ថ្ងៃ ចន្ទ 12 សីហា 2013
ដោយ ជា ប៊ុនធឿន
RFI
បន្ទាប់ពីមានការលើកពេល ក្នុងការប្រកាសលទ្ធផលបណ្ដោះអាសន្នជាផ្លូវការ គ.ជ.ប បានសម្រេចប្រកាស នៅព្រឹកនេះ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨កក្កដាកន្លងទៅ។ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ គណបក្សនយោបាយទាំងអស់មានរយៈ៧២ ម៉ោង ក្នុងការប្តឹងតវ៉ាជំទាស់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបណ្តោះអាសន្នជាផ្លូវការនេះ ដោយផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការពិសេសចំពោះកិច្ច ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត មិនអាចបង្កើតឡើងបានរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ហើយជាចុងក្រោយនេះ គ.ជ.ប. បានសម្រេចអនុវត្តការងាររបស់ខ្លួន តាមច្បាប់ នីតិវិធី ព្រមទាំងប្រតិទិនរបស់ខ្លួន។
ការប្រកាសលទ្ធផលរបស់ គ.ជ.ប. នេះ ត្រូវបានគេមើលឃើញថា នឹងជួបបញ្ហាប្រឈមមួយយ៉ាងធំនោះគឺ ការប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ពីសំណាក់គណបក្សសង្គ្រោះជាតិ៕
