ភិន សុដាលីស-ប៉ែន តុលា​ ស្នេហ៍​រង្គោះរង្គើ​ផ្អាក​មង្គលការ

Thursday, 01 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130801_28b

តារា​សម្តែង ប៉ែន តុលា និង​នាង ភិន សុដាលីស នៅ​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​ដ៏​រីក​រាយ។ រូបថត សេត គឹមសឿន

កណ្តាលៈ ក្រោយ​បោះទុន​ថ្លៃ​ទឹកដោះ​ចំនួន​៤​ម៉ឺន​ដុល្លារ និង​បំពាក់​ចិញ្ចៀន​គ្នា​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​អធិកអធម​កាលពី​៤​ខែ​មុន​ហើយ​គ្រោង​នឹង​ដឹកដៃ​គ្នា​ចូល​រោងការ​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ចុង​ឆ្នាំ​២០១៣​នេះ ស្រាប់​តែ​នៅ​ពេល​នេះ​មាន​ព័ត៌មាន​បែកធ្លាយ​ថា ស្នេហា​ក្រោម​ចំណង​ភ្ជាប់ពាក្យ​រវាង​តារា​វ័យក្មេង ភិន សុដាលីស និង​តារាសម្តែង ប៉ែន តុលា កំពុង​ជួប​បញ្ហា​រង្គោះរង្គើ រហូត​ត្រូវ​លើក​ពេល​រៀបការ​ទៀត​ផង​។

គួរ​បញ្ជាក់​ថា ដោយសារ​ឪពុកបង្កើត​របស់​ខ្លួន​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​ស្រាប់ និង​តែង​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឈរ​តំណែង​ជា​តួឯក​គ្រប់​រឿង​នោះ ភិន សុដាលីស ក៏​បាន​ឡើង​កូដ​ខ្លាំង​ជាង​មុន​បន្តិច​នៅក្នុង​ឆ្នាំ​២០១២ និង​ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្រើន​។ ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​ស្ទុះ​ឡើង​នូវ​ប្រជាប្រិយភាព​ដោយ​ឪពុក​ជួយ​ជំរុញ​នេះ​មិន​បាន​ប៉ុន្មាន​ផង ភិន សុដាលីស ក៏​ត្រូវ​ធ្លាក់​ក្នុង​រណ្តៅ​ស្នេហា​ទាំង​វ័យក្មេង និង​បាន​សម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​នឹង​តារាសម្តែង​វ័យក្មេង​ស្រករ​ក្រោយ ក្រោម​ដំបូល​សិល្បៈ​តែ​មួយ​លោក ប៉ែន តុលា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៣​។

នៅ​ពេល​ជួប​ផ្ទាល់​ជាមួយ​នឹង​កញ្ញា ភិន សុដាលីស នាង​ហាក់​ស្ទាក់ស្ទើរ​នៅក្នុង​ការ​ឆ្លើយ​ប្រាប់​ចំពោះ​រឿង​នេះ តែ​យ៉ាង​ណា​នាង​បាន​ទទួល​ស្គាល់​ពី​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​រូបនាង និង​គូ​ដណ្តឹង​។ នាង​បាន​ឲ្យ​ដឹងថា ស្នេហា​របស់​នាង​ពិត​មាន​បញ្ហា​មែន ប៉ុន្តែ​មិនមាន​អ្វី​ធំ​ដុំ​ដូច​ដែល​គេ​លើក​ឡើង​នោះ​ឡើយ​។


តារាសម្តែង​ស្រករ​ក្រោយ​ដើរ​តំណែង​តួឯក​រហូត​ដោយសារ​មាន​ឪពុក​ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ស្រាប់​នាង ភិន សុដាលីស បាន​និយាយ​ថា​៖​«​និយាយ​ទៅ​ពួកខ្ញុំ​គ្មាន​រឿង​អ្វី​ឈ្លោះ​ទាស់ទែង​គ្នា​ខ្លាំងក្លា​នោះ​ទេ គឺ​គ្រាន់​តែ​ប៉ះ​ពាក្យសម្តី​គ្នា​តិចតួច​តែ​ប៉ុណ្ណោះ​»។

ទស្សនិកជន​នៅ​តែ​មិន​ទាន់​ជឿ​សម្តី​របស់​អនាគត​កូនក្រមុំ​នាង ភិន សុដាលីស ១០០​ភាគរយ​នៅ​ឡើយ​រឿង​ថា គ្រាន់​តែ​ប៉ះ​ពាក្យសម្តី​គ្នា​តិចតួច​នោះ ដោយសារ​តែ​ស្នេហា​របស់​ពួកគេ​ទាំង​ពីរ​ក៏​មិនមែន​ទើប​តែ​ចាប់​ផ្តើម​ភ្លាម ភ្ជាប់ពាក្យ​ភ្លែត​នោះ​ដែរ ពោល​គឺ​ពួកគេ​បាន​ស្គាល់​គ្នា​ចំនួន​២​ឆ្នាំ​កន្លះ​មក​ហើយ ហើយ​ក៏​បាន​ចំណាយ​ពេល​ស្វែងយល់​ចិត្ត​គ្នា​មិន​តិច​ឆ្នាំ​ដែរ ទម្រាំ​តែ​មាន​ការ​ព្រម​គ្នា​រវាង​សាមី​ខ្លួន និង​ចាស់​ទុំ​ទាំង​សង​ខាង​នោះ​ភ្ជាប់ពាក្យ និង​គ្រោង​រៀប​មង្គលការ​នៅ​ចុង​ឆ្នាំ​នោះ​។ ទស្សនិក​ជន​បាន​លើក​ឡើង​ថា បើ​ពួកគេ​ពិតជា​មាន​បញ្ហា​តូចតាច​មែន​នោះ ប្រហែល​ជា​ពួកគេ​ក៏​មិន​ទុក​ចំណង​ស្នេហ៍​ចោល ហើយ​លើក​ថ្ងៃ​ចូល​រោងការ​ដោយ​គ្មាន​ពេល​កំណត់​បែប​នេះ​ដែរ​។ តែ​យ៉ាង​ណា​ក៏​ការ​លើក​ពេល​នេះ ត្រូវ​បាន​ភិន សុដាលីស បញ្ជាក់​ថា ដោយសារ​តែ​ពួកគេ​ទាំង​ពីរ​មាន​ការងារ​រវល់​រៀង​ៗ​ខ្លួន​។

តារាសម្តែង​ស្ថិត​ក្នុង​ត្រកូល​អ្នក​ជំនួញ​ស្តុកស្តម្ភ​រូប​នេះ​បាន​និយាយ​ថា​៖​«​បញ្ហា​លើក​ពេល​ការ​រៀបចំ​មង្គលការ​នេះ គឺ​ដោយសារ​តែ​យើង​ទាំង​ពីរ​នាក់​មាន​ការងារ​រវល់​រៀង​ៗ​ខ្លួន ខ្ញុំ​កំពុង​ជាប់​ការងារ​សិល្បៈ​ផង ហើយ​ខ្ញុំ​ក៏​ជាប់​រៀន​នៅ​មហាវិទ្យាល័យ​ដែរ ទាល់​តែ​៣​ឆ្នាំ​ទៀត ទើប​ចប់​។ រីឯ​គាត់​(​តុលា​) ក៏​ជាប់​រៀនសូត្រ​ដែរ​»។

នាង​បាន​បញ្ជាក់​ថា​៖​«​ទោះ​បី​ជា​យ៉ាង​ណា​ការ​រៀបការ​នៅ​តែ​ធ្វើ​ដដែល គ្រាន់​តែ​យើង​មិន​ទាន់​ដឹង​ពេល​ច្បាស់លាស់​។ រីឯ​ចាស់ទុំ​ពួកគាត់​ធម្មតា​ទាំងអស់​គ្នា​អត់​មាន​បញ្ហា​ទេ​»។

ភិន សុដាលីស បាន​ឲ្យ​ដឹង​ថា នាង និង​គូដណ្តឹង​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដដែល ហើយ​ក៏​នៅ​តែ​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ដែរ គ្រាន់​តែ​ប្រហែល​មួយ​ខែ​នេះ​មិន​សូវ​ញឹកញាប់​ប៉ុណ្ណោះ​។

ប៉ុន្តែ​តារាសម្តែង ប៉ែន តុលា ជា​គូដណ្តឹង​បាន​បដិសេធ​មិន​ចង់​ធ្វើការ​បកស្រាយ​ជុំវិញ​ចំណង​ស្នេហ៍​រង្គោះរង្គើ​របស់​ពួកគេ​នេះ​ទេ តែ​លោក​បាន​ប្រាប់​យ៉ាង​ខ្លី​ថា លោក​នៅ​តែ​មាន​គម្រោង​រៀបការ​ជាមួយ​នឹង ភិន សុដាលីស ជា​គូដណ្តឹង​ដដែល រីឯ​រឿង​ផ្សេង​ៗ​ទៀត​ទាល់​តែ​សួរ​ភាគី​ខាង​គូដណ្តឹង​របស់​លោក​។

គួរ​បញ្ជាក់​ថា ភិន សុដាលីស និង​ប៉ែន តុលា ជា​តារាសម្តែង​ដូច​គ្នា តែ​គេ​បាន​ដឹង​ថា អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ស្ថិត​នៅក្នុង​គ្រួសារ​ស្តុកស្តម្ភ​ដូច​គ្នា​ដែល​មាន​លោកឪពុក​អ្នកម្តាយ​ជា​អ្នក​ជំនួញ​។ បើ​គេ​ក្រឡេក​មើល​គ្រួសារ​របស់ ភិន សុដាលីស ដែល​កំពុង​រស់នៅ​ក្នុង​ផ្ទះ​វីឡា​ដ៏​ស្តុកស្តម្ភ​និង​មាន​ក្រុមហ៊ុន​ជាច្រើន​កន្លែង​នោះ ប្រាកដ​ណាស់​ថា តារាសម្តែង ប៉ែន តុលា ត្រូវ​បោះទុន​ថ្លៃ​ទឹកដោះ​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ទេ​ទម្រាំ​តែ​អាច​ឆក់​យក​បាន​បេះដូង​ក្រមុំ​កូន​អ្នកមាន​ទ្រព្យ​នាង ភិន សុដាលីស ។ កន្លង​មក ប៉ែន តុលា បាន​បង្ហើប​ឲ្យ​ដឹងថា ថ្លៃ​ទឹកដោះ​របស់ ភិន សុដាលីស មាន​ចំនួន​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

នៅ​ពេល​នេះ ទស្សនិកជន​កំពុង​រង់ចាំ​មើល​ថា តើ​ស្នេហា​ពួកគេ​នឹង​មាន​ការ​ប្រែប្រួល​បែប​ណា​ទៀត ក្រោយ​ជួប​ព្យុះភ្លៀង​មួយ​ប្រាវ​នេះ​?​

 

What Next?

Recent Articles