អង្គការសិទ្ធិមនុស្សនៅខេត្តកោះកុង ស្នើឱ្យអាជ្ញាធរស្វែងរកដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋដែលតម្រូវឱ្យផ្លាស់ប្ដូរលំនៅឋាន។ អង្គការសង្គមស៊ីវិលព្រួយបារម្ភថា ការបណ្ដេញចេញនេះនឹងធ្វើឱ្យប្រជាជនកាន់តែក្រីក្រថែមទៀត បើសិនណាគ្មានដំណោះស្រាយត្រឹមត្រូវទេនោះ។
ដោយ សាន សែល
2013-08-12
RFA
អង្គការលីកាដូ (Licadho) បានរិះគន់ដល់សេចក្ដីជូនដំណឹងរបស់ក្រុមការងារចម្រុះនៃគណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលផ្សព្វផ្សាយឲ្យពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងស្រុកបុទុមសាគរ និងគីរីសាគរ រុះរើជាបន្ទាន់ឲ្យបានមុនថ្ងៃទី២០ ខែកញ្ញា ដែលគេអះអាងថា ពលរដ្ឋទាំងនោះសង់លើដីក្រុមហ៊ុនចិន។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង បាននិយាយថា ប្រការដែលអាជ្ញាធរមិនបានដោះស្រាយបញ្ហាឱ្យចប់សព្វគ្រប់មុនឱ្យប្រជាជនចេញពីទីតាំងចាស់នោះទេ វានឹងធ្វើឱ្យប្រជាពលរដ្ឋមិនសុខចិត្ត ឬអាចឈានដល់ការធ្វើបាតុកម្មប្រឆាំងអាជ្ញាធរវិញ៖ «គឺការចេញលិខិតហ្នឹងជាការចេញលិខិតមិនស្របច្បាប់ ព្រោះកិច្ចការងាររបស់គណៈកម្មការអន្តរក្រសួង គឺអត់ត្រូវចេញលិខិតបណ្ដេញប្រជាពលរដ្ឋទេ គឺត្រូវដោះស្រាយរាល់សំណូមពរ ឬការតវ៉ារបស់ប្រជាពលរដ្ឋ។ អ៊ីចឹងរាល់ការចេញលិខិតជូនដំណឹងហ្នឹង គឺជាការអនុវត្តខុសតួនាទីរបស់គាត់។ ការចេញសេចក្ដីប្រកាសហ្នឹង គឺជាការអនុវត្តផ្ទុយនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុន»។
លោក ផាន់ អេង តំណាងប្រជាពលរដ្ឋចំនួន ៤០គ្រួសារនៅឃុំតានួន ស្រុកបុទុមសាគរ មានទំនាស់ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវឺឡុបមេន គ្រុប (Union Development Group) ដែលត្រូវបានអាជ្ញាធរស្នើឱ្យរុះរើលំនៅឋានដែរនោះបានបញ្ជាក់ថា សហគមន៍លោកនឹងតស៊ូដល់ទីបញ្ចប់ ហើយហ៊ានលះបង់ដល់ជីវិតដើម្បីទទួលបានដំណោះស្រាយសមរម្យពីរដ្ឋាភិបាល។
លោកត្អូញត្អែរថា លោកមិនអាចរស់នៅទីតាំងថ្មីបានទេ ដោយសារតែទីនោះគ្មានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់៖ «ឃុំខ្ញុំហ្នឹងនៅតស៊ូឱ្យទាល់តែបានសម្រេច»។
រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៨ បានសម្រេចជួលដីចំនួន ៣.៦ម៉ឺនហិកតារទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវឺឡុបមេន ចំនួន ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅទីនោះឈ្មោះ ក្បាលនាគ៧ ហើយក្រុមហ៊ុននឹងត្រូវអភិវឌ្ឍចប់ស្ថាពរក្នុងរយៈពេល ២០ឆ្នាំក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិបឹងកក់១ប្រកាសជាថ្មីពីការតាមគំរាមសម្លាប់
- អាជ្ញាធរជូនដំណឹងដល់ពលរដ្ឋនៅកោះកុងឲ្យរុះរើលំនៅឋាន
- មេធាវីជំរុញតុលាការពាណិជ្ជកម្មអង់គ្លេសពន្លឿនសំណុំរឿងពលរដ្ឋខេត្តកោះកុង
- ពលរដ្ឋ៦៤គ្រួសារនៅព្រះវិហារស្នើដោះស្រាយជម្លោះដីធ្លីមុនបោះឆ្នោត
- អ្នកបឹងកក់និងបុរីកីឡាបន្តទាមទាររកដំណោះស្រាយពីសាលារាជធានី
- តំណាងសហគមន៍៦ដាក់ញត្តិទៅស្ថាប័នមួយចំនួនស្នើដោះលែងសកម្មជនដីធ្លី
- ពលរដ្ឋមិនពេញចិត្តនឹងចំណាត់ការយឺតយ៉ាវរបស់តុលាការកោះកុង
- ពលរដ្ឋខេត្តពោធិ៍សាត់ប្រតិកម្មនឹងការលើកពេលជំនុំជម្រះក្ដីសកម្មជនព្រៃឈើ
- ពលរដ្ឋមួយចំនួនស្នើឲ្យមានសមាជជាតិប្រចាំឆ្នាំ