Wednesday, 19 June 2013
Justine Drennan
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ចៅក្រមសាលាក្តីខ្មែរក្រហម បានច្រានចោលទាំងសំណើរបស់ព្រះរាជអាជ្ញា និងក្រុមមេធាវីការពារក្តីដែលស្នើសុំឲ្យទទួលទូរលេខការទូតរបស់អាមេរិកជាភ័ស្តុតាងដែលបានចេញផ្សាយកាលពីខែមេសា ដោយគេហទំព័រ WikiLeaks។
ក្នុងសេចក្តីថ្លែងរបស់ចៅក្រមដែលចេញផ្សាយនៅលើគេហទំព័ររបស់សាលាក្តី ចៅក្រមបានច្រានចោលនូវសំណើដោយឈរលើមូលដ្ឋានដែលកំណត់ត្រាទូរលេខដែលបានដាក់ជូនដោយព្រះរាជអាជ្ញាឬសំណើដាច់ដោយឡែកដាក់មកដោយក្រុមមេធាវីការពារក្តី លោក ខៀវ សំផន ពុំផ្តល់ភ័ស្តុតាងថ្មី និងថា យថាភូតនៃឯកសារគឺពិបាកនឹងផ្ទៀងផ្ទាត់។
ព្រះរាជអាជ្ញាបានស្នើតុលាការពិចារណាឯកសារទូរលេខចំនួន ២៦ ដែលផ្ញើចេញពីស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញទៅទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ១៩៧៣‑១៩៧៥ ចំណែកឯក្រុមមេធាវីការពារក្តីបានស្នើសុំឲ្យទទួលយកឯកសារទូរលេខចំនួន១២ ព្រមទាំងឯកសារទូរលេខចំនួន២ ពីឆ្នាំ ២០០៦‑២០០៧ ទាក់ទងនឹងអំពើពុករលួយនៅតុលាការ។
ក្នុងការឆ្លើយតបរបស់ខ្លួន ចៅក្រមបានសរសេរថា ដោយសារតែ«ឯកសារទូរលេខដែលបានស្នើទាំងអស់មានប្រភពពីគេហទំព័រ WikiLeaks មិនមែនចេញពីប្រភពក្រសួងការបរទេសជាផ្លូវការនោះ» តុលាការ«មិនអាចសន្និដ្ឋានថា «ឯកសារ … ជាឯកសារយថាភូតឡើយ»។ ចៅក្រមបានសរសេរទៀតថា៖ «បើទោះបីជាភាគី អាចស្នើសុំច្បាប់ចម្លងយថាភូតនៃឯកសារពីប្រភពផ្លូវការក៏ដោយ» ក៏ប៉ុន្តែ ចៅក្រមអះអាងថា«លទ្ធភាពមិនអាចទទួលបានច្បាប់យថាភូតនៃឯកសារទូរលេខទាំងនេះក្នុងរយៈពេលសមស្របទេ»។
ព្រះរាជអាជ្ញាសង្ឃឹម ប្រើប្រាស់ឯកសារទូរលេខចំនួន ២៦ ដែលពួកគេបានស្នើជាភ័ស្តុតាងនៃការសម្លាប់ទាហាន លន់ នល់ និងជនស៊ីវិលជាច្រើននាក់ ដោយខ្មែរក្រហម។ ចំណែកឯមេធាវីការពារក្តី ខៀវ សំផន សង្ឃឹមថា ឯកសារដែលគេស្នើនឹងជួយបញ្ជាក់នូវអត្តចរិតល្អរបស់លោក ខៀវ សំផន។ ទោះជាយ៉ាងណា ចៅក្រមបានសរសេរទៀតថា ខ្លឹមសារនៃឯកសារទូរលេខគឺជាខ្លឹមសារដដែល ព្រោះឯកសារទាំងនោះទំនងជាបញ្ជាក់ពីប្រវតិ្តដទៃទៀតដែលស្ថិតក្នុងសំណុំរឿងរួចហើយទាក់ទងនឹងស្ថានការណ៍នៅកម្ពុជាពីឆ្នាំ១៩៧៣ ដល់១៩៧៥។
ចំពោះឯកសារទូរលេខថ្មីៗបំផុតចំនួន ២ ចៅក្រមបានសរសេរថា ការចោទប្រកាន់អំពីភាពលម្អៀងខាងនយោបាយ និងអំពើពុករលួយនៅតុលាការគឺជាចំណុចទូទៅ ហើយក្រុមមេធាវីការពារក្តីលោក ខៀវ សំផន មិនបានបង្ហាញអំពីចំណុចពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ចំពោះការទទួលខុសត្រូវក្នុងសំណុំរឿង០០២/០១ ឬអង្គហេតុដែលកំពុងជំនុំជម្រះឡើយ៕ TK