ថ្ងៃទី 5 សីហា 2013
ដោយ: សូផុន
CEN
ព្រំដែនកម្ពុជា-ថៃ-ខេត្តបន្ទាយមានជ័យ: ពលករខ្មែរចំនួន ៨៧ នាក់ប្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន រួចអប់រំអោយវិលទៅផ្ទះវិញ។

មន្ត្រីនគរបាល និយាយថ្ងៃទី៥ សីហាថា មានពលករខ្មែរជាច្រើនបានសម្រុកឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃវិញ នៅក្រោយពីពួកគេបានមកបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងទៅ។

ចំណាកស្រុកខុសច្បាប់បែបនេះ ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចេញបញ្ជាបន្ថែមអោយទប់ស្កាត់។ មន្ត្រីនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចេញអនុវត្ត ក្នុងនោះត្រួតពិនិត្យលើរថយន្តនីសាន់ ៣ គ្រឿង រកឃើញពលករខ្មែរមកពីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ៨៧ នាក់ (ស្រី ៣៩ នាក់) និងកុមារ ១១ នាក់។ ពួកគេមានគោលបំណងទៅធ្វើការនៅប្រទេសថៃ ដោយមធ្យោបាយឆ្លងដែនខុសច្បាប់ និងពឹងពាក់មេខ្យល់។

ដោយលើកពីមូលហេតុដែលនឹងបង្កគ្រោះថ្នាក់នានា និងជាអំពើខុសច្បាប់ផង នគរបាល បានអប់រំពួកគេ រួចអោយធ្វើកិច្ចសន្យាវិលត្រលប់ទៅលំនៅឋានវិញ និងប្ដូរមករកការងារក្នុងស្រុកធ្វើវិញ៕