កុល ដាវី បើក​ឆាក​រកស៊ី​នៅ​ច្រក​ត្រពាំងផ្លុង

Tuesday, 06 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130806_20a

កំពង់ចាមៈ ទើប​តែ​ត្រឡប់​មកពី​អាមេរិក​វិញ ហើយ​ក៏​ចាប់​ដៃ​គ្នា​រកស៊ី​ដោយ​បើក​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ដោយ​ដាក់​ឈ្មោះ​ថា «​Star Band​» នោះ នៅ​ពេល​នេះ កុល ដាវី និង សុខ រក្សា ដែល​គេ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​មាន​ពន្លក​ស្នេហ៍​នឹង​គ្នា​នោះ ក៏​មាន​ហុងស៊ុយ​ខ្ពស់​ភ្លាម​តែ​ម្តង​ដោយ​ពួកគេ​បាន​ទទួល​ឱកាស​រៀបចំ​កម្មវិធី​នៃ​ការ​បើក​សម្ពោធ​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​ត្រពាំងផ្លុង​។

តារាសម្តែង និង​ជា​ពិធីការិនី​នាង កុល ដាវី បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី​នៅ​ត្រពាំងផ្លុង​ជា​ការ​បើក​ឆាក​លើក​ដំបូង​ក្រោយ​ពេល​រូប​នាង និង​សុខ រក្សា​បាន​សម្រេច​ចិត្ត​បោះទុន​រកស៊ី​រួម​គ្នា​នោះ​។ កម្មវិធី​នោះ​គឺ​ការ​បើក​សម្ពោធ​កាស៊ីណូ​ដ៏​ធំ​មួយ​ឈ្មោះ​ថា Diamond Star នៅ​ច្រក​ព្រំដែន​ត្រពាំងផ្លុង​។

នាង​បាន​និយាយ​ថា​៖​«​កាស៊ីណូ​នៅ​ត្រពាំងផ្លុង​ហ្នឹង​គេ​បាន​រៀបចំ​ពិធី​សម្ពោធ​ដូច្នេះ​ក៏​បាន​ជួល​ក្រុម​របស់​ខ្ញុំ​ហ្នឹង​ទៅ​រៀបចំ​ការ​ប្រគំតន្ត្រី​ខ្នាត​កណ្តាល​មួយ​នៅ​ទីនោះ​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​តែ​ម្តង​ហើយ​នោះ​ក៏​ជា​ការ​បើក​ឆាក​សម្រាប់​ការ​រកស៊ី​របស់​ខ្ញុំ និង​បង​រក្សា​លើក​ដំបូង​ផង​ដែរ​»។

ទោះ​បី​ជា​ការ​បើក​ឆាក​ក្តី តែ កុល ដាវី បាន​ឲ្យ​ដឹង​ថា ក្រុម Star Band របស់​នាង​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​បាន​ទទួល​កាដូ​បន្ថែម​គ្រប់​គ្នា​លើ​ប្រាក់​ឈ្នួល​ទៀត​ផង​។ នៅក្នុង​កម្មវិធី​នោះ កុល ដាវី បាន​ឲ្យ​ដឹង​ថា ក្រុម​Star Band របស់​នាង​បាន​ទទួល​រៀបចំ​ការ​ប្រគំតន្ត្រី​ថ្នាក់​កណ្តាល កម្មវិធី​ចាប់​រង្វាន់ ក្រុម​តន្ត្រី និង​តារា​ចម្រៀង​។ ក្នុង​រយៈពេល​៣​ថ្ងៃ​នោះ ពិធីការិនី​សិចស៊ី​នាង កុល ដាវី បាន​បញ្ជាក់​ថា ការ​ប្រគំតន្ត្រី​នោះ​មាន​តារាចម្រៀង​ល្បី​ៗ​ជាច្រើន​ដួង​បាន​ចូលរួម ដូចជា​លោក ឆាយ វីរៈយុទ្ធ អ្នកនាង មាស សុខសោភា ក្រុម Classic កញ្ញា ម៉ាយ៉ាវីន កញ្ញា នី មុនីនាថ និង​តារាចម្រៀង​ជាច្រើន​ដួង​ទៀត រួម​ជាមួយ​នឹង​ក្រុម​កំប្លែង​នាយ ពាក់មី ផង​ដែរ​។

នាង​បង្ហើប​ថា សម្រាប់​ការ​រៀបចំ​កម្មវិធី​នេះ នាង​បាន​ទទួល​កម្រៃ​សមរម្យ​។

នៅពេល​ក្លាយ​ខ្លួន​ជា​ថៅកែ​ខ្លួន​ឯង កុល ដាវី និយាយ​ថា​៖​«​ជំហាន​ដំបូង​រាង​ពិបាក​បន្តិច តែ​យ៉ាង​ណា​យើង​បាន​ធ្វើ​ដោយ​ជោគជ័យ​។ ដូច្នេះ​យើង​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ​យើង​នឹង​អាច​ទទួល​បាន​ការងារ​កាន់​តែ​ច្រើន និង​ធំ​ៗ​»។

តារា​លេង​ដើមទ្រូង​រូប​នេះ​បន្ត​ថា​៖​«​សម្រាប់ Star Band យើង​មាន​ទទួល​រៀបចំ​ការ​ប្រគំតន្ត្រី Mini ពិធី​ជប់លៀង ខួបកំណើត ពិធីមង្គលការ និង​ពិធី​ជាច្រើន​ទៀត ហើយ​ខ្ញុំ និង​ក្រុម​ការងារ​ធានា​ថា នឹង​រៀបចំ​ពិធី​ទាំងនោះ​ម៉ា​ពេញចិត្ត​របស់​ភ្ញៀវ​តែ​ម្តង​»៕

 

What Next?

Recent Articles