រតនៈ វិសិដ្ឋ ប្រឹងប្រែង ដើម្បីជោគជ័យ នៅអូស្រ្តាលី

ថ្ងៃទី 2 កក្កដា 2013
ដោយ: ពិទូរ្យ
CEN

 

ភ្នំពេញ: ​បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ទៅ​សម្តែង​ច្រៀង​រាំ នៅ​ប្រទេស​ជប៉ុន​រួចមក តួឯក​សម្ដែង​ក្នុង​សាច់រឿង​បទ​ចម្រៀង​បទ “​អស់​ឱកាស​” លោក រតនៈ វិសិដ្ឋ កំពុង​រៀបចំខ្លួន ចេញទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​៦ ខែកក្កដា​ខាងមុខនេះ រួមជាមួយ​តារា​ស្រី​ប្រុស បួន​ដួង​ទៀត​។​

​ទោះបី​ជាការ​ចេញទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើកដំបូង​ក្តី តែ​តារា​បង្ហាញ​ម៉ូដ​រូបនេះ ហាក់​មាន​ភាពជឿជាក់ ហើយ​សង្ឃឹមថា បងប្អូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រាកដជា​គាំទ្រ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​រូបលោក​ជាក់​ជាមិនខាន​។​

​រតនៈ វិសិដ្ឋ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​នឹង​ប្រឹង​សម្តែង​ច្រៀង​រាំ ឲ្យ​អស់​សមត្ថភាព​តែម្តង ព្រោះ​ពួកគាត់ ដែល​រស់នៅ​ទីនោះ ប្រាកដ​គាត់​ពិតជា​ស្រលាញ់​នឹង​ចូលចិត្ត​ខ្ញុំ​ហើយ​បានជា​គាត់​យក​ពួក​ខ្ញុំ​ទៅ​។ ចឹ​ង​ហើយ​បានជា​ខ្ញុំ​សង្ឃឹមថា និង​ទទួលបាន​ផ្លែផ្កា ពេលដែល​ទៅដល់​ទីនោះ​”​។​

​រតនៈ វិសិដ្ឋ ត្រូវបាន​គេ​ស្គាល់​កាន់តែច្បាស់ តាមរយៈ​វ៉ុល​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន ក្នុង​បទ I’m Sorry  របស់ មាស សុខ​សោភា និង​បទ អស់​ឱកាស របស់លោក​ករុណា ពេជ្រ​។ ក្រៅពីនោះ លោក​ក៏បាន​លេចមុខ​មាត់​ក្នុង​វ៉ុល​មួយចំនួនទៀត​របស់​ផលិតកម្ម M និង​ផលិតកម្ម Big Man ផងដែរ​។

​តារា​សម្តែង​វ័យ ២៧ ឆ្នាំ​រូបនេះ បានចេញ​សម្ដែង​ច្រើន​ស្ទើរ​គ្រប់​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅ​ស្រុក ពិសេស​ផលិតកម្ម​ហង្ស​មាស ក្នុង​កម្មវិធី​ថត​ចូលឆ្នាំ​ជាដើម និង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង (​ភ័ព្វសំណាង​) របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​។
​ការចេញមុខ​ស្ទើរ​គ្រប់​ផលិតកម្ម​បែបនេះហើយ ដែល​បានប្រែក្លាយ​ខ្សែជីវិត​របស់​តារា​បង្ហាញ​ម៉ូត​រូបនេះ ឲ្យ​បោះ​ជំ​ហ៊ាន​បន្តិច​ម្តងៗ ដើម្បី​ឈានទៅដល់​គោលដៅ​នៃ​ភាពល្បីល្បាញ ទីបំផុត​រតនៈ វិសិដ្ឋ អាចឈាន​ជើង​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​ហូរហែរ​។

​តារា​បង្ហាញ​ម៉ូត​មាឌ​មាំ ខ្ពស់​ស្រលះ រតនៈ វិសិដ្ឋ បាន​ឲ្យ​ស៊ី​អ៊ី​អិន ដឹង​តាម​ទូរស័ព្ទ​ថា លោក​នឹង​ចាក​ចេញពី​ទឹកដី​កំណើត​នៅ​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១៣ ក្រោម​ការធានា និង​ឧបត្ថម្ភ​របស់​សមាគម​ន៍​ខ្មែរ​នៅ​អូស្ត្រាលី ដែលមាន​ឈ្មោះថា “​សមាគមន៍​ខ្មែរ​-​អូស្ត្រាលី ខាងត្បូង​” ហើយ​ការចាកចេញ​ទៅ​សម្តែង​លើក​នេះ មាន​រយៈពេល​មួយខែ​កន្លះ​។​

​នេះ​ជា​ឱកាស​ទី​២ សម្រាប់​តារា​សម្តែង​រាង​សង្ហារ រតនៈ វិសិដ្ឋ ដែល​បាន​ឈាន​ជើង​ជាន់​ទឹកដី​អូស្ត្រាលី បន្ទាប់ពី​លើកទីមួយ លោក​បាន​ចេញទៅ​ច្រៀង​រាំ នៅ​ប្រទេស​ជប៉ុន កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១២ កន្លងមក​៕​    ​

 

What Next?

Recent Articles