Friday, 19 July 2013
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : យុគសម័យទំនើបនេះគេឃើញសេវាកម្មផ្នែកស្នាក់នៅនិងកម្សាន្តមានការផ្ចិតផ្ចង់ផ្នែកសោភណភាពច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិនិងអន្តរជាតិតែម្តង។ យ៉ាងណាមិញសណ្ឋាគារថ្មីមួយឈ្មោះ Natura Resortដែលស្ថិតនៅក្បែរវត្តព្រះឥន្ទ្រកោសីខាងក្រោយវិថីទន្លេមានការរៀបចំនូវបន្ទប់តាមបែបធម្មជាតិចំនួន៩ផងដែរសម្រាប់បម្រើភ្ញៀវដែលមានចំណូលចិត្តស្រឡាញ់បរិស្ថានបៃតងនោះ។
ពៅរតនៈកូនខ្មែរអាណិកជនដែលរស់នៅប្រទេសបារាំងជាម្ចាស់Natura Resortបានឲ្យដឹងថាលោកបង្កើតសណ្ឋាគារនេះនៅខែឧសភា។ លោកថាការរៀបចំបែបនេះក៏ព្រោះតែលោកមានស្នេហាទេសភាពបែបធម្មជាតិនិងចង់អភិរក្សបរិស្ថានទើបទុកឲ្យដើមឈើទាំងឡាយដុះយ៉ាងត្រសុំត្រសាយក្នុងបរិវេណនិងព័ន្ធអគារសណ្ឋាគារខ្លួនស្ទើរគ្រប់ទីកន្លែងសូម្បីតែផ្នែកដំបូងក៏ត្រូវបានគ្របដោយម្លប់ឈើដែរ។
លោកបាននិយាយថា៖ «Natura Resortពិតជាអាចឲ្យភ្ញៀវទទួលនូវរសជាតិបែបធម្មជាតិពិតមែន។ យើងក៏មានបំណងចង់ឲ្យភ្ញៀវបានឃើញនិងសម្រាកលម្អែកាយនៅទីនេះតាមបែបអារម្មណ៍ធម្មជាតិពិតៗតែម្តង»។
លោកបន្តថា៖ «ខ្ញុំគិតថាយើងពិតជាដឹងទាំងអស់គ្នាពីបញ្ហាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ខ្ញុំតែងមានអារម្មណ៍ស្រឡាញ់ធម្មជាតិដូច្នេះហើយបានជាពេលឃើញដីសម្បូរដើមឈើដុះនៅកន្លែងនេះក៏នឹកចង់រក្សាវាទុកហើយកែច្នៃវាឲ្យទៅជាសណ្ឋាគារ»។
លោកពៅរតនៈបាននិយាយទៀតថា៖ «នៅខេត្តសៀមរាបមានសណ្ឋាគារប្រភេទប៊ូទិកច្រើនណាស់អ៊ីចឹងហើយបានជាខ្ញុំចង់បង្កើតវាឲ្យមានលក្ខណពិសេសម្យ៉ាងតាមរយៈការប្រែក្លាយវាជាសណ្ឋាគារដែលសម្បូរទៅដោយដើមឈើច្រើនជាងគេ ដោយខ្ញុំសឹងតែមិនដាច់ចិត្តកាប់មួយដើមណាឡើយនៅពេលសាងសង់។ខ្ញុំបានរចនាវាឡើងមានបង្អួចធំៗតាមបន្ទប់នីមួយៗ»។
ចំណោមបន្ទប់ធម្មជាតិទាំង៩នោះត្រូវបានគេរចនាម៉ូដម៉ាកបែបរ៉ូមែនទិកសម្រាប់ក្រុមគ្រួសារឬគូស្នេហ៍។ បន្ទប់ចំនួន៦ត្រូវរចនាយ៉ាងល្អប្រណីតមានកូនសួនច្បារពីរនៅមុខបន្ទប់ផងដែរដោយគេអាចមើលឃើញទេសភាពអាងហែលទឹកទៀតផង។
លោកនិយាយថា៖ «ខ្ញុំគិតថាវាល្អណាស់សម្រាប់ប្រជាជនក្នុងក្រុងដែលមានបំណងចង់កាត់បន្ថយភាពតានតឹងក្នុងចិត្តខណៈខ្លួនតែងតែសម្ងំនៅក្នុងផ្ទះនោះហើយចងមកស្នាក់នៅជាមួយធម្មជាតិពីរបីថ្ងៃនៅទីនេះ»។
គេក៏ឃើញមានអាងហែលទឹកប្រៃជាមួយនឹងភោជនីយដ្ឋានមានលក្ខណៈគួរឲ្យទាក់ទាញដោយសារតែមានរុក្ខជាតិដុះស្ទើរគ្រប់ទីកន្លែង។ ចំពោះសេវាកម្មម្ហូបអាហារវិញមានលក្ខណៈចម្រុះដោយមានបម្រើទាំងម្ហូបខ្មែរនិងបរទេសដូចជាម្ហូបបារាំងផងដែរ។
សម្រាប់ថ្ងៃអនាគតម្ចាស់សណ្ឋាគារនេះក៏គ្រោងនឹងបើកបម្រើសេវាកម្មស្ប៉ានិងកន្លែងសម្រាប់ហាត់ប្រាណដោយចលនាតាមក្បួនយោគៈផងដែរ។
ម្ចាស់សណ្ឋាគារវ័យក្មេងរូបនេះបន្តថា៖ «គម្រោងបើកសេវាកម្មស្ប៉ានិងម៉ាស្សាបែបខ្មែររបស់យើងនឹងដំណើរការនៅខែសីហាខាងមុខនេះ ដោយសហការជាមួយក្រុមជំនាញស្ប៉ាសុខៈ (Sokkhak Spa)»។
ម្ចាស់សណ្ឋាគារវ័យ២៨ឆ្នាំរូបនេះជាកូនខ្មែរមានកំណើតនៅប្រទេសបារាំងអាចនិយាយបានបីភាសាគឺខ្មែរបារាំងនិងអង់គ្លេស។ គាត់បានសិក្សាជំនាញពាណិជ្ជកម្មនៅទីក្រុងលីយ៉ុងប្រទេសបារាំងហើយបានវិលមកកម្ពុជាវិញកាលពី៦ឆ្នាំមុនដោយបានបម្រើការនៅឯArtisans d’Angkorក្នុងតួនាទីជាប្រធានគ្រប់គ្រងទីផ្សារ។
លោកពៅ រតនៈ បានឲ្យដឹងទៀតថា៖ «មូលហេតុដែលខ្ញុំមកប្រទេសកម្ពុជាព្រោះខ្លួនចង់ក្លាយជាសហគ្រិនមួយរូបជួយអភិវឌ្ឍសង្គម។ ខ្ញុំមើលឃើញនូវចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយចង់ចាប់យកឱកាសនេះឲ្យបាន»។
សម្រាប់តម្លៃជួលបន្ទប់ស្នាក់នៅបែបធម្មជាតិនៅឯសណ្ឋាគារNatura Resortគឺមាន៦៩ដុល្លារសម្រាប់បន្ទប់តូចល្មមមានលក្ខណៈល្អប្រណីត(deluxe room)រីឯបន្ទប់សម្រាប់ជួលជាលក្ខណៈគ្រួសារវិញតម្លៃ៩៩ដុល្លារ ដែលជាតម្លៃពិសេសនៅរដូវកាលមិនសូវសម្បូរទេសចរ៕ PR
