ពេជ្រ សោភា ធ្វើខួបកំណើតជាមួយអ្នកគាំទ្រ

ថ្ងៃទី 10 មិថុនា 2013
ដោយ: ពិទូរ្យ
CEN

 

ភ្នំពេញ:
កាលពី​រសៀល​ម្សិលមិញ តារាចម្រៀង ពេជ្រ សោភា ត្រូវបាន​អ្នកគាំទ្រ រៀបចំ​ពិធី​ខួបកំណើត ឲ្យ​តារាចម្រៀង នៅក្នុង​ដួងចិត្ត​របស់​ពួកគេ​។ ការរៀប​ចំនេះ បាន​ធ្វើឡើង​នៅក្នុង​ហាង​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ចំ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃកំណើត​របស់​នាង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ពេជ្រ សោភា បាន​សរសរ​នូវ​ពាក្យ​អរគុណ និង​ផ្តល់​អនុសាសន៍​ដល់​បណ្តា​អ្នកគាំទ្រ​(Fans)​ទាំងអស់ និង​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែលមាន Fans ប្រហែល ៣០​នាក់ “ អរគុណ ប្អូនៗ​សម្រាប់​ថ្ងៃនេះ និង​តែងតែ​គាំទ្រ ហើយ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​បង​រហូតមក​… កុំ​ភ្លេច​ណា ស្រឡាញ់​បង គឺ​ត្រូវ​ស្រឡាញ់​ក្រុមគ្រួសារ ស្រឡាញ់​ការសិក្សា ហើយ​ចាំ​ស្រឡាញ់​បង​តាម​ក្រោយ​… អរគុណ​”​។  

​ម្ចាស់​បទ “​សង្សារ​គ្រាន់តែ​ជា​អ្នកដទៃ​” រូបនេះ តែងតែ​ផ្តាំផ្ញើ​ជាមួយនឹង​សារ​ខ្លីៗ​ជូន​ដល់​យុវជន​-​យុវតី ឲ្យ​ចេះ​ស្រឡាញ់​ការសិក្សា មិនត្រូវ​សេព​គ្រឿងញៀន ជាពិសេស​អ្វីដែល​តារាចម្រៀង​រូបនេះ តែងតែ​ផ្តោត​សំខាន់ គឺ​ការដឹងគុណ និង​គោរព​ស្រឡាញ់​អ្នកមានគុណ​ជានិច្ច​។​

​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក តារាចម្រៀង​កំពុង​ពេញនិយម ពេជ្រ សោភា គេ​ឃើញ​នាង​បង្ហោះ​រូប​នំ​ខួបកំណើត​ដែល​សុទ្ធសឹង​ជា​នំ​ខួប​របស់ Fans របស់​នាង រួមជាមួយ​នឹង​កាដូ​ផ្សេងៗ​ទៀត​។
​    ​
​ទាក់ទង​នឹង​ពិធី​ដែល​រៀបចំឡើង​ដោយ Fans សម្រាប់​ខួបកំណើត​តារាចម្រៀង​ដែល​ពោរពេញ​ទៅដោយ​ក្បាច់​រាំ​ដ៏​រស់​រវើក ដែល​ទស្សនិកជន​ទស្សនា​ហើយ មិន​ចង់​ដាក់​ភ្នែក​នោះ ស៊ី​អ៊ី​អិន មិនអាច​ទាក់ទង​សុំ​ការសម្ភាសន៍​បានទេ ខណៈដែល​ទូរស័ព្ទ​របស់​នាង ចូល​ហើយ តែ​គ្មាន​អ្នក​លើក​។   

​តារាចម្រៀង​ដែល​បោះជំហាន​នៅលើ​សិល្បៈ​ជាង​១០​ឆ្នាំ​មកហើយ នាង​ពេជ្រ សោភា បាន​ឡើង​ប្រជាប្រិយភាព​ដល់​កំពូល​នៅ​ឆ្នាំ​២០០៤ នៅពេល​នាង​ចេញ​បង្ហាញខ្លួន​ជាដំបូង​នូវ​បទ​ចម្រៀង ” Better Day ” និង​បន្ទាប់មក ” បេះដូង​ត្រដរខ្យល់ “​។ ក្រៅពី​ទឹកមុខ​ពោរពេញ​ដោយ​មនោសញ្ចេតនា ពេជ្រ សោភា ថែមទាំង​ត្រូវបាន​ទទួលស្គាល់​ពី​ទេពកោសល្យ​នៃ​ក្បាច់​រាំ​តាមរយៈ​បទ ” Driving It this way ” នៅ​ឆ្នាំ​២០០៧ ហើយ​សម្រាប់​ឆ្នាំ​២០១៣​នេះ ពេជ្រ សោភា បាន​ក្តោប​តំណែង​តារា​ស្រី ដែលមាន​ក្បាច់​រាំ​ល្អផ្តាច់គេ​៕
​    ​

 

What Next?

Recent Articles