បណ្តាញ​ការពារ​បរិស្ថាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ឲ្យ​ការពារ​ធនធាន​ធម្មជាតិ

Wednesday, 05 June 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

បណ្តាញយុវជនការពារបរិស្ថានហែរក្បួន​ដាក់​ញត្តិ​ជូន​រដ្ឋសភា។ រូបថត ម៉ៃ វីរៈ

បណ្តាញយុវជនការពារបរិស្ថានហែរក្បួន​ដាក់​ញត្តិ​ជូន​រដ្ឋសភា។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​បណ្តាញ​​យុវជន​ការពារ​បរិស្ថាន​ប្រមាណ​ជាង ១០០​នាក់ បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ខុស​ច្បាប់ និង​ត្រួត​ពិនិត្យ​ដី​សម្បទាន ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។

ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ បាន​លើក​បដា និង​ពាក្យ​ស្លោក ពាក់​ព័ន្ធ​ទៅ​នឹង​ការកាប់បំផ្លាញ ធនធាន​ធម្មជាតិ​ព្រៃឈើ សត្វព្រៃ និង​ការសង់​ទំនប់​វារី​អគ្គិសនីដែលប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង ធន​ធាន​ទឹក។

កាលពីម្សិលមិញ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​នាក់​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ទន្លេ​មេគង្គ និង​តាម​ដៃ​ទន្លេ​នៃ​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា​បាន​​ជួប​ប្រជុំ​គ្នា​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​វេទិកា​ថ្នាក់​តំបន់​មួយ ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថ្មីៗ នៅ​តាម​ដង​ទន្លេ​មេគង្គ និង ទន្លេ​នានា​នៅ​ក្នុង​កម្ពុជា។

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​លេច​ឡើង​នូវ​គម្រោង​វារី​អគ្គិសនី​ថ្មីៗ ជា​ពិសេស​គម្រោង​សាង​សង់​វារី​អគ្គិសនី សេសាន​ក្រោម ២ បាន​បង្កើន​ក្តី​កង្វល់​ដល់​ជីវិត​ដែល​រស់​តាម​ដង​ទន្លេ​នោះ។

យោង​តាម​របាយ​ការណ៍​ស្រាវ​ជា្រវ​លើ​សហគមន៍​ជាង ៣៥​កាល​ពី​ខែ​មិនា ឆ្នាំ​២០១៣ របស់​អង្គការ វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​បី គឺ​ទន្លេ​សាសាន ទន្លេ​សេកុង ទន្លេ​ស្រែពក​នៅ​តំបន់​ភាគ​ឦសាន្ត​កម្ពុជា កំពុង​នឹង​បំផ្លាញ​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ និង​ធន​ធាន​ធម្មជាតិ​នៅ​តាម​តំបន់​នោះ។

 

What Next?

Recent Articles