អ្នកចម្រៀង ៥ រូប ខកខានទៅអូស្ត្រាលី

ថ្ងៃទី 9 កក្កដា 2013
ដោយ: ពិទូរ្យ
CEN

 

ភ្នំពេញ: អ្នកចម្រៀង​ប្រាំ​រូប ដែល​បាន​រៀបចំខ្លួន​រួចរាល់ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រ​ទែស​អូស្ត្រាលី ស្រាប់តែ​ត្រូវ​ផ្អាក​ដំណើរ​វិញ ខណៈដែល​ពួកគេ មាន​អ្នកខ្លះ​ទទួលបាន​វី​សា និង​អ្នក​ខ្លះទៀត មិនទាន់បាន​នៅឡើយ​។

​អ្នកចម្រៀង និង​អ្នក​សម្តែង​ទាំង​ប្រាំ​រូបនោះ រួមមាន​៖ លោក អេ​ឡិច ចាន់​ត្រា លោក រតនៈ វិសិដ្ឋ កញ្ញា គីម លីហ្សា កញ្ញា ឆ​យី និង កញ្ញា រាជ សុគ​ន្ធី​។ អ្នក​សម្តែង និង​អ្នកចម្រៀង​ទាំង​ប្រាំ បានរៀបចំ​រួចរាល់ សម្រាប់​ដំណើរ​ទៅកាន់​ទឹកដី​កង់​ហ្កូ​រ៉ូ​មួយ​នេះ តែ​ត្រូវ​ផ្អាក​មួយរយៈ​សិន រង់ចាំ​ស្ថានទូត ផ្តល់​ទិដ្ឋាការ​ដល់​អ្នក​ដែល​មិនទាន់បាន​វី​សា​។


​ប្រភពពី​អ្នកសិល្បៈ បាន​ឲ្យ​ដឹងថា ដំណើរ​ទៅ​ច្រៀង​ក្រៅប្រទេស​លើក​នេះ អ្នក​ដែល​ទទួលបាន​វី​សា​ដំបូង​គេ មានតែ អេ​ឡិច ចាន់​ត្រា និង​កញ្ញា គីម លីហ្សា ប៉ុណ្ណោះ ខណៈដែល​អ្នកចម្រៀង និង​អ្នក​សម្តែង​បី​រូប​ទៀត ត្រូវ​រង់ចាំ​ជួប​ស្ថានទូត ដើម្បី​សម្ភាសន៍​ម្តងទៀត​។

​ប្រភព​បាន​បន្តថា អ្នក​សម្តែង និង​អ្នកចម្រៀង​ទាំង​ប្រាំ​រូប នឹងត្រូវ​រង់ចាំ​មួយរយៈ​ពេល​ខ្លី អាច​ចន្លោះ​ពីមួយ​សប្តាហ៍ ឬ​ពី​សប្តាហ៍ ទម្រាំ​តែ​ខាង​ស្ថានទូត​អូស្ត្រាលី អនុញ្ញាត ផ្តល់​ទិដ្ឋាការ ឬ​វី​សា​ឲ្យ​។ ផ្ទុយទៅវិញ បើសិនជា​រត់ការ​បំពេញ​បែបបទ​មិនទាន់​ទេ អាច​នឹងត្រូវ​ពន្យារ​ដល់​ទៅ ៣ ខែ​ទៀត​។​

​សូម​រំលឹកថា អ្នក​សម្តែង និង​អ្នកចម្រៀង​ទាំង​ប្រាំ​រូប ត្រូវ​ចេញទៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៣ ក្រោម​ការធានា និង​ឧបត្ថម្ភ​របស់​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី ដែលមាន​ឈ្មោះថា “​សមាគម​ខ្មែរ​-​អូស្ត្រាលី ខាងត្បូង​”​។ ការចាកចេញ​ទៅ​សម្តែង មាន​រយៈពេល​មួយខែ​កន្លះ តែដោយសារ​មាន​បញ្ហា​បន្តិចបន្តួច តារា​ទាំង​ប្រាំ​រូប​ត្រូវ​ពន្យារពេល ក្នុងការ​ចេញដំណើរ រហូតដល់​ចុងខែ​កក្កដា​។ តែ​បើសិនជា នៅតែ​មិនអាច​ចេញ​បាន នោះ​ពួកគេ​ទាំង​ប្រាំ​រូប ត្រូវ​រង់ចាំ​រហូតដល់​បី​ខែ​ទៀត​៕​

 

What Next?

Recent Articles