ក្រោយ​ល្បី​ជម្លោះ នីកូ​ ចូល​សាន់ដេ

Wednesday, 17 July 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

 

130717_20a

ភ្នំពេញៈ បន្ទាប់​ចាកចេញ​ពី​ផលិតកម្ម M ដំណាល​គ្នា​នឹង​តារាចម្រៀង​ស្រី​ល្បី​ៗ​មួយ​ចំនួន​កាល​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១២​មក នីកូ ដែល​គ្មាន​ទ្រនំ​ច្បាស់លាស់​នោះ​ហាក់​ធ្លាក់​កូដ​ខ្លាំង​គួរសម​តែ​ការ​រស់នៅ​ដោយ​គ្មាន​ជំហរ និង​ការ​គ្រប់គ្រង​ពិតប្រាកដ​របស់​ផលិតកម្ម​ណា​មួយ​អស់​រយៈពេល​មួយ​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​នេះ ដោយសារ​តែ​តារាចម្រៀង​ប្រុស​ដែល​២​ខែ​មុន​នេះ​គេ​ផ្អើល​ថា លោក​ជា​តារា​ស្រឡាញ់​បុរស​ដូច​គ្នា​រូប​នេះ​បាន​រក​ឃើញ​ទ្រនំ​ដ៏​កក់ក្តៅ​នៅ​ផលិតកម្ម​ថ្មី គឺ សាន់ដេ ហើយ​ការ​លេច​មុខ​ជា​លើក​ដំបូង នីកូ មាន​៤​បទ​លេចធ្លោ​ទៀត​ផង​។

នៅ​ក្នុង​ជម្លោះ​យ៉ាង​ក្តៅគគុក​ជាមួយ​នឹង​ផលិតកម្ម​អឹម​កន្លង​មក គេ​សង្កេត​ឃើញ​តារាចម្រៀង​ល្បី​បង្គួរ​ចំនួន​៣​រូប​បាន​ដឹកដៃ​គ្នា​ចេញ​ពី​ផលិតកម្ម​នោះ ក្នុង​នោះ​មាន ពេជ្រ សូលិកា ស៊ឹម ថៃណា និង អេនជី។ ភ្លាម​នោះ​គេ​សង្កេត​ឃើញ ស៊ឹម ថៃណា បាន​ចាកចេញ​ទៅ​អាមេរិក ហើយ​នៅ​ពេល​នេះ​នាង​មិន​ទាន់​លេច​មុខ​ច្រៀង​នៅ​ផលិតកម្ម​ណា​ឡើយ។ រីឯ អេនជី ក៏​មាន​ទ្រនំ​ថ្មី​របស់​ខ្លួន​ដែរ​នៅ​ផលិតកម្ម​សាន់ដេ ហើយ​នាង​ក៏​មាន​បទចម្រៀង​៥-៦​បទ​សម្រាប់​ទស្សនិកជន​ដែរ​។ ដោយ​ឡែក​ពេជ្រ សូលិកា ដែល​ល្បី​ថា​នឹង​ចូល​ហង្សមាស​នោះ ក៏​ត្រូវ​គេ​អះអាង​យ៉ាង​ប្រាកដ​នៅ​ពេល​នេះ​ថា នាង​បាន​ក្លាយ​ជា​ចំណូល​ថ្មី​ផលិតកម្ម​ថោន​ហើយ​។


ដោយ​ឡែក​នីកូ ដែល​រក្សា​ភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាយូរ​មក​នោះ នៅ​ពេល​នេះ​បាន​លេច​វត្តមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​លើ​គម្រប​ស៊ីឌី របស់​ផលិតកម្ម​សាន់ដេ ដោយ​តារា​រូប​នេះ​ជា​តារា​សំខាន់​នៅ​ក្នុង​ចំណោម​តារា​ជើងចាស់​របស់​សាន់ដេ​ទៀត​ផង​។ នៅក្នុង​ការ​ចេញ​បទចម្រៀង​ជា​ផ្លូវការ​នេះ នីកូ បាន​ឲ្យ​ដឹង​ថា លោក​មាន​បទចម្រៀង​៤​បទ​នៅ​ក្នុង​វ៉ុល​១៥៦។ បទចម្រៀង​ទាំងនោះ​មាន ស្រឡាញ់​គ្នា​ដើម្បី​បែក ហេតុអ្វី​គេ​កុហក​បង ខ្ញុំ​ជា​មនុស្ស​ខូច​ចិត្ត និង​បទ នឹក​អូន​ពេល​ភ្លៀងធ្លាក់។

នៅក្នុង​ចំណោម​បទចម្រៀង​ទាំងនេះ គេ​សង្កេត​ឃើញ​ថា យុវវ័យ ពិសេស​អ្នក​ស្រឡាញ់​គាំទ្រ​តារា​រូប​នេះ​បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល ហើយ​បាន​ឲ្យ​ដឹង​ថា បទចម្រៀង​របស់ នីកូ នេះ​ពិតជា​ច្រក​ទ្វារ​ធ្វើ​ឲ្យ​តារា​រូប​នេះ​លេចធ្លោ​មាន​ប្រជាប្រិយភាព​ជា​ថ្មី​ម្តង​ទៀត​ជាក់​ជា​មិន​ខាន ខណៈ​បទចម្រៀង​នីមួយ​ៗ​របស់​តារាចម្រៀង​រូប​នេះ​សុទ្ធ​តែ​ជា​បទ​ជម្រើស​តែ​ម្តង​។

តែ​ទោះ​បី​ជា​យ៉ាង​ណា​នីកូ មិន​អាច​ទាក់ទង​បាន​ទេ​កាល​ពី​ម្សិលមិញ ដែល​នេះ​ជា​ទម្លាប់​របស់​តារា​រូប​នេះ​ទៅ​ហើយ បើ​ទូរស័ព្ទ​មិន​លើក គឺ​មាន​តែ​បិទ​ទូរស័ព្ទ ឬ​ក៏​ប្តូរ​លេខ​នោះ​។

ពាក់ព័ន្ធ​នឹង​តារា​ចំណូល​ថ្មី​នេះ លោក ឡាយ សុកចំរើន នាយក​គ្រប់គ្រង​ផលិតកម្ម​សាន់ដេ បាន​កត់សម្គាល់​ថា តារាចម្រៀង នីកូ ជា​អ្នក​សិល្បៈ​វ័យក្មេង​មាន​សមត្ថភាព​និង​ទេពកោសល្យ​ម្នាក់​តែ​យ៉ាង​ណា​ចំពោះ​ប្រជាប្រិយភាព​របស់​តារាចម្រៀង​រូប​នេះ​ក្រោយ​ប្តូរ​ពី​ផលិតកម្ម​M​មក​សាន់ដេ លោក​នៅ​មិន​ទាន់​ហ៊ាន​វិនិច្ឆ័យ​នៅ​ឡើយ​។

លោក​សុកចម្រើន​និយាយ​ថា​៖​«​ការ​ទទួល​រូប​គាត់​(​នីកូ​) ចូល​ផលិតកម្ម​សាន់ដេ ដោយសារ​តែ​គាត់​មាន​សមត្ថភាព និង​ទេពកោសល្យ ហើយ​វ៉ុល​ដំបូង គាត់​ច្រៀង​បាន​៤​បទ តែ​រឿង​ប្រជាប្រិយភាព​គឺ​អាស្រ័យ​លើ​ការ​វាយ​តម្លៃ​របស់​ទស្សនិកជន ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ​»៕​

 

What Next?

Recent Articles