មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មួយរូប រងការប្ដឹងចោទប្រកាន់ថា បានប្រើអំពើហិង្សាវាយទៅលើក្មេងស្រីជំទង់ពីរនាក់បងប្អូន ឲ្យរបួសដោយសារតែជម្លោះរវាងភរិយាមន្ត្រីកងរាជអាវុធហត្ថ ជាមួយក្មេងស្រីទាំងពីរនាក់នោះ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានជួយអន្តរាគមន៍ករណីនេះ តាមផ្លូវតុលាការ ដើម្បីស្វែងរកយុត្តិធម៌ក្នុងរឿងក្តីនេះ។
ដោយ រដ្ឋា វិសាល
2013-08-06
RFA

នារីឈ្មោះ ណឹម អូន (ឆ្វេង) និង ណឹម ស្រី ដែលរងរបួសក្បាល រស់នៅភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។ Photo Adhoc
មន្ត្រីស្ថាប័នអយ្យការនៃតុលាការខេត្តរតនគិរី បានសម្រេចចាត់ឲ្យមន្ត្រីប៉ូលិសនៃស្នងការដ្ឋានប៉ូលិសខេត្ត ស៊ើបអង្កេតបន្ទាន់មួយទៅលើពាក្យប្ដឹងរបស់ក្មេងស្រីជំទង់ពីររូប ដែលបានប្ដឹងមន្ត្រីកងរាជអាវុធហត្ថខេត្ត ថាបានវាយពួកគេឲ្យរងរបួសពីរនាក់បងប្អូន។
ព្រះរាជអាជ្ញារងតុលាការខេត្តរតនគិរី លោក រស់ សារាំ មានប្រសាសន៍នៅថ្ងៃអង្គារ ទី៦ ខែសីហា ថា ដើម្បីស្វែងរកវត្ថុតាងបទល្មើសឲ្យបានទាន់ពេលវេលា លោកសម្រេចឲ្យមន្ត្រីប៉ូលិសជំនាញស៊ើបអង្កេតបន្ទាន់ ដើម្បីរកយុត្តិធម៌ក្នុងរឿងក្តីនេះ។ លោកបន្តថា នារីពីរនាក់បងប្អូន បានមកដាក់ពាក្យបណ្ដឹងនៅស្ថាប័នអយ្យការនៅថ្ងៃអង្គារ ទី៦៖ «អយ្យការមិនទទួលចាត់ការខ្លួនឯងទេ ព្រោះត្រូវចាំពេល ១០ថ្ងៃ ដើម្បីកោះហៅគេ អ៊ីចឹងវាធ្វើឲ្យបាត់បង់ភស្តុតាងណា! យើងឃើញមានរបួសស្នាមជាក់ស្តែង អ៊ីចឹងហើយ បានជាយើងយល់ឃើញថា ជាវិធានការបន្ទាន់មួយ គឺយើងបញ្ជូនឲ្យទៅខាងប៉ូលិស ដើម្បីចាត់ការជាបន្ទាន់»។
ក្មេងស្រីទាំងពីរនាក់មានឈ្មោះ ណឹម ស្រី អាយុ ២៣ឆ្នាំ និង ណឹម អូន អាយុ ២០ឆ្នាំ។ ចំណែកមន្ត្រីកងរាជអាវុធហត្ថ គឺលោក ឆាត វឿ។ អ្នកទាំងបីមានលំនៅឋានជិតគ្នា គឺក្នុងភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
យោងពាក្យប្ដឹងរបស់នារីទាំងពីរ ដែលវិទ្យុអាស៊ីសេរី ទទួលបានពីមន្ត្រីសមាគមអាដហុក (Adhoc) ខេត្តរតនគិរី ឲ្យដឹងថា គ្រួសារទាំងពីរធ្លាប់មានជម្លោះនឹងគ្នា ដោយសាររឿងវាយឆ្កែទៅវិញទៅមក កាលពីថ្ងៃទី៣ ខែសីហា ហើយរំលងបានមួយថ្ងៃ ភរិយាមន្ត្រីកងរាជអាវុធហត្ថបានជិះម៉ូតូមកប៉ះជាមួយម៉ូតូនារីពីរនាក់បងប្អូន បណ្ដាលឲ្យដួល ទើបកើតជម្លោះពាក្យសម្ដីជេរគ្នាកើតឡើង។ បន្ទាប់មក មន្ត្រីអាវុធហត្ថ និងភរិយា ក៏បានប្រើស្បោងដាក់ទឹកកកដុំ វាយ និងទាត់នារីទាំងពីររហូតមានរបួស។
ទាក់ទងករណីនេះ នារីឈ្មោះ ណឹម ស្រី មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអាវុធហត្ថបានរំលោភប្រើអំពើហិង្សាវាយនាង និងប្អូនស្រីរបស់នាងដោយបំពាន។ នាងអះអាងថា សុំឲ្យតុលាការរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តពីរនាក់បងប្អូន ពីមន្ត្រីកងរាជអាវុធហត្ថ ជាប្រាក់ ២០លានរៀល៖ «គាត់គុំពីល្ងាច ហើយគាត់និយាយឲ្យហក់មក វាយពួកខ្ញុំ ដល់ពេលខ្ញុំនិយាយថា ហក់មកវាយមក អ៊ីចឹង ប្ដីគាត់ក៏ទាត់ខ្ញុំមួយជើងនៅលើម៉ូតូហ្នឹងនៅលើកញ្ចឹងក ប្រពន្ធក៏វាយដែរ ប្រតាយប្រតប់គ្នាហ្នឹង»។
ឆ្លើយតបការចោទប្រកាន់នេះ មន្ត្រីកងរាជអាវុធហត្ថ លោក ឆាត វឿ បដិសេធថា មិនបានវាយនារីទាំងពីរនោះទេ គឺភរិយាលោកបានវាយតប់ជាមួយនារីទាំងពីរ ហើយលោកបានទៅជួយឃាត់តែប៉ុណ្ណោះ៖ «ខ្ញុំបានទៅទាញឃាត់វាទាំងសងខាង ទាំងជាងខ្ញុំក៏ចេញឃាត់ដែរ»។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក លោក មាន ព្រហ្មមុនី មានប្រសាសន៍បញ្ជាក់ថា លោកបានចុះអង្កេតដល់កន្លែងកើតហេតុ និងបានឃើញនារីទាំងពីរមានរបួសនៅចិញ្ចើមស្តាំដូចគ្នា។ លោកបន្តថា ប្រសិនសមត្ថកិច្ចរកឃើញថា មន្ត្រីអាវុធហត្ថវាយបង្ករបួសស្នាមនេះមែននោះ គឺជាអំពើរំលោភសិទ្ធិមនុស្ស ជាពិសេសបំពានប្រើអំពើហិង្សាទៅលើនារីភេទ៖ «ប្អូនត្រូវធ្ងន់ជាង បែកដេរប្រមាណ ៦ថ្នេរ បងដាច់ចិញ្ចើមដូចគ្នាដែរជាំខ្លួន ជាំក្បាល ខាងខ្ញុំកំពុងសួររកសាក្សី ព្រោះមានអ្នកនៅហ្នឹងឃើញដែរ»។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ផែន ឌីណា មានប្រសាសន៍បញ្ជាក់ថា លោកបានចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតករណីនេះរួចហើយ ដើម្បីកសាងសំណុំរឿងជូនមន្ត្រីអយ្យការចាត់ការរឿងក្តីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- លីកាដូ៖ មន្ត្រីរដ្ឋបាលមួយចំនួននៅកំពង់ឆ្នាំងអសកម្មក្នុងការងារក្រោយបោះឆ្នោត
- តុលាការរតនគិរីនឹងប្រកាសសាលក្រមរឿងសម្លាប់អ្នកកាសែតវរជនខ្មែរថ្ងៃ២៨សីហា
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- មេធាវីជំរុញតុលាការពាណិជ្ជកម្មអង់គ្លេសពន្លឿនសំណុំរឿងពលរដ្ឋខេត្តកោះកុង
- ពលរដ្ឋនៅកំពង់ឆ្នាំងស្នើសុំអាជ្ញាធរទប់ស្កាត់វង់ល្បែងអាប៉ោងនិងបៀ
- លោក ប្រែដ អាដាម៖ ដំណើរការបោះឆ្នោតនៅកម្ពុជាលម្អៀងទៅបក្សកាន់អំណាច
- វិទ្យុFMក្នុងស្រុកមិនផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសារយៈពេល២ថ្ងៃ
- អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌នៅកម្ពុជា