Monday, 05 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយពីចំណងស្នេហ៍បុរសជនជាតិកូរ៉េឈ្មោះ គីម ត្រូវបានដើរដល់ផ្លូវលែងទៅមុខរួចនោះ ក៏ផ្តើមល្បីថា តារាសម្តែងសាច់សដូចពងមាន់បកសម្បូរស្នេហ៍នាង មាស សម្ផស្ស រកបានអ្នកថ្មីមកស្អំបេះដូងភ្លាមនិងថ្មីៗនេះទៀតក៏លេចឮថា កំពុងសាងស្នេហ៍សោយសុខជាមួយវេជ្ជបណ្ឌិតអាណិកជនខ្មែរអាមេរិកនិងរំអុកនាងសុំរៀបការមួយថ្ងៃបីដងទៀតផង។ ប៉ុន្តែយ៉ាងណា ដំណឹងស្នេហ៍ឆ្លងទ្វីបលើកនេះមិនត្រូវបានស្រីស្រស់សម្រស់ឆើតសម្បូរស្នេហ៍នាង មាស សម្ផស្សទទួលស្គាល់ឡើយ ហើយថែមទាំងអះអាងបែបម៉ឺងម៉ាត់ថា ឆ្លងកាត់ជីវិតស្នេហាបរាជ័យមួយលើកជាពីរលើកមកនាងមិនបាននឹកចង់មានស្នេហាទៀតនោះឡើយ។
រំឭករឿងអាស្រូវស្នេហ៍តារាសម្តែងនាង មាស សម្ផស្ស ហាក់មានភាពលេចធ្លោជាងសកម្មភាពសិល្បៈក្នុងអំឡុង១០ឆ្នាំមកនេះ។ ផ្តើមស្នេហ៍បរាជ័យដំបូង កាលពី៥ឆ្នាំមុន ខណៈដែលកេរ្តិ៍ឈ្មោះក្នុងសិល្បៈទើបតែងើបឡើងនោះ មាស សម្ផស្សបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសទ្រព្យស្តុកអាណិកជនខ្មែរនៅអាមេរិកឈ្មោះ យ៉ាវ ស៊ីណោះ ហើយស្នេហាគ្រាដំបូងរបស់នាងកាលនោះក៏បានដើរដល់ចំណុចយល់ចិត្តថ្លើមគ្នា និងរំកិលខិតជិតដល់ថ្ងៃក្រាបផ្ទឹមទៀតផងស្រាប់តែលេចមុខប្រពន្ធដើមកំពូលស្នេហ៍ពីអាមេរិកតម្រូវឲ្យនាងដកខ្លួនចេញពីសង្វៀនស្នេហ៍ត្រីកោណនេះទាំងឈឺចាប់។
តែយ៉ាងណាពេលនោះ នាងមិនបានប្រកាសរាងចាលនឹងស្នេហានោះឡើយ ហើយនាងក៏ធ្លាប់បានលើកឡើងដោយភាពជឿជាក់ទៀតថា៖«មិនមែននៅលើលោកនេះរកបុរសមានបេះដូងស្អាតស្អំមិនបាននោះទេ ថ្ងៃណាមួយខ្ញុំនឹងជួបស្នេហ៍ពិតរបស់ខ្ញុំមិនខានឡើយ»។ឆ្នាំ២០១២ជាឆ្នាំដែលតារាសម្តែងមានកំណើតពីទឹកដីខេត្តបន្ទាយមានជ័យនាង មាស សម្ផស្សប្រកាសពីភាពកក់ក្តៅនៃបេះដូង ដែលខ្លួនប្រឹងស្វែងរកជាច្រើនឆ្នាំទើបបានជួប។ នាងបានប្រកាសក្ដែងៗថា បេះដូងនាង មិនឯកាទៀតទេ គឺរកបានចំណងស្នេហ៍ពិតហើយ ហើយបេះដូងពួកគេទាំងពីរកំពុងដង្ហោយចាំថ្ងៃដឹកដៃគ្នាចូលរោងការ។ ពេលនោះដែរបើទោះជាឪពុកម្ដាយរបស់នាងហាក់មិនសូវគាំទ្រសម្ព័ន្ធស្នេហានេះក្ដីប៉ុន្តែនាងមាស សម្ផស្ស នៅតែអះអាងថា៖ «អាពាហ៍ពិពាហ៍របស់ខ្ញុំ និងបង គីម ត្រូវតែកើតមានបើទោះជាយើងមានអ្នកជំទាស់យ៉ាងណាក៏ដោយ»។
តែទីបំផុតការរំពឹងនិងភាពជឿជាក់របស់តារាសម្ដែងវ័យ២៦ឆ្នាំនាងមាស សម្ផស្សចំពោះចំណងស្នេហ៍សាសន៍ដទៃក្នុងទ្វីបជាមួយគ្នានេះ មិនខុសពីលទ្ធផលស្នេហ៍ទីមួយឡើយ។
ខណៈដែលលទ្ធផលស្នេហ៍ជាមួយបុរសភ្នែកតឹង ស្រាប់តែដើរជាន់គន្លងស្នេហ៍អតីតកាលមិនបានប៉ុន្មានផងក៏ល្បីថា ស្រីស្រស់សម្បូរស្នេហ៍រូបនេះ បានទៅបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសនៅអូស្រ្តាលីនិងបន្ទាប់មកក៏ល្បីថានាងបានរកឃើញស្នេហ៍មួយទៀតនៅឯសហរដ្ឋអាមេរិកវិញ តែនៅពេលជួបមាស សម្ផស្ស នាងបានបដិសេធ។
ផ្ទុយពីការបង្ហើបឲ្យដឹងមុននោះ ពេលថ្មីៗនេះមាស សម្ផស្ស បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងមិនអាចទទួលយកបានទេចំពោះសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថានាងកំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសម្នាក់រស់នៅអាមេរិក។ក្នុងពាក្យសម្ដីធ្ងន់ៗ នាង មាសសម្ផស្សបញ្ជាក់ថាបុរសវេជ្ជបណ្ឌិតដែលជាអាណិកជនអាមេរិកនោះតាមពិតជាមិត្តភក្តិដែលនាងបានស្គាល់ជាង៣ឆ្នាំមកហើយដល់ពេលគេឃើញនាងរាប់អានគ្នាក្នុងអាជីពរកស៊ីនោះ ក៏ថាមានទំនាក់ទំនងក្នុងរឿងស្នេហា។ នាងបន្ថែមថាមនុស្សយើងតែងតែមានមិត្តភក្តិដូច្នេះហើយហេតុអ្វីក៏គេគិតទៅលើតែរឿងស្នេហាបែបនេះ»។
តារាសម្តែងស្រស់សោភាដែលជំពប់រឿងជីវិតស្នេហ៍ច្រើនភ្លើងរូបនេះ បានបញ្ជាក់ដោយខ្លីថា៖«សព្វថ្ងៃនេះនាងខ្ញុំកំពុងគិតពីរឿងបង្កើតមុខរបររកស៊ីថ្មីមួយ និងប្រឹងពង្រឹងអាជីពសិល្បៈជារឿងសំខាន់ខ្ញុំមិនបានចំណាយពេលទៅគិតរឿងស្នេហាទៀតនោះទេ៕