មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពង់ឆ្នាំង បានរកឃើញថា មន្ត្រីរដ្ឋបាលសាធារណៈមានភាពអសកម្មក្នុងការបំពេញមុខនាទីរបស់ខ្លួន ដើម្បីផ្ដល់សេវាកម្មសាធារណៈដល់ពលរដ្ឋក្នុងខេត្តនេះ នៅក្រោយការបោះឆ្នោតជាតិអាណត្តិទី៥។ សង្គមស៊ីវិលបញ្ជាក់ថា ភាពអសកម្មនេះ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដោយ ជិន ជេដ្ឋា
2013-08-05
RFA

មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ចន្ចមុនី ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
បើទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានបញ្ចប់ទៅជាងមួយសប្ដាហ៍ទៅហើយក្ដី ក៏មន្ត្រីបម្រើសេវាកម្មសាធារណៈនៅក្នុងខេត្តកំពង់ឆ្នាំង មួយចំនួន មិនទាន់ចូលធ្វើការ ឬចាប់ផ្ដើមការងាររបស់ខ្លួនឲ្យបានពេញដៃពេញជើងនៅឡើយ។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ចន្ចមុនី មានប្រសាសន៍នៅថ្ងៃទី៥ សីហា ថា អង្គការលីកាដូ បានរកឃើញភាពអសកម្មមួយចំនួនរបស់មន្ត្រីសេវាកម្មសាធារណៈ ដូចជា តុលាការ សាលាខេត្ត ស្រុក រហូតដល់សាលាឃុំ នៅមិនទាន់បំពេញការងាររបស់ខ្លួនឲ្យបានពេញលេញនៅឡើយ បើគិតចាប់តាំងពីថ្ងៃបោះឆ្នោត រហូតមកដល់ពេលនេះ៖ «បើចាំតែបោះឆ្នោតតម្រូវការគាត់នៅថ្ងៃហ្នឹង មុនបោះឆ្នោត ឬក្រោយបោះឆ្នោតហ្នឹង គាត់ត្រូវការ ហើយគាត់ត្រូវការថាការកូនថ្ងៃហ្នឹង គាត់ធ្វើបុណ្យថ្ងៃហ្នឹងអីចឹង វារំលោភលើសិទ្ធិធ្វើជាវប្បធម៌សិទ្ធិសាសនាអីចឹង វាត្រូវការរដ្ឋបាលសាធារណៈហ្នឹងឯង ដើម្បីបំពេញកិច្ចឲ្យគាត់»។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មានប្រសាសន៍ថា គ្រួសារគាត់ និងអ្នកភូមិ ៣គ្រួសារផ្សេងទៀត មានទំនាស់ដីសាងសង់លំនៅឋានជាមួយនឹងវត្តថ្នល់អណ្ដែត ចាប់តាំងពីឆ្នាំ២០១៣ មកដល់ពេលនេះនៅមិនទាន់ដោះស្រាយចប់នៅឡើយ។ អ្នកស្រីបន្តថា មន្ត្រីតុលាការ និងសាលាស្រុក បានសន្យាថានឹងគិតគូរដោះស្រាយបញ្ហានេះនៅក្រោយថ្ងៃបោះឆ្នោត ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គាត់មិនទាន់ទទួលបានដំណឹងអ្វីជាផ្លូវការនៅឡើយទេ៖ «ទៅរាល់តែថ្ងៃសោះ ហើយបើមិននេះ សាកសួរអង្គការលីកាដូ ចុះ។ ទៅមកវិញ ជួនកាលបានចូល ជួនកាលអត់បានចូលមកវិញ យប់អីចឹងម៉ោង ៧យប់អី បានដល់ផ្ទះ ព្រោះខ្ញុំជិះតែកង់»។
ស្រដៀងគ្នានឹងការលើកឡើងនេះ មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចិត្រា មានប្រសាសន៍ថា មិនថាតែនៅតាមស្ថាប័នសំខាន់ក្នុងខេត្តទេ នៅតាមឃុំក៏មានភាពអសកម្មកើតឡើងដែររហូតមកដល់ថ្ងៃនេះ៖ «ខ្ញុំផ្ទាល់ខ្លួនហ្នឹង ព្រឹកមិញខ្ញុំបានទៅទំនាក់ទំនងខាងផ្នែកតុលាការហ្នឹង ពេលហ្នឹងតុលាការបានបញ្ជាក់ថា រឿងហ្នឹងគាត់បានបញ្ជូនទៅឲ្យខាងប៉េអិម ដើម្បីស៊ើបអង្កេតរឿងហ្នឹង ពេលខ្ញុំទៅដល់កន្លែងប៉េអិមហ្នឹង គ្រប់ការិយាល័យទាំងអស់នៅរាជអាវុធហត្ថ អត់មានបើកទ្វារទាំងអស់ ចាក់សោជាប់គ្រប់ការិយាល័យដែលធ្វើឲ្យយើងមិនអាចទាក់ទងបាន»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង លោក សៀក គឹមលាង មានប្រសាសន៍បដិសេធចំពោះការលើកឡើងរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់គ្រងស្ថានការណ៍បានល្អ និងផ្ដល់សេវាកម្មសាធារណៈជូនប្រជាពលរដ្ឋមិនដែលអាក់ខានឡើយ៖ «ចំពោះកិច្ចការនេះ អត់មានផងអាជ្ញាធរសាធារណៈ គឺបំពេញតួនាទីភារកិច្ចរបស់ខ្លួនទៅតាមសមត្ថកិច្ចរៀងៗខ្លួន អត់មានបញ្ហាអីទេ»។
មន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋរស់នៅក្នុងឃុំមួយចំនួននៃស្រុកសាមគ្គីមានជ័យ បានត្អូញត្អែរពីការលំបាកក្នុងការធ្វើលិខិតស្នាមផ្សេងៗ ដូចជា លិខិតសុំធ្វើបុណ្យ មង្គលការ និងលិខិតបញ្ជាក់កំណើត ដើម្បីយកទៅធ្វើការ និងខ្ចីលុយអង្គការជាដើម ត្រូវបានមេឃុំបដិសេធ ឬមានភាពអល់អែកក្នុងការចុះហត្ថលេខាបញ្ជាក់ឲ្យប្រជាពលរដ្ឋ ព្រោះអាជ្ញាធរទាំងនោះយល់ថា គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅក្នុងមូលដ្ឋាននេះ។
មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ការអាក់ខាន ឬបដិសេធមិនផ្ដល់សេវាកម្មសាធារណៈណាមួយពីមន្ត្រីសាធារណៈដល់ប្រជាពលរដ្ឋ គឺប៉ះពាល់ដល់សិទ្ធិទទួលបានសេវាកម្មសាធារណៈពីរដ្ឋ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃពួកគាត់ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- មេដឹកនាំបក្សសង្គ្រោះជាតិថ្លែងអំណរគុណម្ចាស់ឆ្នោតនៅព្រៃវែង
- សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
- គ.ជ.ប ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត
- ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោតត្រូវបរាជ័យ
- តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង