ចំណាយ​១០​ម៉ឺន​ដុល្លារ​ថត​រឿង «​ម៉ឺនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​»

Friday, 02 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

កណ្តាលៈ នេះ​អាច​និយាយ​បាន​ថា​ជា​ភាពយន្ត​ភាគ​ទី​១​ហើយ ដែល​ផលិតករ​ខ្មែរ​បាន​ដឹកនាំ​ក្រុម​សិល្បករ​ឆ្លងដែន​ទៅ​ថត​នៅ​ក្រៅ​ប្រទេស​នោះ​។ ក្រោម​គំនិត​ច្នៃប្រឌិត​ថ្មី «​ម៉ឺនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​» ដែល​និយាយ​អំពី​វិជ្ជា​ធ្វើ​ម្ហូប​ដ៏​ល្បី​ៗ​មិន​ធ្លាប់​មាន​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​រំពឹង​ថា នឹង​អាច​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ដោយសារ​ភាពយន្ត​នេះ​បាន​ចំណាយ​សាច់​រឿង​ប្រមាណ​៣០​ភាគរយ​ថត​នៅ​បរទេស​ជាមួយ​នឹង​ទុន​គ្រោង​ទុក​ប្រមាណ​១០​ម៉ឺន​ដុល្លារ​។

លោក អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស​បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ភាគ «​ម៉ឺនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​» នឹង​ត្រូវ​ចេញ​ទៅ​ថត​នៅ​ប្រទេស​ថៃ​រយៈពេល​កន្លះ​ខែ ហើយ​ទីតាំង​ដែល​ត្រូវ​ថត​មាន​ដូចជា​នៅ​ទីក្រុង​បាងកក នៅ​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​មួយ​ចំនួន​ទៀត​។ លោក​បាន​បន្ត​ថា ភាពយន្ត​នេះ​កើតឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​ថៃ​តាមរយៈ​ការ​សហការ​ជាមួយ​នឹង​ស្ថានីយ​ទូរទស្សន៍​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​។

ដោយឡែក​សម្រាប់​តួសម្តែង​ដែល​មាន​ឱកាស​ឆក់​បាន​តំណែង​តួឯក​នៅ​ក្នុង​ភាពយន្ត​ភាគ​ថត​ឆ្លង​ប្រទេស​ដែល​ត្រូវ​ចំណាយ​ទុន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​នេះ គឺ​តារាសម្តែង​លោក ជា ខេវិន និង​កញ្ញា ភិន សុដាលីស​។ ជា ខេវិន តួឯក​ប្រុស​ក្នុង​រឿង​នេះ​និយាយ​ថា​៖​«​ខ្ញុំ​គិត​ថា រឿង​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ខាន ព្រោះ​នេះ​ជា​លើក​ទី​១​សម្រាប់​ភាពយន្ត​ភាគ​ខ្មែរ​ថត​នៅ​បរទេស ហើយ​វា​ក៏​ត្រូវ​នឹង​ជំនាញ​របស់​ខ្ញុំ​ផង​ដែរ​»។

គួរ​បញ្ជាក់​ថា ក្រោយ​ថត​ចប់​រឿង​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយប៉ុស្តិ៍​លេខ​៥៕

130802_21a

 

What Next?

Recent Articles