ហង្ស សុជាតា ស្ងាត់មួយរយៈធំ ប្រឹងស្តារមុខមាត់ ឡើងវិញ

ថ្ងៃទី 23 កក្កដា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ:  កញ្ញា ហង្ស សុជាតា បាន​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ​នៅ​ផលិតកម្ម ចម្រៀង និង​ភាពយន្ត​ខ្មែរ Reload Music បន្ទាប់ពី​កញ្ញា បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ ជាមួយនឹង​តំណាង​ក្រុមហ៊ុន កាលពី​ខែ​មុននេះ​។​

​នៅ​ដើមឆ្នាំ​២០០៣ កញ្ញា​បាន​ចូល​ធ្វើជា​អ្នកចម្រៀង ប្រចាំ​ផលិតកម្ម ក្នុងស្រុក​មួយ គឺ​ផលិតកម្ម Spark​។ ក្នុងអំឡុងពេល​នៅ​ផលិតកម្ម Spark កញ្ញា​ក៏​ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​ច្រើន​ដែរ​ពី​សំណាក់​ទស្សនិកជន និង​មិត្ត​យុវវ័យ​តាមរយៈ​បទ​ជាច្រើន​ដូចជា គាត់​មក​ឯង​, លុយ​បង​មាន​ទេ​, មិន​ថា​មិនបាន​, ទាល់ច្រក​, សាកល្បង​ស្នេហ៍​បង​ម្តងទៀត​, ស្អាត​តែ​អន់​ច​រិ​ក​…​។​

​ក្រៅពី​សមត្ថភាព​ច្រៀង កញ្ញា​សុជាតា មាន​ទេពកោសល្យ​ផ្នែក​រាំ និង​សម្តែង​បាន​យ៉ាង​ល្អ​ផងដែរ ព្រោះ​ពេល​នៅ​ផលិតកម្ម Spark កញ្ញា​ក៏​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​រឿង “​ព្យុះ​ជីវិត​យុវវ័យ​” ដែល​បាន​ចាក់ផ្សាយ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ហើយ​ទទួលបាន​ការគាំទ្រ​ច្រើន​ណាស់ដែរ​។​

​បន្ទាប់ពី​ចាកចេញ​ពី​ផលិតកម្ម Spark នោះ​ហើយ​កញ្ញា​មិនបាន​ចូល​ផលិតកម្ម​ណា​ទៀតឡើយ គឺមាន​តែ​គេ​អ​ញ្ញើញ​នៅតាម​កម្មវិធី​ផ្សេងៗ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ និង​តាម​Concert​ធំៗ​ជាច្រើន​។ បច្ចុប្បន្ននេះ​កញ្ញា​មាន​អាជីព​ផ្ទាល់ខ្លួន​មួយ គឺ​អ្នក​កាត់​សំលៀកបំពាក់​ម្នាក់​ដ៏​ជំនាញ និង​ច្នៃ​ម៉ូត​ផងដែរ​។

​សូម​រំលឹកថា កញ្ញា ហង្ស សុជាតា មាន​ស្រុកកំណើត​នៅ​ភ្នំពេញ និង​កំពុង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​។ កញ្ញា​ស្រលាញ់​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​នេះ តាំងពីក្មេង​មក​ម្លេះ ដូចនេះហើយ ទើប​ជំរុញ​អោយ​កញ្ញា​ខំ​ហ្វឹក​ហាត់រៀន​ច្រៀង ពី​ឪពុកមា​របស់​កញ្ញា​ផ្ទាល់ ព្រោះ​គាត់​មាន​វង់​តន្ត្រី​ស្រាប់​។

​បន្ទាប់ពី​ការហាត់​រៀន​ចេះ​ហើយ កញ្ញា​ក៏បាន​សំរេចចិត្ត​ចូល​ប្រលង​សិល្បៈ​កាលពី​ឆ្នាំ ២០០០ ប៉ុន្តែ​កាលនោះ កញ្ញា​ដើរ​ច្រៀង​តាម​ក្លឹប​ធំៗ​ជាច្រើន​នៅក្នុង​ភ្នំពេញ​។ នៅ​ចុងឆ្នាំ ២០០១ កញ្ញា​ក៏ត្រូវ​បាន​គេ​អញ្ជើញ​អោយទៅ​សម្តែង​នៅ​ប្រទេស​បារាំង​។

​រាល់ពេល​ទំនេរ កញ្ញា​ចូលចិត្ត​រក​អ្វីដែល​ថ្មី ដើម្បី​ច្នៃ​ម៉ូត​សំលៀកបំពាក់​ជូន​អតិថិជន​របស់​កញ្ញា​។ ក្រៅពី​ការច្នៃ​ម៉ូត កញ្ញា​ចូលចិត្ត​ដើរ Shopping​។ កញ្ញា​បាន​បន្ថែមទៀតថា កញ្ញា​អត់​មានបំណង​អ្វី​ផ្សេង​ក្រៅពី​ព្យាយាម ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ និង​មុខរបរ​របស់​កញ្ញា​ផ្ទាល់​ប៉ុណ្ណោះ​៕​ 

  ​

 

What Next?

Recent Articles