ខណៈដែលប្រទេសកម្ពុជា កំពុងមានបញ្ហាស្ដីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលទើបកន្លងទៅនេះ នៅឯតំបន់ជាប់ព្រំដែនប្រទេសវៀតណាម មានសេចក្តីរាយការណ៍ថា ពលរដ្ឋវៀតណាម បានចូលមកលួចកាប់ឈើខ្មែរនាំចូលទៅប្រទេសវៀតណាម ជាថ្មីទៀត។
ដោយ រដ្ឋា វិសាល
2013-08-05
RFA

១-មករា-២០១៣៖ ដើមឈើដែលត្រូវគេកាប់រំលំនៅក្នុងព្រៃនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម ចំណុចខាងកើតព្រៃស្រោង និងព្រៃសហគមន៍ភូមិឡុំ។ RFA/Ratha Visal
សហគមន៍ជនជាតិដើមភាគតិច អ្នកការពារព្រៃឈើ អំពាវនាវឲ្យមន្ត្រីអាជ្ញាធរខេត្តរតនគិរី ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ សកម្មភាពជនជាតិវៀតណាម ចូលមកកាប់ឈើក្នុងដីខ្មែរក្បែរតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តំណាងសហគមន៍ជនជាតិចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោក រម៉ាស ស្វាត់ នៅថ្ងៃច័ន្ទ ទី៥ ខែសីហា មានប្រសាសន៍បញ្ជាក់ថា ពលរដ្ឋវៀតណាម មួយក្រុមបានចូលមកបោះជំរុំនៅក្បែរជើងភ្នំតួល ក្បែរព្រំប្រទល់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ គ្លបល ធិច រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) ហៅកាត់ថា ក្រុមហ៊ុន៧២ និងព្រៃសហគមន៍ការពារ ហើយកាប់ឈើដឹកជញ្ជូនចេញភ្លាមៗ ហើយបានអះអាងថា កាប់ឈើឲ្យក្រុមហ៊ុន។
លោកបន្តថា កាលពីថ្ងៃអាទិត្យ សហគមន៍មួយក្រុមមានគ្នា ៤នាក់ បានដើរល្បាតដល់ទីនោះ ឃើញរថយន្តស្ទូចឈើមួយគ្រឿង និងម៉ាស៊ីនគោយន្តពីរគ្រឿង និងពលរដ្ឋវៀតណាម ៦នាក់ កំពុងអាររំលំឈើនៅតំបន់នោះ៖ «វៀតណាម សុទ្ធ អត់ឃើញខ្មែរទេ និយាយវៀតណាម សុទ្ធតែម្តង តាមខ្ញុំឃើញ ៦នាក់។ ខ្ញុំសួរថា ឈើអ្នកណាកាប់ គេថាក្រុមហ៊ុន និយាយតែមួយម៉ាត់ហ្នឹងទេ គេគេចខ្លួនអត់នៅហ្នឹងអត់ជួបជាមួយខ្ញុំ»។
ទាក់ទិនករណីនេះដែរ តំណាងក្រុមហ៊ុន៧២ លោក មាស សុគន្ធមុនី បដិសេធថា ក្រុមហ៊ុនមិនមានចាត់កម្មករកាប់ឈើក្រៅបរិវេណដីក្រុមហ៊ុនគ្រប់គ្រងនោះទេ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានប្រមូលឈើមានវាយត្រា ដែលជាឈើប្រមូលពីការឈូសឆាយដីសម្បទានតែប៉ុណ្ណោះ៖ «ខ្ញុំវាយលេខតែក្នុងតំបន់ណាដែលខ្ញុំធ្វើទេ បើថាអាកាប់ក្រៅពីតំបន់ខ្ញុំធ្វើសុទ្ធតែពួកលួចកាប់ទេ សុទ្ធតែពួកអាខូចទេ»។
កាលពីខែកក្កដា សហគមន៍ភូមិឡំ បានឃើញជនជាតិវៀតណាម មួយក្រុមមកបោះជំរុំស្នាក់នៅចំណុចព្រៃព្រំប្រទល់ភូមិឡំ និងភូមិតេន ឃុំយ៉ាទុង ហើយបានអាររំលំឈើមូលក្នុងព្រៃ និងបន្តដឹកជញ្ជូនតាមច្រករបៀងចេញទៅប្រទេសវៀតណាម។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក ផាន់ ភីន មានប្រសាសន៍បញ្ជាក់ថា លោកក៏បានទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរឃុំរួចហើយ ស្ដីពីករណីនេះ។ លោកបន្តថា នឹងចាត់វិធានការបង្ក្រាបនៅពេលឆាប់ៗនេះ៖ «ទាក់ទងមេឃុំអស់ហើយ តែស្អែកប្រជុំផ្អាក សុំចាំខានស្អែកចុះបាទ»។
ដូចគ្នានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហៅកាត់ថា អាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍កត់សម្គាល់ថា តាមរបាយការណ៍សហគមន៍បញ្ជាក់ថា ក្រុមជនជាតិវៀតណាម ដែលចូលមកកាប់ឈើអះអាងថា ពួកគេជាអ្នកកាប់ឈើឲ្យក្រុមហ៊ុន៧២។ លោកអំពាវនាវឲ្យមន្ត្រីជំនាញស៊ើបអង្កេតករណីនេះ ពីព្រោះកន្លងទៅនេះ ក្រុមហ៊ុនសម្បទានវៀតណាម ដុង យឿង នៅតំបន់នោះក៏ធ្លាប់បានរកឃើញថា បានកាប់ឈើខុសគោលការណ៍សម្បទានសេដ្ឋកិច្ច៖ «មិនដឹងថាមានការពាក់ព័ន្ធនឹងក្រុមហ៊ុន៧២ ឬគ្រាន់តែពួកវៀតណាម ដែលជាអ្នកលួចចូលឆ្មក់ដឹកដោយខ្លួនឯង។ យើងកំពុងស្រាវជ្រាវ»។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ធ្លាប់ចាប់បានពលរដ្ឋវៀតណាម ៧នាក់ បញ្ជូនទៅតុលាការ ពីបទចូលមកកាប់ឈើក្នុងដីខ្មែរខុសច្បាប់ នៅតំបន់ព្រៃសហគមន៍ភូមិឡំ កាលពីខែធ្នូ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងទប់ស្កាត់សកម្មភាពដឹកឈើ
- រថយន្តធុនធំ២០គ្រឿងដឹកឈើចេញពីខេត្តមណ្ឌលគិរី
- បទសម្ភាសន៍ស្ដីពីសំណើសុំលុបចោលគណៈកម្មការទន្លេមេគង្គ
- គ.ខ.បខេត្តកំពតបដិសេធការចាប់បុរស៦នាក់ថាមិនមែនរឿងនយោបាយ
- សកម្មភាពកាប់ឈើអនាធិបតេយ្យនៅខេត្តឧត្ដរមានជ័យ
- ពលរដ្ឋនៅសង្កាត់ដង្កោស្នើឲ្យអាជ្ញាធរដោះស្រាយរឿងទឹកលិចផ្ទះ
- អ្នកនេសាទត្អូញត្អែរពីផលប៉ះពាល់បរិស្ថានពីការរែងរកមាសក្នុងទន្លេខេត្តស្ទឹងត្រែង
- ពលរដ្ឋត្អូញត្អែរពីការបង្ហូរទឹកស្អុយចូលសមុទ្រក្នុងក្រុងព្រះសីហនុ
- តម្លាភាពលើការអភិវឌ្ឍអាជីវកម្មធនធានរ៉ែនៅកម្ពុជា