Tuesday, 06 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
សំឡេងហ៊ោរកញ្ជ្រៀវកាន់តែឮខ្លាំងឡើងៗ អមដោយការលើកស្លាកឈ្មោះជាសញ្ញានៃការស្រឡាញ់ចូលចិត្ត និងគាំទ្រ នៅពេលដែលតារាចម្រៀងឈរលំដាប់ជួរមុខនាង សុខ ពិសី បានបង្ហាញមុខ និងបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅនៅលើឆាក «តន្ត្រីយុវវ័យ» ដែលជាប់ពានកម្មវិធីដ៏មានប្រជាប្រិយប្រចាំឆ្នាំ២០១២នោះ។ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនលើកនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនធំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញតារាចម្រៀង សុខ ពិសី ធ្លាក់ខ្លួនស្គមយ៉ាងចម្លែកនោះ។
ក្រោមភ្លើងពណ៌ខាត់ខ្វែងនៃឆាកតន្ត្រីដែលទើបតែរចនាថ្មីសន្លាងនៅស្ទួឌីយ៉ូទូរទស្សន៍បាយ័នថ្មីនៅស្ទឹងមានជ័យ បានរំលេចសម្រស់ សុខ ពិសី កាន់តែលេចធ្លោអណ្តែតឡើងនៅកណ្តាលវ៉ូងមនុស្សយ៉ាងច្រើនកុះករ និងក្រោមក្រសែភ្នែកទូរទស្សនិកជនរាប់លាននាក់នៅតាមគេហដ្ឋាន។
ជាមួយនឹងការស្លៀកពាក់បែបយុវវ័យសម័យថ្មីដែលសមនឹងឈ្មោះកម្មវិធី «តន្ត្រីយុវវ័យ» នោះ ក្រៅពីសំនៀងដ៏ស្រទន់អង្រួនដួងចិត្តអ្នកគាំទ្រទាំងនៅក្នុងស្ទូឌីយ៉ូ និងតាមកញ្ចក់ទូរទស្សន៍នោះ សុខ ពិសី ត្រូវបានទស្សនិកជនដែលបានចំណាយពេលទៅគាំទ្ររូបនាងផ្ទាល់នៅស្ទូឌីយ៉ូ និយាយខ្សឹបខ្សៀវគ្នាថា តារាចម្រៀងនាង សុខ ពិសី ហាក់ដូចជាស្រកសាច់យ៉ាងចំឡែក។
ការលើកឡើងរបស់មហាជននេះ នៅក្រោយពេលពួកគេបានមើលឃើញដោយផ្ទាល់ថា តារាចម្រៀង សុខ ពិសី កាន់តែស្អាតជាងមុន សាច់កាន់តែសខ្ចី ហើយអ្វីជាទីទាក់ទាញខ្លាំងនោះ គឺតារាចម្រៀងដែលទើបគន្លាស់ខ្លួនរួចពីរឿងអាស្រូវមានកូនបានបន្តិច នាង សុខ ពិសី មានរាងស្វែង តូចច្រឡឹង ស្គមស្តើង ស្រស់ស្អាតតែម្តង ដែលខុសប្លែកកាលពីប៉ុន្មានខែមុន។