Wednesday, 05 June 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដំណើរវិលមកកាន់ឆាកសិល្បៈលាងភាពអាស្រូវមានផ្ទៃពោះគ្មានប្តីមិនទាន់នឹងបាត់ក្លិនផង ស្រាប់តែល្បីតារាចម្រៀងនាង សុខ ពិសី បង្កាត់ភ្លើងស្នេហ៍ជាមួយបុរសខ្មែររស់នៅប្រទេសអាមេរិកហើយបានណាត់ជួបគ្នានៅភ្នំពេញជាញឹកញាប់ទៀតផង។ ប៉ុន្តែយ៉ាងណា នាងបានទទួលស្គាល់ថា នាងធ្លាប់ជួបបុរសអាណិកជនខ្មែរអាមេរិកនៅភ្នំពេញមែន តែមិនជួបក្នុងលក្ខណៈស្នេហាឡើយ។
មិនទាន់ទាំងបានកន្លះឆ្នាំស្រួលបួលផង ដែលតារាចម្រៀងយុវវ័យនាង សុខ ពិសីទទួលបានភាពស្រស់ស្រាយ និងក្តាប់បានឱកាសការងារសិល្បៈយ៉ាងជោកជាំវិញក្រោយពេលនាងរងការចោទប្រកាន់យ៉ាងអាម៉ាស់ថាមានផ្ទៃពោះទាំងខ្លួនមិនទាន់មានដំណឹងចូលរោងការនិងសម្ងំលាក់ខ្លួននោះ។
នៅដើមខែមិថុនានេះខណៈដែលនាងសុខ ពិសីកំពុងត្រៀមចិត្តត្រៀមកាយឡើងគ្រងតំណែងជាតួឯកធំក្នុងខ្សែភាពយន្តខ្នាតធំថ្មី ដែលផលិតកម្មសាន់ដេផលិតនោះ ស្រាប់តែផ្ទុះចេញនូវព័ត៌មានថា តារាចម្រៀងសម័យថ្មីនាងសុខ ពិសីមានស្នេហាលួចលាក់ជាមួយបុរសខ្មែររស់នៅអាមេរិកដែលអ្នកទាំងពីរក៏ឧស្សាហ៍មានឱកាសជួបគ្នានៅភ្នំពេញផងដែរ។
ឆ្លើយប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញ សុខ ពិសី បានសារភាពថា៖«ក្រោយពីខ្ញុំវិលមកប្រឡូកក្នុងឆាកសិល្បៈវិញនេះ ខ្ញុំធ្លាប់បានជួបអ្នកមកពីក្រៅស្រុកមែន។ ខ្ញុំធ្លាប់ជួបនឹងបុរសខ្មែរអាមេរិកម្តងជាពីរដងដែរ តែមិនមែនទៅជួបគាត់តែម្នាក់ឯងទេ ខ្ញុំមានឪពុកនិងក្រុមគ្រួសារទៅដែរ ហើយបុរសនោះគឺមិនមែនគូស្នេហ៍អីណាទេ គឺជាអ្នកស្ពនស័រតារាទៅច្រៀងនៅក្រៅប្រទេសគាត់ចង់បានខ្ញុំចេញទៅច្រៀងនៅក្រៅទើបខ្ញុំទៅជួបនោះ»។
នាងបានបញ្ជាក់ថា៖«មកដល់ពេលនេះខ្ញុំមិនដែលមានស្នេហាជាមួយបុរសណាអ្នកក្នុងនិងក្រៅស្រុកណាឡើយ នៅទទេស្អាតបេះដូងបរិសុទ្ធណាស់មិនដូចពាក្យគេនិយាយទេ ខ្ញុំមិនទាន់ចង់មានស្នេហាទេ ចង់នៅប្រឡូកក្នុងសិល្បៈឲ្យបានច្រើនជាងនេះ»។
យ៉ាងណាក៏ដោយនាងក៏បានទទួលស្គាល់ផងដែរថា វត្តមាននាងវិលមកកាន់សង្វៀនសិល្បៈក្រោយអវត្តមានប្រមាណជា៥ខែកាលពីដើមឆ្នាំ២០១២ នោះមានសន្ទុះខ្លាំងជាងមុន។ នាងបានអះអាងថា៖«បន្ទាប់ពីខ្ញុំវិលមកកាន់ឆាកសិល្បៈវិញ ទីផ្សារសិល្បៈចម្រៀងរបស់ខ្ញុំហាក់មានសន្ទុះជាងមុនឆ្ងាយនិងគួរឲ្យកត់សម្គាល់ទាំងការងារក្នុងផលិតកម្ម ព្រមទាំងទំនាក់ទំនងចេញទៅក្រៅស្រុក»។ នាងបន្តថា៖«ក្រៅពីមានស្ពនស័រនៅក្រៅប្រទេសចាប់អារម្មណ៍ច្រើនផងនោះ ខ្ញុំក៏សង្កេតឃើញដែរថាអ្នកគាំទ្រខ្ញុំនៅតែបន្តគាំទ្រ ហើយច្រើនជាងមុនទៀតផង»។
នាងបញ្ជាក់ថា៖«ប៉ុន្តែយ៉ាងណាខ្ញុំនៅមិនទាន់មានឱកាសចេញទៅច្រៀងនៅក្រៅប្រទេសតាមការទទូចចង់បានរបស់ស្ពនស័រណាមួយនៅឡើយទេព្រោះខ្ញុំជាប់ការងារក្នុងផលិតកម្មច្រើនពិសេសជាងនេះគឺការថតភាពយន្តខ្នាតធំ របស់ផលិតកម្ម ហើយខ្ញុំជាតួឯកក្នុងរឿងនោះផង»៕