សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលគ្មានលទ្ធភាពទប់ស្កាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មិនឲ្យបែកធ្លាយ។ គ្រូបង្រៀន និងបេក្ខជនប្រឡង បានអះអាងថា រយៈពេល ២ថ្ងៃមកនេះ វិញ្ញាសាប្រឡងភាគច្រើនបានបែកធ្លាយ ហើយបេក្ខជនប្រឡងបានប្រមូលលុយជូនគ្រូអនុរក្ស ជាថ្នូរអាចបើកចម្លងចម្លើយក្នុងបន្ទប់ប្រឡងដោយគ្មានការហាមឃាត់។
ដោយ ដែន អយុធ្យា
2013-08-06
RFA

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាទីស្នាក់ការសមាគម រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣។ RFA/Den Ayuthyea
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំនេះ វិញ្ញាសាប្រឡងភាគច្រើនបានបែកធ្លាយ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ ខែសីហា របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការបែកធ្លាយវិញ្ញាសាប្រឡង និងស្នើឲ្យចាត់វិធានការជាបន្ទាន់។
សមាគមគ្រូបង្រៀនបានចាត់ទុកការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំនេះថា ជារឿងអាម៉ាស់របស់វិស័យអប់រំនៃប្រទេសកម្ពុជា។
បន្ថែមលើនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា នៅថ្ងៃទី២ នៃសម័យប្រឡងបាក់ឌុប ឆ្នាំនេះ គឺថ្ងៃទី៦ ខែសីហា សមាគមគ្រូបង្រៀនទទួលបានរបាយការណ៍ពីភាពមិនប្រក្រតីកើតមាននៅក្នុងមណ្ឌលមួយចំនួន ដែលប្រធាន និងអនុប្រធានមណ្ឌល សហការជាមួយគ្រូឯកទេស ធ្វើចម្លើយវិញ្ញាសាលក់ឲ្យបេក្ខជនប្រឡងនៅតាមបន្ទប់ប្រឡង។
លោកថា ករណីនេះបានកើតមាននៅតាមមណ្ឌលភាគច្រើនស្ទើរទូទាំងប្រទេស ដោយគ្រូអនុរក្សខ្លះបានតម្រូវឲ្យបេក្ខជនបង់ថវិកាជូនពួកគេចាប់ពី ១ម៉ឺនរៀលឡើងទៅ ជាថ្នូរទទួលបានបើកចម្លងចម្លើយគ្មានការហាមឃាត់៖ «សង្គមកម្ពុជា យើង បើសិនជាវិស័យអប់រំមិនត្រូវបានកែលំអទេ យើងមិនអាចអភិវឌ្ឍដូចបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅបណ្ដាប្រទេសលើពិភពលោកទេ។ យើងដឹងហើយ ការអប់រំដើរតួសំខាន់ណាស់ក្នុងការអប់រំ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ»។
មិនខុសគ្នាទេ គ្រូអនុរក្សមិនបង្ហាញអត្តសញ្ញាណម្នាក់បានទទួលស្គាល់ថា ពិតជាមានករណីបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំនេះពិតមែន។ លោកអះអាងថា វិញ្ញាសាប្រឡងនេះត្រូវបានគេធ្វើជំនួញ និងមានថតចម្លងចម្លើយវិញ្ញាសានេះ ដើម្បីចែកចាយលក់បន្តនៅមណ្ឌលប្រឡងតាមរាជធានីខេត្តនានា មានតម្លៃពី ២០ ទៅ ៣០ដុល្លារក្នុងមួយមុខវិជ្ជាក៏មាន៖ «បាទ! មានចម្លើយស្រេចទាំងអស់ មួយកំប្លេតែម្តង។ វិញ្ញាសានេះចេញពីភ្នំពេញ ឬពីក្រសួងមក គឺលក់បន្ត។ វិញ្ញាសាខ្លះលក់ ២០ដុល្លារ ខ្លះ ៣០ដុល្លារ និងមានកូពីលក់បន្តក្នុងមួយវិញ្ញាសាតម្លៃ ១ម៉ឺន ឬច្រើនជាងនេះ»។
ចំណែកបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប មិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា ពិតជាមានបែកធ្លាយវិញ្ញាសាប្រឡង និងមានករណីបេក្ខជនបានរៃលុយជូនគ្រូអនុរក្សតាមបន្ទប់ប្រឡង ជាថ្នូរបានបើកចម្លងចម្លើយវិញ្ញាសាពិតមែន៖ «នៅកន្លែងនេះបែកវិញ្ញាសា វិញ្ញាសាគីមី ជីវវិទ្យា រូបវិទ្យា និងមុខវិជ្ជាខ្មែរ។ ពេលយើងទៅប្រឡងហ្នឹង មានគ្រូរៃលុយខ្លះដែរ។ យើងរៃលុយឲ្យគ្រូ ដើម្បីបើកមើលចម្លើយដោយគ្មានការហាមឃាត់»។
បេក្ខជនប្រឡងរូបនេះបានស្នើដល់ថ្នាក់ដឹកនាំក្រសួងអប់រំ ត្រូវទប់ស្កាត់វិញ្ញាសាប្រឡងសញ្ញាបត្របាក់ឌុប កុំឲ្យបែកធ្លាយបន្តទៀតនាឆ្នាំក្រោយៗ ព្រោះនាំឲ្យប៉ះពាល់ដល់គុណភាពអប់រំ និងមិនយុត្តិធម៌សម្រាប់សិស្សមានជីវភាពក្រីក្រ គ្មានលុយបង់ជូនគ្រូ នាំឲ្យមានការរើសអើងពីសិស្សក្នុងបន្ទប់ប្រឡង និងគ្រូអនុរក្សជាដើម។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សានៃក្រសួងអប់រំ កាលពីថ្ងៃច័ន្ទ ទី៥ ខែសីហា បានបដិសេធថា មិនមានករណីបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប ដូចការចោទប្រកាន់ទេ៖ «ផ្សាយហ្នឹង គឺអត់មានការពិតទេ គឺសូម្បីតែវិញ្ញាសាគីមី ដែលខ្ញុំបានកូពីមកពីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហ្នឹង គឺគ្រាន់តែឃើញចំណងជើងហ្នឹង ក៏ចង់សើចដែរ។ គេដាក់ចំណងជើងថា ប្រឡងឆមាសថ្នាក់ជាតិថ្នាក់ទី១២។ ប៉ុន្តែសម័យប្រឡងត្រូវថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។ អ៊ីចឹង សុទ្ធតែជារបស់បោកប្រាស់ទាំងអស់ គឺមិនមែនជាការពិតទេ។ ការបែកវិញ្ញាសាអីហ្នឹង គឺរបស់មិនពិតទាំងអស់។ សុទ្ធតែជាការបោកប្រាស់ទាំងអស់»។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប មានរយៈពេល ៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី៥ ដល់ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី៣១ ខែកក្កដា បានបង្ហាញថា ការប្រឡងសញ្ញាបត្រទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំនេះ មានបេក្ខជនសរុប ១០៧.៨៣៥នាក់។ មានមណ្ឌលប្រឡងចំនួន ២៣៤មណ្ឌល និងបន្ទប់ប្រឡងមានចំនួន ៤.៣៩០បន្ទប់។ ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែសីហា សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងខេត្តផ្សេងៗ ប្រកាសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាគមគ្រូបង្រៀនអះអាងថាមានភាពមិនប្រក្រតីមួយចំនួនក្នុងថ្ងៃប្រឡងបាក់ឌុប
- គ្រូបង្រៀនមួយចំនួនស្នើក្រសួងអប់រំពន្យល់មូលហេតុមិនឲ្យធ្វើជាអនុរក្សប្រឡងបាក់ឌុប
- សិស្សានុសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
- គ្រូបង្រៀនមួយចំនួនត្អូញត្អែរពីការបែងចែកគ្រូអនុរក្សប្រឡងបាក់ឌុបមានភាពលម្អៀង
- សមាគមគ្រូបង្រៀនស្នើក្រសួងអប់រំទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប
- ពលរដ្ឋនៅកំពង់ឆ្នាំងស្នើសុំអាជ្ញាធរទប់ស្កាត់វង់ល្បែងអាប៉ោងនិងបៀ
- ទាហាននៅព្រះវិហារដាក់លិខិតអំពីអំពើពុករលួយចូលហិបឆ្នោត
- គ្រូបង្រៀនមួយចំនួននៅកំពង់ធំត្អូញត្អែរពីភាពមិនប្រក្រតីក្នុងការដំឡើងកាំប្រាក់
- អាជ្ញាធរស្រុកជាំក្សាន្តរងការប្ដឹងពីបទពុករលួយ