ព្រាប សុវត្ថិ ធ្វើ​ខួប​១០​ឆ្នាំ​នៅ​អូស្ត្រាលី​រួច​ទៅ​នូវែលសេឡង់

Friday, 19 July 2013 សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

 

130719_28b

តារា​ចម្រៀង ព្រាប សុវត្ថិ​​ ចេញ​ទៅ​អូស្ត្រាលី​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ បាន​ឡើង​យន្តហោះ​បោះពួយ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ កក្កដា ម្សិលមិញ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ការ​ប្រគំតន្ត្រី​គម្រប់​ខួប​១០​ឆ្នាំ​របស់​អង្គការ​ជួយ​ក្មេងកំព្រា​មួយ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ក្រោយ​ពេល​បញ្ចប់​ការ​សម្តែង​ច្រៀង​នៅ​ទី​នោះ លោក ព្រាប សុវត្ថិ នឹង​មិន​ទាន់​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាម​ទេ​ពោល​គឺ​លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​នូវែលសេឡង់​បន្ត​ទៀត​។

នេះ​ជា​លើក​ទី​៥​ហើយ​សម្រាប់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ចេញ​ទៅ​ប្រទេស​អូស្ត្រាលី តែ​នេះ​ទើប​តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ការ​ចេញ​សម្តែង​របស់​លោក​នៅ​ប្រទេស​នូវែលសេឡង់​។ លោក ព្រាប សុវត្ថិ រួម​ជាមួយ​នឹង​ក្រុម​តន្ត្រីករ​របស់​លោក​បាន​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​សិង្ហបុរី​កាល​ពី​ល្ងាច​ម៉ោង​ជាង​៦​កាល​ពី​ម្សិលមិញ ដើម្បី​ចូលរួម​អបអរ​ខួប​១០​ឆ្នាំ​របស់​អង្គការ​នោះ​នៅ​ថ្ងៃ​សៅរ៍​។

តារាចម្រៀង​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​និយាយ​ថា​៖​«​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នឹង​អង្គការ​មួយ​ហ្នឹង​១០​ឆ្នាំ​មក​ហើយ ហើយ​ឆ្នាំ​នេះ​ជា​ខួប​១០​ឆ្នាំ ដូច្នេះ​ខ្ញុំ​គិតថា ព្រឹត្តិការណ៍​នេះ​នឹង​ធំ​ជាង​រាល់​ដង។ យើង​ធ្វើការ​រួម​គ្នា​នេះ​គឺ​ដើម្បី​ជួយ​ក្មេងកំព្រា ជន​មាន​ជំងឺ​ផ្ទុក​ជំងឺ​អេដស៍​ជាដើម​»។

ការ​ទៅ​ជាន់​ទឹកដី​អូស្រ្តាលី​ជា​លើក​ទី​៥​នេះ លោក ព្រាប សុវត្ថិ បាន​ឲ្យ​ដឹង​ថា លោក​នឹង​នៅ​ទីនោះ​រយៈពេល​១​ខែ​ពេញ ហើយ​ក្រោយ​ចប់​សព្វគ្រប់​រូប​លោក​នឹង​ឡើង​យន្ត​បន្ត​ទៅ​កាន់​ទឹកដី​ប្រទេស​នូវែលសេឡង់​តែ​លោក​បាន​បញ្ជាក់​ថា លោក​សម្តែង​ច្រៀង​នៅ​ប្រទេស​នូវែលសេឡង់​តែ​១​សប្តាហ៍​ប៉ុណ្ណោះ។

តារាចម្រៀង​ដែល​នៅ​តែ​គ្រង​តំណែង​លេខ​១​ជាង​១០​ឆ្នាំ​លើ​វិស័យ​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​និយាយ​ថា​៖​«​ខ្ញុំ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នោះ​តែ​១​ខែ​ទេ បន្ទាប់មក​ខ្ញុំ និង​ក្រុម​ការងារ​នឹង​ទៅ​កាន់​ប្រទេស​នូវែលសេឡង់​បន្ត​១​សប្តាហ៍​ទៀត ព្រោះ​ពួកគាត់​កំពុង​ទន្ទឹង​រង់ចាំ​ខ្លាំង​ណាស់ ពួកគាត់​ចង់​ជួប​ផ្ទាល់ ចង់​មើល​ការ​សម្តែង​របស់​យើង ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទៅ​ទីនោះ​ដែរ​។ ខ្ញុំ​គិត​ថា នៅ​នូវែលសេឡង់​មិន​សូវ​មាន​បងប្អូន​ខ្មែរ​យើង​ច្រើន​ដូច​នៅ​អូស្ត្រាលី​ទេ តែ​ពួកគាត់​ពិតជា​ចង់​បាន​យើង​ទៅ​លេង​ទីនោះ​ណាស់​»។

ក្នុង​ជីវិត​ជា​តារាចម្រៀង​លោក ព្រាប សុវត្ថិ ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ ប៉ុន្តែ​ចំណុច​ពិសេស​ដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​នោះ​គឺ​លោក​មិន​ត្រឹម​តែ​អាច​ចេញ​ទៅ​ច្រៀង​តែ​ម្នាក់​ឯង​នោះ​ទេ តែ​លោក​ថែម​ទាំង​អាច​ធានា​ក្រុម​តន្ត្រីករ​៤​នាក់​ទៅ​ជាមួយ​ដោយ​ងាយស្រួល​ទៀត​ផង​ខណៈ​អ្នក​សិល្បៈ​មួយ​ចំនួន​ត្រឹម​តែ​យោង​អាត្មា​សឹង​តែ​មិន​រួច​ផង​នោះ​។

សម្រាប់​ភាព​ពិសេស​លើស​គេ​នោះ លោក ព្រាប សុវត្ថិ បាន​បញ្ចេញ​ស្នាមញញឹម ហើយ​និយាយ​ថា​៖​«​សម្រាប់​អ្នក​សិល្បៈ​ដទៃ​ខ្ញុំ​មិន​ដឹង​ទេ តែ​សម្រាប់​ខ្ញុំ ពេល​ចេញ​ទៅ​គ្រប់​ប្រទេស​ដូចជា សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ជាដើម ខ្ញុំ​តែង​មាន​ក្រុម​តន្ត្រី​របស់​ខ្ញុំ​ទៅ​ជាមួយ។ នេះ​ខ្ញុំ​ចង់​ប្រាប់​គេ​ថា យើង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​សម្តែង​យើង​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​អ្នក​ទស្សនា។ ម្យ៉ាង​យើង​ទៅ​ពី​ស្រុក​ខ្មែរ យើង​មិន​ធ្លាប់​សម្តែង ឬ​ហាត់​សម​ជាមួយ​នឹង​ក្រុម​ភ្លេង​នៅ​ទីនោះ​ទេ ដូច្នេះ​បើ​យើង​មាន​ក្រុម​ភ្លេង​ទៅ​ពី​ស្រុក​ខ្មែរ​ស្រាប់ គឺ​វា​ងាយស្រួល​ជាង​»៕

 

What Next?

Recent Articles