ទេព បូព្រឹក្ស សួរនាំ ហ៊ិន ច័ន្ទនីរ័ត្ន រឿង​ប្រុសស្នេហ៍

Tuesday, 23 July 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

 

130723_28a

ភ្នំពេញៈ ពិធីការិនី​នៅក្នុង​ទ្រនំ​ទូរទស្សន៍​បាយ័ន​នាង ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តារា​រូប​នេះ​ហាក់​ដូចជា​ស្រពោន​ចិត្ត​បន្តិច និង​មាន​រាងរៅ​ចុះ​ស្គម​ជាង​មុន​ដែល​គេ​ម្នាក់​ៗ​និយាយ​ថា ទំនង​ជា​ស្រីស្រស់​ធ្មេញ​ច្រពើស​រូប​នេះ​បាន​ជួប​នឹង​វិបត្តិ​ស្នេហា​ជាមួយ​នឹង​បុរស​ជា​គូស្នេហ៍​មិន​ខាន ខណៈ​ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ថា បុរស​ជា​គូស្នេហ៍​ដែល​នាង​ធ្លាប់​បដិសេធ​ពី​មុន​នោះ បាន​បែរ​ចិត្ត​ងាក​ទៅ​សាង​ស្នេហ៍​នឹង​តារាចម្រៀង ទេព បូព្រឹក្ស វិញ​។ តែ​នៅ​ពេល​ឮ​ព័ត៌មាន​នេះ​ស្រាប់​តែ ហ៊ិន ច័ន្ទនីរ័ត្ន បដិសេធ ដោយ​នាង​បញ្ជាក់​ថា នៅ​ពេល​នេះ បេះដូង​នាង​នៅ​ទំនេរ​ស្អាត​។

ពិធីការិនី​វ័យ​២២​ឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន បាន​ចាប់ផ្តើម​អាជីវកម្ម​ជា​លើក​ដំបូង​ក្នុង​អាជីព​ដោយ​ហាង​ថ្មី​ដែល​មាន​លក់​ម្ហូបអាហារ និង​ភីហ្សា​កាលពី​ឆ្នាំ​២០១២​ដាក់​ឈ្មោះ​ថា Relax Restaurant ស្ថិត​នៅ​ខាង​លិច​វត្ត​លង្កា​នៅ​ក្រោយ The Place ។ ហាង​ថ្មី​ដែល​ចំណាយ​ទុន​ច្រើន​គួរសម​ប្រមាណ​៤​ទៅ​៥​ម៉ឺន​ដុល្លារ​នេះ ត្រូវ​ហ៊ិន ច័ន្ទនីរ័ត្ន ឲ្យ​ដឹង​ថា នាង​បាន​បោះ​ទុន​វិនិយោគ​ជាមួយ​នឹង​មិត្តភ័ក្តិ​។ ភោជនីយដ្ឋាន​មួយ​នេះ​ហើយ​ត្រូវ​បាន​គេ​ទម្លាយ​ថា ហ៊ិន ច័ន្ទនីរ័ត្ន ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​និស្សិត​រៀន​នៅ​អាមេរិក​ម្នាក់ ដែល​ជា​កូន​អ្នកធំ​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​នៅ​កម្ពុជា​ដែល​តែង​ចុះ​ឡើង​អាមេរិក​ស្រុក​ខ្មែរ​នោះ​ហើយ​ព័ត៌មាន​នេះ​ហើយ​ដែល​នាំ​ឲ្យ​ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រូប​នេះ​ឆេះ​ដុំ ក្តៅ​ស្លឹកត្រចៀក​និង​ចេញ​មុខ​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ព័ត៌មាន​ទាំងនោះ​មិនមែន​ជា​ការ​ពិត​។

នៅ​ពេល​ថ្មី​ៗ​នេះ ពិធីការិនី​មុខ​ស្រទន់​នាង ហ៊ិន ច័ន្ទនីរ័ត្ន បាន​ឲ្យ​ដឹង​ថា​មួយ​រយៈ​នេះ​នាង​ដូច​ជា​ឆ្ងល់​ណាស់ មិន​ដឹង​ជា​យ៉ាង​ម៉េច​បាន​ជា​នាង​រួមរឹត​ដោយ​ចំណង​រឿង​អាស្រូវ​ស្នេហា​ទាំង​មិន​ដឹង​ខ្លួន​។ នាង​បន្ត​ថា នៅ​សុខ​ៗ​ស្រាប់​តែ​គេ​ថា នាង​និង​ទេព បូព្រឹក្ស មាន​ស្នេហា​បុរស​តែ​ម្នាក់ ហើយ​បុរស​រូប​នោះ​បាន​បោះបង់​នាង​ចោល​ស្រវា ទេព បូព្រឹក្ស វិញ​ទាំង​រូប​នាង និង ទេព បូព្រឹក្ស សុទ្ធ​តែ​មិន​ដឹង​ខ្លួន​។

ពិធីការិនី​ប្រចាំ​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​បាយ័ន​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ទាំង​ហួសចិត្ត​ថា​៖​«​ខ្ញុំ​អត់​ដឹង​ថា រឿង​នោះ​គេ​បាន​មកពី​ណា​ទេ គេ​ដឹង​ពី​ណា​ទេ ហើយ​ខ្ញុំ​អត់​បាន​ដឹង​រឿង​នេះ​ដែរ។ អា​បូព្រឹក្ស បាន​ទូរស័ព្ទ មក​សួរ​ខ្ញុំ ពី​រឿង​នេះ ព្រោះ​យើង​សុទ្ធ​តែ​ភ្ញាក់ផ្អើល​ដូច​គ្នា​។ ខ្ញុំ​និង​អា​បូព្រឹក្ស ថ្វីដ្បិត​នៅក្នុង​សិល្បៈ​ដូច​គ្នា តែ​មិន​សូវ​មាន​ទំនាក់ទំនង​គ្នា​ប៉ុន្មាន​ទេ​»។

គ្រាន់​តែ​រំលង​បាន​តែ​ប្រមាណ​មួយ​សប្តាហ៍ ក៏​មាន​ព័ត៌មាន​មួយ​លេចធ្លាយ​ថា នាង ហ៊ិន ច័ន្ទនីរ័ត្ន មាន​ឧកញ៉ា​វ័យក្រាស់​ម្នាក់​តាម​ស្អិត​ដូច​តុកកែ និង​ធានា​ឧបត្ថម្ភ​នាង​គ្រប់​យ៉ាង ឲ្យ​តែ​រូបនាង​ព្រម​ទទួល​យក​ស្នេហា​មួយ​នោះ​។ ទោះ​បី​ជា​យ៉ាង​ណា​ស្នេហ៍​ដែល​កើត​ចេញ​ពី​ទឹកចិត្ត​ឧកញ៉ា​ម្នាក់​នោះ ត្រូវ​បាន​ហ៊ិន ច័ន្ទនីរ័ត្ន និយាយ​យ៉ាង​សាមញ្ញ​ថា រូបនាង​មិន​មាន​ជាប់​ជំពាក់​បេះដូង​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ពោល​គឺ​បេះដូង​នាង​នៅ​ទំនេរ​ស្អាត​ដូច​ក្រដាស​ស​មួយ​សន្លឹក​អ៊ីចឹង​។

នាង​បាន​និយាយ​ថា​៖​«​រឿង​ឧកញ៉ា​អី​នោះ ក៏​អត់​មាន​ដែរ ពោល​គឺ​បេះដូង​ខ្ញុំ​នៅ​ទំនេរ​ស្អាត​តែ​ម្តង តែ​បើ​និយាយ​ថា អត់​សោះ​ក៏​មិន​កើត​ដែរ គឺ​មាន​ដែរ តែ​ខ្ញុំ​អត់​ទទួល​ទេ ព្រោះ​ចង់​គិត​រឿង​ការងារ​សិន​»៕

 

What Next?

Recent Articles