Thursday, 01 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាសម្តែងសម្បុរខ្មៅស្រអែមរាងតូចច្រឡឹង ដែលល្បីមានភាពហ៊ឺហា ក្រោយជួបឪពុកដែលបែកគ្នាតាំងពីនាងចាប់កំណើតក្នុងផ្ទៃម្តាយនាង ពៅលីដា ដែលមុននោះ ធ្លាប់តែអះអាងពីភាពមមាញឹកនិងការថតភាពយន្តរកពេលហូបបាយមិនចូលមាត់នោះ ពេលនេះបែរជាស្ងប់ស្ងាត់ដូចចោរលួចសេះ ទាំងខ្លួនឯងក៏មិនដឹងពីមូលហេតុអ្វីនោះ។
ជុំវិញភាពស្ងប់ស្ងាត់នេះ នាងធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖«មិនដឹងជាយ៉ាងម៉េចទេបានជាឱកាសថតភាពយន្តមួយរយៈចុងក្រោយជាស្ងប់ស្ងាត់នោះ។ មួយថ្ងៃៗអង្គុយចាំមើលតែការទាក់ទងឲ្យសម្តែងរឿងថ្មី និងមិនគិតថារឿងខ្នាតតូចខ្នាតធំនោះទេ ឲ្យតែមានផលិតករណាទាក់ទងមកនោះ នាងនឹងពិចារណាភ្លាម តែនៅតែអត់»។
បើទោះជានាងហាក់សម្តែងពីអារម្មណ៍បែបអន្ទះសា ចង់ស្វែងរកការងារក្នុងសិល្បៈយ៉ាងដូច្នេះក៏ដោយ នោះមិនមែនថា ពេលនេះនាងមិនមានឱកាសថតសម្តែងអ្វីសូម្បីបន្តិចនោះឡើយ ដោយនាងបញ្ជាក់បានថា៖«មិនមែនខ្ញុំមិនមានសកម្មភាពថតមួយសូសោះនោះទេ ពោលគឺសព្វថ្ងៃនេះខ្ញុំថតជាប់តែរហូតហ្នឹង ថតស្ប៉តថតចម្រៀងកាយវិការខារ៉ាអូខេទាំងផលិតកម្មក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែតិចតួច»។
ជាមួយការប្រែប្រួលនេះ មានមហាជនមិនតិចទេ ដែលនិយមតាមដានសកម្មភាពតារារូបនេះលើកឡើងថា ឆ្នាំនេះស្រីស្រស់ដែលល្បីភាពហ៊ឺហាក្រោយល្បីថា បានជួបឪពុកមានបុណ្យស័ក្តិធំ និងជាអ្នកមានទ្រព្យនោះពៅ លីដា ធ្វើអ្វីៗហាក់ដូចជាលាក់លៀមច្រើន កុំថាឡើយការងារសិល្បៈ សូម្បីធ្វើខួបកំណើតក៏នាងព្យាយាមលាក់បាំងដែរ។
ប៉ុន្តែទោះយ៉ាងណា ជុំវិញភាពត្អូញត្អែររបស់នាង ពៅលីដាមុននោះ និងទស្សនៈលើកឡើងរបស់មហាជននោះ មិនទទួលបានការបកស្រាយដោយផ្ទាល់របស់នាង ពៅ លីដា នោះឡើយ ខណៈដែលដំបូងឡើយភ្នំពេញប៉ុស្តិ៍ទាក់ទងទៅនោះពៅ លីដាប្រាប់ថា ចាំកន្លះម៉ោងទៀតចាំទាក់ទងមកដោយនាងលើកហេតុផលថា៖«ខ្ញុំកំពុងតែរវល់»។
លុះដល់ពេលទាក់ទងទៅជាថ្មីពេលនោះម្តាយរបស់នាងជាអ្នកលើកទូរស័ព្ទហើយនិយាយថា៖«ខ្ញុំជាម្តាយនាង»។ និយាយក្នុងសម្ដីខ្សាវៗ នោះ អ្នកស្រី ឈីត សារ៉ាត់ដែលជាម្តាយបង្កើតរបស់នាង ពៅ លីដា នោះបានប្រាប់ថា៖«លីដា កូនស្រីខ្ញុំមួយរយៈនេះ នាងមិនបានចេញថតភាពយន្តទេ ក្រៅពីថតស្ប៉តខ្លីៗ និងចម្រៀងកាយវិការការ៉ាអូខេ ដែលចំណាយថតមួយថ្ងៃៗចប់នោះ»។
អ្នកស្រីបាននិយាយផ្ទុយពីកូនស្រីថា៖«មិនមែនលីដាមិនមានគេហៅថតនោះទេ មានគេហៅនាងរហូតតែនាងមិនទទួល ព្រោះនាងនៅជាប់មើលថែខ្ញុំហ្នឹង ខ្ញុំឈឺច្រើនខែហើយ ឈឺដេកកន្ទេលតែម្តងហ្នឹង ហេតុនេះហើយទើបនាងមិនដាច់ចិត្តចេញថតនោះ។ នាងមិនមានអារម្មណ៍ល្អទេ ពេលដែលម្តាយឈឺធ្ងន់យ៉ាងនេះ»។
អ្នកស្រីបញ្ជាក់បន្ថែមថា៖«រយៈពេលពីរបីខែហើយ ដែលខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ ហើយពេលនោះ លីដា ឃ្លាតឆ្ងាយពីខ្ញុំមួយថ្ងៃតែពីរឬបីម៉ោងប៉ុណ្ណឹងទេ ទើបនាងមិនមានឱកាសទៅថតភាពយន្តនោះ។ បើសូម្បីតែខួបកំណើតកូន លីដា ឆ្នាំនេះក៏មិនបានធ្វើធំដុំដូចឆ្នាំមុននោះដែរ»។
ម្តាយពៅ លីដា ក៏បានប្រាប់ទៀតថា តាមស្ថានភាពក្នុងគ្រួសារ ដែលមានម្តាយឈឺនោះ លីដា ក៏មិនចង់ឲ្យមានពិធីខួបកំណើតដែរកាលពីខែមុននោះ ដូច្នេះក៏ធ្វើបែបលក្ខណគ្រួសារដោយសារ៉ាយ សក្ខណា នី មុនី្ននាថ លោក ញ៉ែម សំអូន និងប្រពន្ធ រួមទាំងសាយ សៀរ៉ា ចូលប្រាក់គ្នាធ្វើឲ្យ និងធ្វើនៅផ្ទះសៀរ៉ា តែម្តង៕