ថ្ងៃទី 9 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: កញ្ញា ដួង ស្រីពេជ្រ អតីតកញ្ញាឯកសំឡីអនាម័យសូហ្វី ឆ្នាំ២០១០ បានសម្ពោធហាងសំលៀកបំពាក់ តម្លៃជាង ១ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ តែក្នុងពិធីនេះ មិនសូវមានអ្នកសិល្បៈចូលរួមច្រើននោះទេ។
ក្នុងពិធីសម្ពោធហាងនេះ នាងមិនបានអញ្ជើញភ្ញៀវចូលរួមច្រើននោះទេ ដោយនាងបានហៅតែមិត្តភក្ដិស្និទ្ធៗ ប្រហែលជាង ៥០នាក់ប៉ុណ្ណោះ។

ហាងរបស់នាងមានសំលៀកបំពាក់ទាំងយុវវ័យ និងវ័យកណ្ដាល ដោយសំលៀកបំពាក់ទាំងអស់ នាងបាននាំចូលពីប្រទេសថៃទាំងអស់។
ស្របពេលដែលបើកហាងថ្មីបែបនេះ ក៏មានពាក្យចចាមអារាមថា កញ្ញា ដួង ស្រីពេជ្រ មានអ្នកឧបត្ថម្ភពីក្រោយ និងទំនុកបម្រុងឲ្យបើកមុខរបរនេះឡើង។
ប្រភពស្និទ្ធសុំមិនបញ្ចេញឈ្មោះបានទម្លាយឲ្យ CEN ដឹងថា យើងក៏អាចមើលដឹងថា នាងចូលប្រឡូកក្នុងវិស័យសិល្បៈ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានលុយបើកហាងដ៏ធំមួយ។ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ នាងក៏មិនសូវជាល្បីលេចមុខមាត់អីច្រើននោះដែរ។
ប្រភពដដែលបន្តថា មូលហេតុដែលនាងមិនហានអញ្ជើញភ្ញៀវច្រើន ក៏ព្រោះមិនចង់រំខានមិត្តភ័ក្ដិច្រើនលើកពេក ព្រោះកន្លងមក នាងឧស្សាហ៍មានកម្មវិធីច្រើនមកហើយ ណាមួយ មិនចង់ឲ្យគេដឹងលឺច្រើនពេកផង។
សព្វថ្ងៃនេះ នាងមានហាងពីរ នៅក្នុងដៃ។ ទី១ ហាងសាឡន ដែលមានទីតាំងនៅជិតផ្សារកណ្តាល និងទី២ ហាងលក់សម្លៀកបំពាក់ ទើបនឹងបើកលក់ពេលថ្មីៗនេះ។

តាមចាំមិនភ្លេច តារាសម្តែង ដើមទ្រូងធំ មូលក្បំ កញ្ញា ដួង ស្រីពេជ្រ ធ្លាប់ប្រាប់សារព័ត៌មាន ក្នុងស្រុក ចុះផ្សាយថា នាងបានដឹកដៃគ្នាជាមួយបុរសម្នាក់ និងនារីវ័យស្របាលនាងម្នាក់ទៀត ចូលហាងផឹកស៊ីមួយកន្លែង នៅខណ្ឌទួលគោក មានឈ្មោះថា “ជួបគ្នាសំឡាញ់”។ បុរសម្នាក់ ដែលទៅចូលផឹកស៊ីជាមួយនាង និងនារីម្នាក់ទៀតនោះ គេសង្ស័យថា ជាប្រុសស្នេហ៍សំណព្វចិត្តរបស់ស្រីពេជ្រ ដែលវ័យជាង ២០ឆ្នាំ និងថែមទាំងមានរាងរៅសង្ហាទៀតផង និងជាអ្នកឧបត្ថម្ភទំនុកបម្រុង ក្នុងការបើកហាងថ្មីនេះដែរ។
លើសពីនេះ ទៅទៀតប្រភពដដែល បានបង្ហើបថា បុរសម្នាក់ដែលដើរលេងចូលទៅផឹកស៊ីជាមួយកញ្ញា ដួង ស្រីពេជ្រ បានស្លៀកពាក់បែបយោធា មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ ហាក់ស្និទ្ធស្នាលឱបកៀកកិតនឹងគ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូស្នេហ៍ ដែលយល់ចិត្តថ្លើមគ្នាអីចឹង។ បន្ទាប់ពីផឹកស៊ីស្រវឹងស្រឿងៗ ពួកគេបបួលគ្នាទៅចូលរាំនៅក្នុងក្លឹបបន្តទៀត។
ទាក់ទិននឹងបញ្ហានេះ CEN បានហៅទូរស័ព្ទទៅកញ្ញា ដួង ស្រីពេជ្រ ដើម្បីសុំការបកស្រាយ តែទូរស័ព្ទនិយាយបានតែពីរបីមាត់ ក៏ដាច់ទៅវិញ។
គួររំលឹកថា កញ្ញា ដួង ស្រីពេជ្រ អតីតកញ្ញាឯកសំឡីអនាម័យសូហ្វីឆ្នាំ២០១០ ក្រៅពីជាតារាសម្ដែងខារ៉ាអូខេ និងដើរម៉ូត។ នាងក៏ធ្លាប់សម្ដែងរឿងចំនួន ២ ក្នុងនោះ មានរឿង “ផ្ការីកក្នុងចិត្ត” ចាក់ផ្សាយនៅលើកកញ្ចក់ទូរទស្សន៍CTN និងរឿង “ម្ដាយក្មេករើសកូនប្រសា” ចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍បាយ័ន៕