លោក សម រង្ស៊ី ស្នើ គ.ជ.ប ឲ្យ​ចុះ​ឈ្មោះ​លោក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

Monday, 22 July 2013
ជាង សុខា និង មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

 

130722_01

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែងទៅ​កាន់​អ្នក​គាំទ្រ​​ ក្នុង​យុទ្ធនា​ការឃោសនា​បោះ​ឆោ្នត​​​​នៅ​ខេត្ត​ កំពង់​ស្ពឺ​ កាលពី​ថ្ងៃ​សៅ​រ៍​។ រូបថត ហេង ជីវ័ន

ភ្នំពេញ​/ខេត្ត កំពង់ស្ពឺៈ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ បាន​ដាក់​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ស្នើ​សុំ​ចុះ​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​ល្បី​ឈ្មោះ​រូប​នេះ និង​អនុ​ប្រធាន​របស់​លោក កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ខេត្ត កំពត។

ក្នុង​លិខិត មួយ​ដែល​ផ្ញើ​ជូន​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​កត់​សម្គាល់​ថា ព្រះ​រាជទាន​លើក​លែង​ទោស បាន​លុប​ចោល​ទោស​របស់​លោក​រួច​ហើយ ដែល​ជា​ទោស​ធ្វើ​ឲ្យ គ.ជ.ប លុប​ឈ្មោះ​របស់​លោក។ លោក សម រង្ស៊ី បាន​សរសេរ​ថា៖ «​ខ្ញុំ​សូម​ស្នើ​ឯកឧត្តម (អ៊ឹម សួស្តី) ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ដាក់​បញ្ចូល​ឈ្មោះ​ខ្ញុំ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ផ្លូវ​ការ​ឡើង​វិញ»។ លោក​បាន​ស្នើ​សុំ គ.ជ.ប អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​ក្នុង​ខេត្ត កណ្តាល។

លោក អ៊ឹម សួស្តី ពុំ​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក ទេព នីថា អគ្គ​លេខាធិការ បាន​ថ្លែង​ថា គ.ជ.ប នឹង​ជួប​ប្រជុំ​ដើម្បី​សម្រេច​តាម​សិទិ្ធ​របស់​ខ្លួន ផ្អែក​លើ​ច្បាប់​បោះឆ្នោត។ លោក នីថា បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា គ.ជ.ប ពុំ​មាន​លទ្ធភាព​ទេ​លើក​លែង​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់។

លោក សម រង្ស៊ី បាន​វិល​ត្រឡប់​មក​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ គឺ​មួយ​សប្តាហ៍ បន្ទាប់​ពី​លោក​ទទួល​បាន​ព្រះ​រាជ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ ដែល​លុប​ចោល​ទោស​ជាប់​ពន្ធនាគារ​ជាង ១១ ឆ្នាំ​របស់​លោក។ មនុស្ស​រាប់​ម៉ឺន​នាក់ បាន​ឈរ​ពេញ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​មក​ដល់​សួន​សេរីភាព​ដើម្បី​រង់​ចាំ​ស្វាគមន៍​ការ​មក​ដល់​របស់​លោក សម រង្ស៊ី​។ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ជាមួយ​និង​អនុ​ប្រធាន​របស់​លោក គឺ​លោក កឹម សុខា មិន​បាន​អែអង់​ឡើយ គឺ​បាន​ចាប់​ផ្តើម​ចេញ​ធ្វើ​យុទ្ធនាការ​ភ្លាមៗ។

កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ លោក សម រង្ស៊ី និង​លោក​កឹម សុខា បាន​ថ្លែង​សុន្ទរកថា នៅ​ទូទាំង​ខេត្ត កំពង់ស្ពឺ ហើយ​កាល​ពី​ម្សិលមិញ លោក​បាន​បន្ត​ដំណើរ​ទៅ​ដល់​ខេត្ត កំពត ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទៅ​ខេត្ត​ចំនួន ១៥ នៅ​មុន​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ។

ថ្លែង​នៅ​ក្នុង​ខេត្ត កំពត កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​ពី​គ្រប់​មជ្ឈដ្ឋាន ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​របស់​លោក​។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​គាំទ្រ ទាំង​អ្នក​មក​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត ប្រសិន​បើ​ស្រឡាញ់​ប្រទេស​យើង … យើង​ត្រូវ​តែ​រួប​រួម​គ្នា ដើម្បី​រក​វិធី​សង្គ្រោះ​ជាតិ​យើង​»។ លោក​បាន​បន្ថែម​ថា ពេល​វេលា​ឈ្លោះ​គ្នា បាន​កន្លង​ផុត​ទៅ​ហើយ។

ទន្ទឹម​នឹង​នេះ លោក កឹម សុខា បាន​ស្នើ​ឲ្យ​អ្នក​បោះឆ្នោត ត្រូវ​រួប​រួម​គ្នា​តាម​ឃ្លាំ​មើល​មណ្ឌល​បោះឆ្នោត នៅ​ពេល​ការ​បោះឆ្នោត​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​អាទិត្យ ហើយ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា ប្រសិន​បើ​មើល​ឃើញ​មាន​អ្នក​ទាំង​ឡាយ​មក​ពី​ភូមិ​ដទៃ​ទៀត មក​ចូល​រួម​បោះឆ្នោត​នៅ​ក្នុង​ភូមិ​របស់​ខ្លួន។

លោក​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​បង​ប្អូន​ឃើញ​អ្នក​ណា​ម្នាក់ ដែល​មិន​មែន​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​បង​ប្អូន​ទេ តែ​មក​បោះឆ្នោត​ក្នុង​ភូមិ​បង​ប្អូន​នោះ សូម​បង​ប្អូន​ទាំង​អស់​គ្នា​ស្រែក​ឲ្យ​ខ្លាំងៗ កុំ​អនុញ្ញាត​ឲ្យ​ពួក​គេ​បោះឆ្នោត»។ លើស​ពី​នេះ​ទៀត​លោក​បន្ត​ថា​៖«ប្រសិន បើ​បង​ប្អូន​បោះឆ្នោត​ចប់ សូម​កុំ​ទាន់​វិល​ត្រឡប់​ទៅ​ផ្ទះ រង់​ចាំ​រហូត​ដល់​ម៉ោង ៣ ដើម្បី​ពិនិត្យ​មើល​ការ​រាប់​សន្លឹក​ឆ្នោត​។ សូម​ឃ្លាំ​មើល​ហិប​ឆ្នោត ដើម្បី​ធានា​ថា ពួកគេ​មិន​បោក​ប្រាស់​យើង។ ប្រសិន​បើ​បង​ប្អូន​ធ្វើ​បែប​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ ១០០ ភាគរយ»។


japopup type=”image” content=”http://www.postkhmer.com/images/stories/news/national_pk/2013/130722/130722_05.jpg” title=”អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​កំពង់​ស្ពឺ​។ រូបថត ហេង ជីវ័ន” >

ក្នុង​សុន្ទរកថា ដែល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ទូទាំង​ស្រុក​ដែល​ជា​ទីតាំង​រឹង​មាំ​របស់​គណបក្ស​ប្រជាជន ក្នុង​ខេត្ត កំពង់ស្ពឺ កាល​ពី​ថ្ងៃ​សៅរ៍ ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​លាង​សម្អាត​រដ្ឋាភិបាល។ នៅ​ផ្សារ ក្នុង​ក្រុង ច្បារមន លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់​ដែល​ស្រឡាញ់​ប្រទេស​ជាតិ ដែល​ស្រឡាញ់​យុត្តិធម៌ ដែល​អាណិត​ជន​រងគ្រោះ ប្រជាជន​ក្រីក្រ និង​ប្រជាជន​ទន់​ខ្សោយ ដែល​ទទួល​រង​ទុក្ខ​ដោយ​សារ​តែ​ការ​ចាប់​យក​ដីធ្លី និង​ការ​ចាប់​យក​ផ្ទះ​សម្បែង សូម​រួម​គ្នា​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ»។

ឈរ​នៅ​លើ​រថយន្ត​កាន់​មីក្រូហ្វូន លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​លក់​ដូរ នៅ​ក្រៅ​ផ្សារ​ខេត្ត កំពង់ស្ពឺ ដោយ​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចំពោះ​អំពើ​ពុករលួយ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។

អ្នក​គាំទ្រ​ប្រហែល ៣០០០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ការិយាល័យ​គណបក្ស​សង្គ្រោះ​ជាតិ​កាល ពី​ព្រឹក​ថ្ងៃ​សៅរ៍ ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ផ្លូវ ខណៈ​ពេល​ដែល​ពួក​គេ​រង់​ចាំ​ការ​មក​ដល់​របស់​លោក សម រង្ស៊ី ក្នុង​នោះ​យ៉ាង​ហោច​ណាស់​អ្នក​គាំទ្រ​ម្នាក់​បាន​ដួល​សន្លប់ នៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​អ៊ូអរ​នោះ។

លោក សម រង្ស៊ី​បាន​ថ្លែង​ថា​៖​«ប្រសិន​បើ​យើង​មិន​ប្រយ័ត្ន កម្ពុជា​នឹង​ក្លាយ​ជា​វៀតណាម កម្ពុជា​នឹង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​ពីរ​។ យើង​នឹង​ក្លាយ​ជា​ខេត្ត​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម។ មេ​ដឹក​នាំ​បច្ចុប្បន្ន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ សូម​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ធ្វើ​ការ​ផ្លាស់​ប្តូរ មេ​ដឹក​នាំ​ពុករលួយ ដាក់​មេ​ដឹក​នាំ​ស្អាត​ស្អំ ដូច្នេះ ប្រទេស​យើង​នឹង​មាន​យុតិ្តធម៌ ហើយ​អាច​អភិវឌ្ឍ​បាន​ដូច​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​»។ លោក​បាន​បន្ត​ថា៖​«បង​ប្អូន​ជន​រួមជាតិ​ទាំង​អស់ នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ។ ប្រសិន​បើ​យើង​មិន​សង្គ្រោះ​ជាតិ​យើង​ទេ ៤ ឬ ៥ ឆ្នាំ​ទៀត គឺ​យឺត​ពេល​ហើយ កម្ពុជា​នឹង​មាន​វៀតណាម​ពេញ​ទឹក​ពេញ​ដី​យើង​នឹង​ក្លាយ​ជា​ទាសករ​វៀតណាម»។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​សៅរ៍ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូស​បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ចំពោះ​អ្នក​គាំទ្រ​ថា លោក​មិន​ដែល​មាន​ពិរុទ្ធ​ទេ ហើយ​ការ​លើក​លែង​ទោស ដែល​ស្នើ​ឡើង​ដោយ​លោក ហ៊ុន សែន គឺ​គ្រាន់​តែ​ជា​ការ​កែ​តម្រូវ​អំពើ​ខុស​ឆ្គង​តែ​ប៉ុណ្ណោះ។

ឈរ​លើ​ម៉ូតូ ស្តាប់​សុន្ទរកថា អ្នក​ស្រី នូវ សុគន្ធា អាយុ ៣១ ឆ្នាំ បាន​ថ្លែង​ថា អ្នក​ស្រី​ជឿ​ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ប្រព័ន្ធ​សោធននិវត្តន៍​បាន​ល្អ​ប្រសើរ​ឡើង និង​បង្កើន​ប្រាក់​ឈ្នួល​របស់​កម្មករ​កាត់​ដេរ​ដូច​រូប​អ្នក​ស្រី។ ជា​ស្រី​មេម៉ាយ​កូន​ពីរ​នាក់ អ្នក​ស្រី​បាន​បន្ថែម​ថា៖​«ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម​ថា គ្រួសារ​យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ពួក​គេ​ឈ្នះ»។ អ្នក​ស្រី​បាន​បន្ថែម​ថា អ្នក​ស្រី តែ​ម្នាក់​គត់​ដែល​ហ៊ាន​ចេញ​មុខ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន។

អ្នក​ស្រី​បាន​បន្ថែម​ថា៖ «គិត​មក​ដល់​ពេល​នេះ គ្មាន​អ្វី​ត្រូវ​ខ្លាច​គណបក្ស​ប្រជាជន​ទៀត​ទេ។ ខ្ញុំ​ឈប់​ខ្លាច​ទៀត​ហើយ។ បើ​ទោះ​បី​ជា​គេ​គំរាម​ខ្ញុំ ខ្ញុំ​នឹង​លែង​ខ្លាច​ទៀត​ហើយ»។

រត់​ទៅ​ចាប់​ដៃ​លោក សម រង្ស៊ី ខណៈ​ដែល​លោក​ស្វាគមន៍​អ្នក​គាំទ្រ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ លោក ហង្ស សុភក្រ្តា អាយុ ៣៥ ឆ្នាំ ដែល​បើក​បរ​រថយន្ត​ឈ្នួល បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា តម្លៃ​ប្រេង នឹង​ធ្លាក់​ចុះ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​។ លោក បាន​ថ្លែង​ថា៖ «អាជីវកម្ម​របស់​យើង​មិន​សូវ​ល្អ ព្រោះ​យើង​ចំណាយ​ច្រើន​លើ​ថ្លៃ​ផ្លូវ និង​ប្រេង»។

បន្ទាប់​ពី​ចុះ​ទៅ​ស្រុក​ជា​ច្រើន ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈប់​នៅ​ផ្សារ​ថ្នល់​ទទឹង នៅ​ព្រំដែន​ខេត្ត កណ្តាល និង​ខេត្ត កំពង់ស្ពឺ។ ខណៈ​ពេល​ពួកគេ​ទៅ​ដល់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​បាន​មក​តាម​ពី​ក្រោយ ហើយ​ចាក់​តន្រ្តី​ខ្លាំងៗ​ធ្វើ​ឲ្យ​គេ​មិន​អាច​ស្តាប់​សុន្ទរកថា​រប​ស់លោក សម រង្ស៊ី​បាន។ ដោយ​មាន​ភាព​ស្ទាក់​ស្ទើរ​តិច​តួច លោក សម រង្ស៊ី បាន​ចុះ​ពី​ឡាន​និង​ចាប់​ផ្តើម​ដើរ​ជុំវិញ​ផ្សារ ដើម្បី​ស្វាគមន៍​អាជីវករ​ដោយ​ផ្ទាល់។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​និង​ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ផង​ដែរ​នោះ បាន​ថ្លែង​ថា ការ​អះអាង​របស់​លោក សម រង្ស៊ី គឺជា​ការ​ក្អេង​ក្អាង​ប៉ុណ្ណោះ។ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា៖ «យើង​មិន​ព្រួយ​បារម្ភ​អំពី​ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ វា​គ្រាន់​តែ​ជា​រលក​នៅ​លើ​ផ្ទៃ​សមុទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទឹក​ជ្រៅ​គឺជា​កម្លាំង​របស់​គណបក្ស​ប្រជាជន​»។ លោក​ក៏​បាន​ការពារ​ប្រវតិ្ត​ល្អ របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​អំពើ​ពុករលួយ​ផង​ដែរ ដោយ​លោក​កត់​សម្គាល់​ថា៖«​យើង​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​រួច​ហើយ … មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​បាន​តម្រូវ​ឲ្យ ប្រកាស​ទ្រព្យ​សម្បតិ្ត​របស់​ខ្លួន។ យើង​បាន​ផ្សព្វ​ផ្សាយ​អំពី​កម្រៃ​នៃ​សេវា​សាធារណៈ​ភាគ​ច្រើន។ នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​នីតិរដ្ឋ»៕TK

រាយការណ៍​បន្ថែម​ដោយ ឆាយ ច័ន្ទនីដា

 

What Next?

Recent Articles