ស៊ុក សុភា ​ប្រពន្ធ​ពពោះ​កូន​ទី​២

Wednesday, 03 July 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

 

130703_22c

លោក ស៊ុក សុភា ថត​ជាមួយ​ភរិយា និង​​កូន​​ដំបូង​​​នៅ​ស្រុក​ខ្មែរ​។ រូបថត សហ​ការី

ភ្នំពេញៈ កំពុង​តែ​មមាញញឹក​យ៉ាង​ខ្លាំង​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឆ្នាំ​២០១៣​អ្នក​សិល្បៈ​មួយ​ចំនួន​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា តារាសម្តែង​រូប​សង្ហា ស៊ុក សុភា ក៏​កំពុង​បារម្ភ​ពី​ភរិយា​របស់​លោក​ដែល​កំពុង​តែ​ពពោះ​កូន​ទី​២។

នៅ​ក្នុង​សិល្បៈ​អ្នក​ណា​ក៏​បាន​ដឹង​ថា តារា​សម្តែង ស៊ុក សុភា មាន​តួនាទី​ធំ​ដុំ​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​លោក​ក៏​ជា​គណៈពង្រឹង​បក្ស​ប្រជាជន​នៅ​ខេត្ត​កំពត​ផង​ដែរ​ហើយ​សម្រាប់​ការ​វិល​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ គេ​បាន​ដឹង​ថា លោក​មក​ដើម្បី​ចូលរួម​នៅ​ក្នុង​ចលនា​ឃោសនា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ។

ការ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​បម្រើ​ការងារ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នៅ​កម្ពុជា​នេះ ស្រប​ពេល​ដែល​ភរិយា​របស់​លោក​គឺ​នាង សារីណា ស៊ូហ្សាណា មាន​ផ្ទៃពោះ​កូន​ទី​២​ដែរ​។ សារីណា ស៊ូហ្សាណា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បង្ហោះ​រូបថត​ពិនិត្យ​មើល​អេកូ​កូន​ប្រុស​ឬ​ក៏​ស្រី​ថា តើ​កូន​ប្រុស ឬ​ក៏​ស្រី ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ តែ​យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ នាង​មិន​បាន​បញ្ជាក់​ថា​កូន​ប្រុស ឬ​ក៏​ស្រី​នៅ​ឡើយ​។

អ្នក​នាង​ស៊ូហ្សាណា​បាន​និយាយ​ថា​៖​«​ខ្ញុំ​ចង់​បាន​កូនស្រី​ម្នាក់​ទៀត តែ​នៅ​ពេល​នេះ ខ្ញុំ​អត់ទាន់​ប្រាប់​ថា កូន​នោះ​ស្រី ឬ​ក៏​ប្រុស​ទេ ចាំ​មើល​ពេល​កើត​ដឹង​ហើយ​»។

ដោយ​ឡែក​លោក ស៊ុក សុភា វិញ ក៏​បាន​ទទួល​ស្គាល់​ថា ភរិយា​របស់​លោក​ពិតជា​ពពោះ​កូន​ទី​២​មែន តែ​លោក​ក៏​បដិសេធ​មិន​ព្រម​ប្រាប់​ថា កូន​ស្រី​ឬ​ក៏​ប្រុស​ដែរ​។ តារា​រូប​នេះ​និយាយ​ថា​៖​«​រឿង​ថា កូន​ប្រុស ឬ​ស្រី​នេះ ចាំ​មើល​ចុះ ព្រោះ​ខ្ញុំ​អត់​ហ៊ាន​និយាយ​ដែរ ខ្លាច​ខុស ហើយ​ក៏​មិន​ហ៊ាន​បញ្ជាក់​ថា ប្រពន្ធ​ខ្ញុំ​ពពោះ​ប៉ុន្មាន​ខែ​ដែរ​»។

តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​រស់នៅ​ជុំ​គ្នា​ជាមួយ​នឹង​ភរិយា និង​កូន​ៗ​វិញ​នៅ​ក្រោយ​ពេល​បោះឆ្នោត​រួច​៕

 

What Next?

Recent Articles