សា​រ៉ា​យ ស​ក្ខ​ណា កាន់​តែមាន​សន្ទុះ ទោះ​ដឹងថា ក្រោយពី​រៀបការ នឹង​បញ្ចប់​អាជីព

ថ្ងៃទី 8 មិថុនា 2013
ដោយ: ម្លឹះ
CEN

ភ្នំពេញ:
ទោះជា​តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា ប្រកាស​រឿង​ចូល​រោងការ និង​បញ្ចប់​អាជីព​សិល្បៈ នាពេលខាងមុខ​នេះ​ក្តី ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬក៏​ធ្លាក់​ប្រជាប្រិយភាព និង​បាត់បង់​ឱកាស​សម្តែងរ​បស់​ខ្លួន​នោះទេ ។​

​តារា​សម្តែង​ស្រី​ដែល​ទស្សនិកជន​បានដឹង​គ្រប់គ្នា​ថា កំពុងតែ​ត្រៀមខ្លួន​ចូល​រោងការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​- អាមេរិក កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា បើទោះបីជា​នាង ធ្លាប់​ចេញមុខ​ប្រកាស​យ៉ាង​ក្តែ​ងៗ ប្រាប់​ដល់​អ្នកគាំទ្រ​ថា នាង​នឹង​បញ្ចប់​អាជីព​សិល្បៈ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍ ។ ក៏ប៉ុន្តែ​ការប្រកាស​ដោយ​បើកចំហ​នេះ មិនបាន​ធ្វើឱ្យ​នាង​ធ្លាក់​ប្រជាប្រិយភាព និង​បាត់បង់​ឱកាស​សម្តែង​នោះឡើយ ។ ផ្ទុយទៅវិញ ទាំង​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង គឺ​កាន់​តែមាន​សន្ទុះ​ហក់​ឡើងជា​លំដាប់ ។​

​កាលពី​ឆ្នាំទៅ នាង​សា​រ៉ា​យ ស​ក្ខ​ណា ក៏ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​មើលឃើញថា នាង​គឺជា​តារា​សម្តែង​ស្រី​មួយ​ដួង ដែល​លេចធ្លោ​ជាងគេ ហើយ​ក៏មាន​អាទិភាព​ច្រើនជាងគេ​ផងដែរ ។
​ក្នុងការ​ដើរតួ​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​គ្រង​តំណែង​ជា​តួឯក នៅក្នុង​ខ្សែ​រឿង​ភាគ ព្រមទាំង​ខ្សែ​រឿង​ខ្នាត​ធំ​ឱ្យ​បណ្តា​ផលិតកម្ម​តូចធំ​មួយចំនួន ដូចជា ថ្មី​នេះៗ​រឿង​ដែល​នាង​ដើរតួ ត្រូវ​បានដាក់​បញ្ចាំង​តាម​បណ្តា​រោងកុន គឺ​រឿង “​កុមារី​២៥​ឆ្នាំវគ្គ​២ ” ។ ទោះយ៉ាងណា សា​រ៉ា​យ ស​ក្ខ​ណា ក៏មាន​វត្តមាន​នៅក្នុង​បណ្តា​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ផងដែរ ។​

​កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខនេះ ជាមួយនឹង លោក កែវ មេត្រី ដែលមាន​មុខងារ​ជា​មេធាវី ហើយ​បច្ចុប្បន្ន គូស្នេហ៍​របស់​នាង​ម្នាក់នេះ កំពុង​រស់​នៅឯ​សហរដ្ឋអាមេរិក ។​
​ចំពោះ​ការចំណាយ សា​រ៉ា​យ ស​ក្ខ​ណា ធ្លាប់​ប្រកាសថា ពិធីមង្គលការ​របស់​នាង​ជាមួយ​លោក​មេធាវី​ម្នាក់នេះ គ្រោង​ចំណាយលុយ​រហូត​១០​ម៉ឺន​ដុល្លារ ដើម្បីឱ្យ​ពិធីមង្គលការ​នេះ មាន​ភាព​អធិកអធម ។ ក្រោយពី​បញ្ចប់​ភាព​នៅ​លីវ ស្របតាម​ប្រពៃណី​ហើយ​នោះ នាង​នឹង​ចាក​ចេញពី​ប្រទេស​កំណើត ទៅ​រស់នៅ​ជាមួយ​ស្វាមី  ហើយនឹង​បញ្ចប់​ទាំងស្រុង​ពី​អាជីព​សិល្បៈ ៕


What Next?

Recent Articles