កុល ដាវី-សុខ រក្សា ចូល​លុយ​គ្នា​រាប់ម៉ឺន​ធ្វើ​ជំនួញ

Wednesday, 17 July 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

 

130717_28b

កុល ដាវី និង សុខ រក្សា ថត​រូប​ផ្អែម​ល្ហែម​រួម​គ្នា​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​​​។ រូបថត សហ​ការី

ភ្នំពេញៈ តារាសម្តែង​ កុល ដាវី បាន​រួមដៃ​គ្នា​ជាមួយ​តារាចម្រៀង​ សុខ រក្សា បង្កើត​ក្រុមតន្រ្តី​រួម​គ្នា​បន្ទាប់ពីទទួល​បាន​ឱកាស​បណ្តើរ​គ្នា​ដូច​លលក​ញីឈ្មោល ហោះហើរ​ទៅ​ច្រៀង​និង​សម្តែង​ឆ្លងទ្វីប ក្រោម​ពាក្យ​លេចឮ​មិន​ដាច់​សូរ​ពី​នាយសមុទ្រ​ថា​ពួកគេ​បង្កាត់​ភ្លើងស្នេហ៍​យល់​ចិត្ត​ថ្លើម​គ្នា ចាក់​ទឹក​មិន​លេច​តាំងពី​មុន​ទៅ​សម្តែង​នៅ​អាមេរិក​នោះ។

ប្រភព​នៅ​អាមេរិក​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា សុខ រក្សា និង កុល ដាវី បាន​សម្តែង​នូវ​កាយវិការ​កាន់​តែ​បង្ហាញ​ឲ្យ​គេ​ដឹងថា ពួកគេ​កំពុង​មាន​ស្នេហា​នឹង​គ្នា​កាន់​តែ​លេចធ្លោ​ដោយ​ពួកគេ​បណ្តើរ​គ្នា​ទៅ​ណា​មក​ណា​តែ​ពីរ​នាក់ និង​ឱប​កៀកកើយ​គ្នា​ល្អូកល្អិន​ដូច​គូស្នេហ៍​ដែល​ដូច​វាស់​ស្ទង់​ជម្រៅ​បេះដូង​គ្នា​រាប់​ឆ្នាំ​ហើយ​។ ប្រភព​ដដែល​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ អ្នក​អាមេរិក​ដែល​បាន​ជួប​ពួកគេ​ម្នាក់​ណា​ក៏​ដឹងថា ពួកគេ​គឺជា​គូស្នេហ៍​នឹង​គ្នា​ដែរ​។

យ៉ាងណា​ក៏​ដោយ​ភាព​ស្និទ្ធស្នាល​របស់​តារា​ពីរ​ដួង​ដែល​បាន​បង្អួត​ភ្នែក​មហាជន​នៅឯ​នាយសមុទ្រ​នោះ​មិន​ត្រូវ​បាន​តួឯក​ប្រុសស្រី​មួយ​គូ​នេះ​ទទួល​ស្គាល់​ការពិត​នេះ​ឡើយ។ ពួកគេ​អះអាង​ថា ទំនាក់ទំនង​ពួកគេ​នោះ​មាន​ត្រឹម​តែ​ឱកាស​រួម​ដំណើរ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។ ដូចគ្នា​នោះ ពួកគេ​ក៏​បញ្ជាក់​ដែរ​ថា បើ​ទៅ​ជាមួយ​គ្នា​តែ​ពីរ​នាក់​ដៃគូ​សម្តែង​បើ​មិន​ឲ្យ​ស្និទ្ធស្នាល​ជាមួយ​គ្នា​តើ​ឲ្យ​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ណា។ ពួកគេ​គ្រាន់តែ រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ​មិន​មាន​អ្វី​លើស​នោះ​ទេ​។


ប៉ុន្តែ​អ្វី​ដែល​មហាជន​មិន​បាន​នឹកស្មាន​ដល់​និង​ផ្ទុយ​ពី​ការ​អះអាង​របស់​ពួកគេ​មុន​នោះ​គឺ​ក្រោយ​ពី​ដឹកដៃ​គ្នា​ចុះ​ពី​យន្តហោះ​មក​ដល់​ប្រទេស​កំណើត​ភ្លាម ពួកគេ​ក៏​បង្ហាញ​នូវ​លទ្ធផល​វិជ្ជមាន​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ពួកគេ​បាន​ចូលហ៊ុន​គ្នា​ក្នុង​ចំនួន​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​បើក​ក្រុម​តន្រ្តី​រួម​គ្នា ដោយ​ប្រគល់​ក្តី​ទុក​ចិត្ត​ឲ្យ​លោក សុខ រក្សា ជា​អ្នក​កាន់​និង​គ្រប់គ្រង ដែល​រូបភាព​នេះ​មាន​តែ​គូស្នេហ៍​ទេ ទើប​ហ៊ាន​ចំណាយ​ប្រាក់​ដាក់ហ៊ុន​ជាមួយ​គ្នា​។

ថ្លែង​បកស្រាយ​ពី​ហេតុផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​នាង កុល ដាវី បាន​ប្រាប់​ថា​៖​«មាន​ហេតុផល​ច្រើន​ដែល​នាំ​ឲ្យ​ខ្ញុំ​សម្រេច​បោះទុន​បើក​ក្រុម​តន្រ្តី​ដោយ​ចូល​លុយ​គ្នា​ជាមួយ​លោក សុខ រក្សា និង​ប្រគល់​ឲ្យ​គាត់​ជា​អ្នក​គ្រប់គ្រង​នោះ​»។ កុល ដាវី បាន​ប្រាប់​ថា​៖​«​ក្រោយ​ពី​ខ្ញុំ​បាន​ឱកាស​ចេញ​សម្តែង​ក្រៅ​ប្រទេស​ជាមួយ​បង រក្សា​ពីរ​លើក​នៅ​កាណាដា និង​អាមេរិក​ពួកយើង​ហាក់​មាន​និស្ស័យ​និង​មាន​គោលដៅ​ក្នុង​ការងារ​ពង្រីក​របរ​រកស៊ី​ដូចគ្នា​»។

កុល ដាវី​បញ្ជាក់​ថា​៖​«បង រក្សា គាត់​ជា​មនុស្ស​ស្មោះត្រង់ អត្តចរិត​ល្អ និង​សំខាន់​មួយ​ទៀត គឺ​គាត់​ចេះ​និពន្ធ​បទភ្លេង​ផង ទើប​ពួកខ្ញុំ​ឯកភាព​ដាក់ទុន​ជាមួយ​គ្នា បង្កើត​ក្រុម​តន្រ្តី​នោះ​ឡើង​»។ ប៉ុន្តែ​នាង កុល ដាវី បែរ​ជា​បដិសេដ​យ៉ាង​ដាច់​អហង្ការ​ថា រវាងនាង និង​សុខ រក្សា​មិន​មាន​ទំនាក់ទំនង​ណា​មួយ​លើស​ពី​ការ​រាប់អាន​គ្នា និង​យល់​ចិត្ត​គ្នា ត្រឹម​ដៃគូ​សិល្បៈ និង​ដៃគូ​រកស៊ី​ជាមួយ​គ្នា​ទេ គឺ​មិន​មាន​ស្នេហា​ក្រៅឆាក​ដូច​គេ​លើក​ឡើង​នោះ​ឡើយ។

យ៉ាងណា ទាំង​ដាវី និង​លោក រក្សា មិន​បាន​បញ្ជាក់​ពី​ទុន​ចំណាយ​ក្នុង​ការ​ចូល​ប្រាក់​គ្នា​បើក​ក្រុម​តន្ត្រី​នេះ​ឡើយ ក្រៅ​ពី​ប្រាប់​ថា ឧបករណ៍​តន្រ្តី​ទាំងអស់​គឺ​ទិញ​នៅ​អាមេរិក​ទាំងអស់​ហើយ​ពេល​នេះ​ផ្ញើ​តាម​កប៉ាល់​មិន​ទាន់​មក​ដល់​ទេ។

ដាវី បាន​ប្រាប់​ដែរ​ថា វង់តន្រ្តី ដែល​នាង​បើក​ជាមួយ​លោក រក្សា​នោះ ដាក់​ឈ្មោះ​ថា band star។ នាង​ក៏​បាន​អះអាង​ថា​៖​«ដ្បិត​ថា ឧបករណ៍​តន្រ្តី​របស់​ពួកខ្ញុំ​មិន​ទាន់​បាន​មក​ដល់​ប្រទេស​កម្ពុជា​មែន តែ​មាន​គេ​និយាយ​ជួល​ហើយ​ហ្នឹង តែ​ពេល​នេះខ្ញុំ​មិន​ទាន់​ទទួល​ច្រើន​ទេ គឺ​តែ​ពីរ​បី​រោង​សិន​ប៉ុណ្ណោះ»។

ក្នុង​ពាក្យសម្ដី​ដែល​លាយលំ​ជាមួយ​សំណើច​ផង​នោះ កំពូល​តារា​ចូលចិត្ត​លេង​ខ្លួន​សិចស៊ី កុល ដាវី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២-៣ និង​ទី​៤​ខែ​៨ ខាង​មុខ​នេះ ក្រុម​តន្រ្តី​របស់​នាង​នឹង​ចេញ​លេង​កម្មវិធី​ធំ​មួយ​ក្នុង​ពិធី​បើក​សម្ពោធ​កាស៊ីណូ Diamond star នៅ​ច្រក​ស្រែ​ខ្លុង​កំពង់ចាម-វៀតណាម ហើយ​ក៏​ជា​ការ​សម្ពោធ​បើក​ដំណើរការ​ក្រុម​តន្រ្តី band star របស់​ពួកខ្ញុំ​ដែរ។

ដូចគ្នា​នឹង​កុល ដាវី ដៃគូ​ភាគហ៊ុន​ក្នុង​ជំនួញ​ថ្មី លោក សុខ រក្សា​ក៏​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ថា ភាព​ស្និទ្ធស្នាល​រវាង លោក និង​ដាវី ជា​គូស្នេហ៍​ដែរ ដោយ​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា ភាព​ស្និទ្ធស្នាល​រវាង​លោក​និង​កញ្ញា​កុល ដាវី​កន្លង​មក វា​គ្រាន់​តែ​ជា​ភាព​ស្និទ្ធស្នាល​បែប​សិល្បៈ​និង​មិត្តភក្ដិ​ប៉ុណ្ណោះ​មិន​ឈាន​ដល់​ស្នេហា​នោះ​ឡើយ​»។

តារា​ដែល​កំពុង​ជាប់​សង្ស័យ​រឿង​ស្នេហា​ជាមួយ​ដៃគូ​ភាគហ៊ុន សុខ រក្សា​បញ្ជាក់​ថា Band Star ដែល​លោក​បង្កើត​នេះ ជា​បំណងប្រាថ្នា​របស់​លោក​យូរ​មក​ហើយ ម្យ៉ាង​វា​ក៏​ជា​បំណង​របស់​កុល ដាវី​ដែល​ចង់​មាន​មុខរបរ​រកស៊ី​ផង​ដែរ។ រក្សា និយាយ​ថា​៖​«​ខ្ញុំ​មាន​ឧបករណ៍​ខ្លះ​ហើយ គ្រាន់​តែ​ទិញ​ចូល​បន្ថែម អ៊ីចឹង​វា​មិន​លំបាក​នោះ​ទេ គេ​ចង់​ជួល​វង់ភ្លេង​ប្រភេទ​ណា​ក៏​យើង​អាច​ធ្វើ​បាន​ដែរ ព្រោះ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​បណ្ដាញ​អ្នក​សិល្បៈ​ច្រើន​ដូច​គ្នា»។

លោក សុខ រក្សា បាន​បន្ថែម​ថា ជំហាន​ដំបូង​លោក​បើក​លក្ខណ​មធ្យម តែ​ទៅ​ថ្ងៃ​អនាគត លោក​មាន​គម្រោង​បើក​ទ្រង់ទ្រាយ​ធំ ដោយ​អាច​ទទួល​រៀបចំ​ខនស៊ឺត​ធំ​ៗ ក្នុង​នោះ​មាន​ឆាក និង​ភ្លើង ផ្ទាល់​ខ្លួន​តែ​ម្ដង។ លោក​និយាយ​ថា​៖​«​ពេល​ហ្នឹង​យើង​អាច​ទទួល កម្មវិធី​ជប់លៀង អាពាហ៍ពិពាហ៍ ឬ​បុណ្យទាន​ផ្សេង​ៗ បើ​យើង​ធ្វើ​ដូច​គេ​អស់​ច្រើន​ណាស់ អាធុន​កណ្ដាល ៧ ទៅ​៨​ម៉ឺន បើ​ធំ​ជាង​នេះ​អស់​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះ​ទេ អត់​ទាន់​ឈាន​ដល់​ដំណាក់កាល​នេះ​ទេ សាក​ធ្វើ​ប៉ុណ្ណឹង​សិន​»។ ប៉ុន្តែ​ដោយ​ឡែក ដៃគូ​ជំនួញ​របស់​សុខ រក្សា នាង កុល ដាវី បង្ហើប​ប្រាប់​ថា​៖​«ក្នុង​គម្រោង​របស់​ពួកយើង ឆ្នាំ​ក្រោយ ក្រោយ​ពេល​វង់តន្រ្តី​នេះ​មាន​ជំហរ​រឹងមាំ​ហើយ​នោះ ពួកយើង​មាន​គម្រោង​បើក​ភោជនីយដ្ឋាន​មួយ​ជាមួយ​គ្នា​ទៀត​ផង​»៕

 

What Next?

Recent Articles