ថ្ងៃទី 20 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: កញ្ញា ព្រីម លីហ្សា ជាតារាសម្តែងស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងប្រទេស ។ កាលពីពេលថ្មីៗនេះ នាងបង្ហើបប្រាប់ថា សម្លៀកបំពាក់សម្រាប់ចូលរួមក្នុងកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣នេះ ត្រូវបានបញ្ជាទិញបីឈុត ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ ។
.jpg)
តារាសម្ដែងស្រីល្បី ខាងប្រើប្រាស់សម្លៀកបំពាក់ថ្លៃៗ និងប្លែកៗ កញ្ញា ព្រីម លីហ្សា ឲ្យ CEN ដឹងថា កញ្ញាបានកុម្ម៉ង់សម្លៀកបំពាក់បីឈុត មកពីអាមេរិក មានតម្លៃខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែនាងមិនទាន់ច្បាស់ក្នុងចិត្តទេថា តើត្រូវជ្រើសរើសឈុតមួយណា ដើម្បីចូលរួមកម្មវិធីអាណាចក្រតារាប្រចាំឆ្នាំនេះ ។
កញ្ញា ព្រីម លីហ្សា បន្តទាំងភាពជឿជាក់ថា “មិនមែនខ្ញុំអួតរឿងស្លៀកពាក់ទេ ប៉ុន្តែកម្មវិធីប្រគល់ពានធំបែបនេះ យើងត្រូវរកសម្លៀកបំពាក់ណា មានតម្លៃថ្លៃៗ និងប្លែកបន្តិច ដើម្បីឱ្យសមទៅនឹងឈ្មោះល្បីល្បាញ ” ។
តារាសិចស៊ីរូបនេះ បានបន្ថែមទៀតថា ឈុតសម្លៀកបំពាក់ទាំងបីឈុត ដែលកុម្ម៉ង់មកពីអាមេរិកនោះ មានម៉ាកផ្សេងពីគ្នា គឺម៉ាក Versace, Chanel និង Kenzo ហើយឈុតសម្លៀកបំពាក់ទាំងបីនេះ មានតម្លៃចាប់ពី៨ពាន់ដុល្លារឡើងទៅ ។
មួយរយៈមុន តារាសម្តែងកូនកាត់ ព្រីម លីហ្សា គេសង្កេតឃើញថា នាងច្រើនតែលេចមុខនៅក្នុងកម្មវិធីនានា ជាមួយនឹងតារាបរទេសនៅឯក្រៅស្រុកច្រើនជាង ។ កញ្ញាជាតារាម្នាក់ចូលចិត្តលេងខ្លួន និងប្រើប្រាស់សម្ភារៈនិយមសុទ្ធតែរបស់របរថ្លៃៗ ហើយក៏ស្រឡាញ់ការលេងខ្លួនបែបសិចស៊ីមិនណយផងដែរ ។ គេតែងតែឃើញនាងបង្ហាញនូវរបស់របរមានតម្លៃជាច្រើន រាល់ពេលចូលរួមកម្មវិធីសិល្បៈម្តងៗ មានដូចជា កាបូបដៃ ឈុតសម្លៀកបំពាក់ ទូរស័ព្ទទំនើប ដែលសរុបមួយតួខ្លួននាង មិនក្រោមពីមួយម៉ឺនដុល្លារនោះទេ ។
គួរបញ្ជាក់ថា កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ ផ្ដល់ពានរង្វាន់បីប្រភេទដល់សិល្បករ សិល្បការិនី ក្នុងចំនួនសរុបប្រមាណ ៣៣ ពាន ក្នុងនេះ មានពានតារាប្រជាប្រិយបំផុតប្រចាំឆ្នាំ២០១៣ ចំនួន៤, ពានតារាមានទេពកោសល្យប្រចាំឆ្នាំ២០១៣ ចំនួន១៨, ពានកិត្តិយសអមតៈចំនួន១០ និងមួយទៀត គឺផ្ដល់ជូនដោយក្រុមហ៊ុន ABC ដែលជាអ្នកឧបត្ថម្ភធំរបស់កម្មវិធី។ ចំពោះថវិកាដែលប្រមូលបានពីការលក់សំបុត្រចូលរួមកម្មវិធីប្រគល់ពានអាណាចក្រតារា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ខាងមុខនេះ នឹងផ្ដល់ទៅឱ្យសមាគមសិល្បករខ្មែរ ១០០ ភាគរយ ដើម្បីឱ្យសមាគមនេះយកទៅជួយសិល្បករ សិល្បការិនី ដែលជួបបញ្ហាលំបាក៕
.jpg)
.jpg)
.jpg)