អ្នក​សារព័ត៌មាន​​មក​ពី​ ១០ ​ប្រទេស​រៀន​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ

Monday, 10 June 2013
សែន​ ដាវិត
ភ្នំពេញ ប៉ុស្តិ៍

 

នក​សារ​ព័ត៌​មាន​ទាំង​១០​ប្រទេស​ថតរូបជុំគ្នា ក្រោយ​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល។ រូបថត សែន ដាវិត

នក​សារ​ព័ត៌​មាន​ទាំង​១០​ប្រទេស​ថតរូបជុំគ្នា ក្រោយ​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល។ រូបថត សែន ដាវិត

ឥណ្ឌូ​នេស៊ីៈ អ្នក​សារ​ព័ត៌មាន​មក​ពី​១០ប្រ​ទេស​នៃ​ ទ្វីប​អាស៊ី​ បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​រាយ​ការណ៍​ព័ត៌​មាន​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​ទី​ក្រុង​ហ្សា​កា​តា​ប្រទេស​ឥណ្ឌូ​នេស៊ី​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​០៧​ខែ​ឧ​ស​ភា​ឆ្នាំ​២០១៣។​

អ្នក​សារ​ព័ត៌​មាន​ទាំង​១០​ប្រទេស​នោះ​រួម​មាន៖ ​កម្ពុជា ​ថៃ ​វៀតណាម ​ឡាវ ​ហ្វីលីពីន ​ប៉ាគីស្ថាន ​នេប៉ាល់​បង់ក្លាដេស ​ស្រី​លង្កា​ ​និង ​ឥណ្ឌា​។

ក្នុង​រយៈ​ពេល​បណ្តុះ​បណ្តាល​អ្នក​សារ​ព័ត៌មាន​បាន​ទទួល​ការ​ធ្វើ​បទ​បង្ហាញ​នា​នា​ពី​មន្រ្តី​ជំនាញ​អាកាស​ធាតុ​និង​កសិកម្ម​របស់​ឥណ្ឌូនេស៊ី​ដែល​បាន​សិក្សា​ស្រាវ​ជ្រាវ​ស្ថាន​ភាព​ទូ​ទៅ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​ទ្វីប​អាស៊ី ក៏​ដូច​ជា​របៀប​នៃ​ការ​សិក្សា​ដំណឹង​ពី​បរិស្ថាន​ពី​អ្នក​សារ​ព័ត៌មាន​ឆ្នើម​របស់​ទី​ភ្នាក់​សារ​ព័ត៌មាន​អន្តរ​ជាតិ​រ៉យ​ទ័រ។​

ជាមួយ​គ្នា​នេះ​សិក្ខា​កាម​មក​ពី​១០​ប្រទេស​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​តំបន់​ដែល​រង​គ្រោះ​ដោយ​ការ​ប្រែ​ប្រួល​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​គឺ​តំបន់​Subang ដែល​ស្ថិត​នៅ​ចំងាយ​ជា​ច្រើន​រយ​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ហ្សាកា​តា​។​

ក្នុង​នោះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រុម​អ្នក​ភូមិ​Subang បាន​ប្រែ​ក្លាយ​ជីវិត​ដែល​រង​គ្រោះ​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​មក​ជា​ជីវិត​រស់​នៅ​សម​ប្រ​កប​ដោយ​ពួក​គេ​ចេះ​ផលិត​នំ​ក្នុង​ស្រុក​ដោយ​ខ្លួន​ឯង​បន្ទាប់​ពី​មាន​គម្រោង​បណ្តាល​ប្រទេស​ដទៃ​ចូល​មក​ក្នុង​ភូមិ​Sobangនេះ​ក្នុង​ការ​ផ្តល់​ទុន​និង​ជំនាញ​វីជ្ជាជីវៈ​ផ្សេងៗ​ផង​ដែរ។។

លោក Rizaldi Boer ​អ្នក​គ្រប់​គ្រង​ពី​ហានិ​ភ័យ​នៃ​មជ្ឈមណ្ឌល​តាម​ដាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​នៃ​សកល​វិទ្យាល័យ​កសិកម្ម​Bogor នៃ​ប្រទេស​ឥណ្ឌ​នេស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ងាយ​រង​គ្រោះ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បើ​ទោះ​បី​ជា​ក្រុម​ប្រទេស​ទាំង​នោះ​មិន​មែន​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង​នៅ​បរិយា​កាស​ក៏​ដោយ​។​

លោក​ថា​ “ ជំហាន​នៃ​ការ​រង​គ្រោះ​ពី​ខ្យល់​ព្យុះ​ទឹក​ជំនន់​​ការ​ផ្លាស់​ប្តូរ​របប​ទឹក​ភ្លៀង​ភាព​រាំង​ស្ងួត​ការ​បាក់​ដី​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កត្តា​ប្រែ​ប្រួល​អាកាស​ធាតុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។

លោក​ស្រី​Johanna Son នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​IPS អាស៊ី​ប៉ា​ស៊ី​ហ្វិក​បាន​ថ្លែង​ថា​អ្នក​សារ​ព័ត៌មាន​បាន​ដើរ​តួ​នា​ទី​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​ចែក​រំលែក​ព័ត៌មាន​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​និង​ការ​វិវត្ត​របស់​វា​នៅ​លើ​ពិភព​លោក​ដល់​ប្រជា​ពលរដ្ឋ​កសិករ​ជា​ដើម​ដើម្បី​ជៀស​ផុត​ពី​ការ​គ្រោះ​ថ្នាក់​ដោយ​ជាយ​ថា​ហេតុ​។​

លោក​ស្រី​ “ ដូច្នេះ​ហើយ​ទើប​យើង​បង្កើត​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​សារ​ព័ត៌មាន​ពី​ប្រទេស​នី​មួយ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ដើម្បី​បង្កើន​ចំណេះ​ដឹង​ទទួល​បាន​បទ​បង្ហាញ​ពី​មន្រ្តី​ជំនាញ​ជា​ដើម”។

ចំណែក​លោក Jeremy Laurence អ្នក​សារ​ព័ត៌មាន​អាជីព​មក​ពី​មូល​និធី​Thomson Reuters បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា​យើង​បាន​ចែក​រំលែក​គំនិត​របៀប​សសេរ​និង​បទ​យក​ការណ៍​នានា​ស្តី​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​មក​ពី​១០​ប្រទេស​ទាំង​នោះ។

កញ្ញា Rhodina Vilanueva អ្នក​យក​ព័ត៌មាន​មក​ពី​ប្រទេស​ហ្វីលី​ពិន​បាន​និយាយ​ថា​វគ្គ​បណ្តុះ​បណ្តាល​នេះ​ពិត​ជា​សារៈ​សំខាន់​ក្នុង​ការ​យល់​ដឹង​បន្ថែម​ពី​របៀប​សសេរ​នៃ​ការ​រាយ​ការណ៍​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ព្រម​ទាំង​ជា​ឱកាស​ដែល​ប្រទេស​ទាំង​អស់​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ពី​ស្ថាន​ភាព​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ផងដែរ។

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដល់​អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​រៀប​ចំ​ឡើង​អង្គការ​IPS ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​និង​ផ្តល់​មូល​និធិ​ដោយ​Thomson Reuters.។​

 

What Next?

Recent Articles