ថ្ងៃទី 17 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: នាយក្រូច មានឈ្មោះដើមថា សេន សុប៊ុន មួយរយៈនេះ ដូចជាមានសន្ទុះឡើងកូដខ្លាំង ដែលនាយទើបនឹងបានទទួលបានតំណែងធំៗ នៅក្នុងផលិតកម្ម និងស្ថានីយទូរទស្សន៍ កាលពីពេលថ្មីៗនេះ។ មិនខុសអីនឹងនាយ ពែកមី ដែលស្ទុះឡើងខ្លាំងនោះទេ។
.jpg)
នាយក្រូច បានទម្លាយឲ្យ CEN ដឹងថា តំណែងនេះបន្ថែមពីលើការងារសិល្បៈជាច្រើន ដែលលោកចាប់បានកន្លងមក ដែលមានដូចជា កំប្លែង សម្ដែងរឿង កាត់សក់មង្គលការ និងជាពិធីករក្នុងកម្មវិធី “កូនភ្លោះខុសសញ្ជាតិ” និងកម្មវិធី ” សុខគា លក្ខិណា ប៊ីអាយជី ក្រូចអ៊ីត” របស់ទូរទស្សន៍ CTN ។
តំណែងដែលនាយក្រូច ចាប់បាននាពេលនេះ គឺជាអ្នកនិពន្ធពាក្យពេចន៍ និងទំនុកកំប្លែងសម្រាប់ខ្សែភាពយន្តនៅផលិតកម្មមួយ គឺផលិតកម្ម RGB ។ លោកបានបន្តថា ” តំណែងរបស់លោក ចង់ថាតូចក៏បាន ថាធំក៏បាន ព្រោះថា រឿងបើទោះជាអ្នកនិពន្ធ និពន្ធចប់ស្រេចបាច់ហើយក្តី ប៉ុន្តែក៏ចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យពាក្យពេចន៍កំប្លែងពីលោកដែរ ទើបអាចចេញបាន” ។
ចំពោះមូលហេតុដែលនាំឲ្យផលិតកម្មខាងលើ សម្រេចផ្តល់តួនាទីនេះ ទៅឲ្យនាយក្រូច គឺដោយសារតែមើលឃើញថា នាយក្រូច ជាតារាកំប្លែងមានសក្ដានុពល និងសមត្ថភាព ព្រមទាំងកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនផងក្នុងសិល្បៈកំប្លែង។ ជាមួយតួនាទីនេះ គឺមានន័យថា នាយក្រូច នឹងជាអ្នកពិនិត្យពាក្យពេចន៍កំប្លែងផង ជាតួកំប្លែងខ្លួនឯង ក្នុងខ្សែភាពយន្តផង ។ ប៉ុន្តែការងារថ្មីនោះ លោកនៅមិនទាន់បានចូលធ្វើជាផ្លូវការនៅឡើយទេ ។ តែភាគីទាំងសងខាង បាននិយាយគ្នាស្រេចបាច់អស់ហើយ គឺរង់ចាំតែថ្ងៃចូលធ្វើការតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នាយក្រូច មានឈ្មោះដើមថា សេន សុប៊ុន ជាតារាកំប្លែងមកពីខេត្តកំពង់ស្ពឺ។ ឆ្លងកាត់ជីវិតតស៊ូជាច្រើន នាយបានជាប់ជាតារាកំប្លែងរបស់ស្ថានីយទូរទស្សន៍ CTN នៅឆ្នាំ២០០៩។ បច្ចុប្បន្ន ក្រៅពីនាយ នៅមានប្អូនស្រី និងក្មួយប្រុសម្នាក់ គឺនាង អ៊ីត ប្អូនប្រុស ចើត ក៏កំពុងលេងកំប្លែងរួមគ្នា ក្នុងក្រុមកំប្លែងនាយ ពែកមី របស់ស្ថានីយទូរទស្សន៍ CTN ផងដែរ ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)