ថ្ងៃ ព្រហស្បតិ៍ 01 សីហា 2013
ដោយ គឹម យុទ្ធណា
RFI
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្នើឲ្យភាគីគណបក្សនយោបាយរក្សាស្ថេរភាព សន្តិភាព និងស្នើឲ្យលើកយកបញ្ហាក្រោយការបោះឆ្នោតយកមកដាក់នៅលើតុចរចា ដើម្បីពិភាក្សាគ្នាដោយសន្តិវិធី ដោយចៀសវាងនូវអំពើហិង្សាផ្សេង។

លោក Jean-François Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១ សីហា។ Siv Channa/RFI
នៅក្នុងជំនួបបិទទ្វារមួយជាមួយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានថ្លែងថា ជាទូទៅ កិច្ចដំណើរបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលកន្លងទៅថ្មីៗនេះមានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមច្រើនពីប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ពិសេសនោះគឺការចូលរួមរបស់យុវជនដែលមានលក្ខណៈផុលផុសច្រើន ខណៈដែលអ្នកនយោបាយកម្ពុជាមានភាពចាស់ទុំខាងនយោបាយច្រើនជាងមុន។
តាមរយៈ លោកអ៊ុចបូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបបិទទ្វារនោះលោក ហ្សង់ហ្វ្រង់ស័រ កូតាំង បានថ្លែងថា ភាពមិនប្រក្រតី និងការតវ៉ានានាដែលកើតមានឡើងក្រោយការបោះឆ្នោត វាជារឿងធម្មតាដែលកើតមានតាមបណ្តាប្រទេសមួយចំនួនដែលមានប្រព័ន្ធបោះឆ្នោតដូចនៅកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ សម្រាប់កម្ពុជា ដែលកើតមានឡើងនូវភាពមិនប្រក្រតីក្រោយពីការបោះឆ្នោត គឺអ្នកនយោបាយកម្ពុជា«គ្រប់ភាគីទាំងអស់គួរលើកយកបញ្ហានេះមកជជែកគ្នាដោយសន្តិវិធី ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិភាព និងស្ថេរភាពនយោបាយជូនប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ អ្នកនាំពាក្យរបស់លោកស្រី Catherine Ashton តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិង សន្តិសុខ បានថ្លែងសាទរចំពោះប្រជាជនកម្ពុជាដែលបានចូលរួមការបោះឆ្នោត។ ប៉ុន្តែអ្នកស្រីក៏បានលើកឡើងផងដែរថា ដោយផ្អែកលើលទ្ធផលបណ្តោះអាសន្ន គ្រប់ភាគីគួរតែចូលរួមជាវិជ្ជមានក្នុងការកសាងអនាគតប្រទេសជាតិ និងបង្ហាញការប្តេជ្ញាចិត្តប្រកបដោយន័យស្ថាបនាក្នុងការធ្វើ កំណែទម្រង់ចាំបាច់នានាក្នុងទិសដៅពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
សហភាពអឺរ៉ុបក៏បានសម្តែងក្តីសង្ឃឹមថា រាល់ជម្លោះនានាដែលបញ្ជូនទៅគ.ជ.ប និងរាល់ចំណាត់ការនានានឹងធ្វើឡើងដោយតម្លាភាព និងយ៉ាងឆាប់រហ័ស។ ជាចុងក្រោសហភាពអឺរ៉ុបក៏បានអំពាវនាវឲ្យគ្រប់ភាគីរក្សាឲ្យបាននូវ ស្មារតីសន្តិភាពនិងប្រជាធិបតេយ្យ៕