជា​ធាតុ​ផ្សំ​ផលិត​គ្រឿង​ញៀន​ពេល​ដែល​លាយ​ជាមួយ​នឹង​អាស៊ីត។

លោក ឈឹម សាវុធ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា យោង​លើ​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ គឺ​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​ផលិត​ម្សៅ វល្លិ​រមៀត​នោះ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​«​ចំពោះ​លិខិត​អនុញ្ញាត​ដែល​ទើប​តែ​ចេញ​ឲ្យ​លោក ឧកញ៉ា​ទ្រី ភាព ប្រមូល​ទិញ​និង​កែ​ច្នៃ​រល្លិ៍​រមៀត ព្រម​ទាំង​អនុញ្ញាត​ឲ្យ​បង្កើត​រោង​កែ​ច្នៃ​វល្លិ​រមៀត​នោះ​គឺ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំង​ស្រុង ហើយ​ប្រេង​ម្រះ​ព្រៅ​និង​វល្លិ​រមៀត​នេះ​គឺ​អាច​នាំ​ចេញ​ទៅ​ផ្សំ​ជា​សារធាតុ​គ្រឿង​ញៀន​ដូច្នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​មនុស្ស»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា វល្លិ​រមៀត​ដែល​ក្រុមហ៊ុន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​នោះ​គឺ​តម្លៃ​ត្រឹម​តែ ៣០០​រៀល​ទៅ​៥០០​រៀល​ហើយ​ការ​ប្រមូល​ទិញ​វល្លិ​រមៀត​នោះ​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣​ រហូត​មក​ដល់​បច្ចុប្បន្ន​ជា​ពិសេស​នៅ​ក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ថ្ម​បាំង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ទី​តាំង​រោង​កែ​ច្នៃ​វល្លិ​រមៀត​ចំនួន​ពីរ​កន្លែង​ដែល​ទី​តាំង​ទី ១ ស្ថិត​នៅ​ក្នុង​ឃុំ អូរសោម ត្រង់​ចំណុច​ស្ទឹង​ត្រចាន់ និង​ទីតាំង​ទី​ពីរ​ស្ថិត​នៅ​ក្នុង​ឃុំ​ប្រមោច ស្រុក​វាល​វែង​នៅ​ត្រង់​ភូមិ​ផ្ចឹក​ជ្រុំ ភូមិ​ឈើ​ទាល​ជ្រុំ​ជាប់​និង​ក្រុមហ៊ុន​តែ​ម្តង​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​គោលដៅ​របស់ លោក​ឧកញ៉ា ទី្រ ភាព​គឺ​ដាំ​ដំណាំ​កៅស៊ូ ម្រេច តែ​សកម្មភាព​ដែល​គាត់​ធ្វើ​គឺ​ដើរ​ទិញ​ឈើ​ប្រណីត​គ្រប់​កន្លែង​ដើម្បី​នាំ​ចេញ​ទៅ​វិញ​ យើង​មិន​ដឹង​ថា ​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​ថ្នាក់​ណា​នៅ​ក្នុង ជួរ​រដ្ឋាភិបាល​ទេ ដែល​គាត់​ធ្វើ​អ៊ីចឹង​បាន»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​តំបន់​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​ព្រៃ​ឈើ​និង​អង្គការ​ស៊ី​អាយ ហើយ​ក៏​មាន​ច្បាប់​ព្រៃ​ឈើ​តែ​កន្លង​មក​មន្ត្រី​មួយ​ចំនួន​ដែល​បាន​រួម​គ្នា​បំផ្លាញ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​គឺ​ពុំ​ដែល​ទទួល​ទោស​ទណ្ឌ​នោះ​ទេ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​នឹង​រលាយ​ឆាប់ៗ​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ​បញ្ហា​ដែល​នឹង​ជួប​ប្រទះ​នៅ​ពេល​អនាគត​នោះ​គឺ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ទេ ពីព្រោះ​ឈ្មួញ​រក​ស៊ី​ល្មើស​ច្បាប់​គេ​នឹង​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ហើយ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​មហា​សេដ្ឋី»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា លោក​ឧកញ៉ា​ទ្រី ភាព ​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ប្រមូល​និង​កែ​ច្នៃ​វល្លិ​រមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី​ផ្តាច់​មុខ ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ក្នុង​ស្រុក​រវៀង​និង​ស្រុក​ជ័យសែន​នៅ​ក្នុង​ខេត្ត ព្រះ​វិហារ​ទៀត​ផង និង​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ជម្រក​សត្វ​ព្រៃ​បឹងពែរ នៅ​ខេត្ត​ព្រះ​វិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស ខេត្ត​ពោធិ៍សាត់៕

 

What Next?

Recent Articles