លទ្ធផល​បណ្ដោះ​អាសន្ន​របស់​ គ.ជ.ប​ បង្ហាញ​ថា​បក្ស​ប្រជាជន​ឈ្នះ

លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១២ សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ ទេព សុរ៉ាវី និង ដែន អយុធ្យា
2013-08-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះ​ឆ្នោត ភ្នំពេញ ២០១៣
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ RFA/Mom Sophon

គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៣​លាន​សំឡេង (៣.២៣៥.៩៦៩) ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ​ជាង ២​លាន​សំឡេង (២.៩៤៦.១៧៦)។ នេះ​បើ​តាម​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. ដែល​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា។

តួលេខ​ប្រកាស​ដោយ គ.ជ.ប មាន​តែ​គណបក្ស ២​ប៉ុណ្ណោះ ដែល​បាន​ចំនួន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​២ គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ គ.ជ.ប នៅ​មិន​ទាន់​ប្រកាស​បែង​ចែក​ចំនួន​អាសនៈ​ដែល​ត្រូវ​ទទួល​បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​លទ្ធផល​ប្រកាស​ដោយ គ.ជ.ប នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យក​ទៅ​គណនា​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​រក​ចំនួន​អាសនៈ​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​ទទួល​បាន​ក្នុង​រដ្ឋ​សភា។

លោក ហង្ស ពុទ្ធា គណនា​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​គឺ​ដូច​នឹង​ការប្រកាស​របស់​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែល​ប្រកាស​ភ្លាមៗ​ក្រោយ​ការ​បោះ​ឆ្នោត​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពី​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​ដែល​ឈ្នះ​គណបក្ស​ប្រឆាំង ហើយ​ថា លទ្ធផល​នោះ​នឹង​គ្មាន​ការ​ផ្លាស់​ប្ដូរ។

លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវការ​មាន​ការ​លំអៀង​តិចតួច​ប៉ុណ្ណោះ​ជាមួយ​នឹង​លទ្ធផល​បឋម​ដែល​ចេញ​ដោយ គ.ជ.ប កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ។ នៅ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​គាំទ្រ​កើន​ឡើង​ខុស​ពី​តួលេខ​មុន រួម​មាន​ខេត្ត​តាកែវ កំពង់ចាម ក្រចេះ ព្រះវិហារ បាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ឧត្តរមានជ័យ ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ កើន​ឡើង​ចន្លោះ​ពី ១សំឡេង ដល់​ជាង ៣.១៤១​សំឡេង។ តួលេខ​ដែល​កើន​ឡើង​ខ្ពស់​ជាង​គេ គឺ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន ៣.១៤១​សំឡេង។ រីឯ​ខេត្ត​ចំនួន ៧​ទៀត សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​មាន​ការ​ថយ​ចុះ ចន្លោះ​ពី ២​សំឡេង ទៅ ៣០០ សំឡេង ក្នុង​នោះ​មាន​ខេត្ត​សៀមរាប ខេត្ត​កែប ព្រៃវែង កណ្ដាល កំពត កំពង់ស្ពឺ បន្ទាយមានជ័យ។ ខេត្ត​ចំនួន​ ៥​ទៀត សំឡេង​គាំទ្រ​នៅ​ដដែល រួម​មាន​ខេត្ត​ប៉ៃលិន ស្វាយរៀង ព្រះសីហនុ កោះកុង និង​ខេត្ត​កំពង់ធំ។

ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ មាន​ការ​លំអៀង​ខ្លះ​បើ​ធៀប​នឹង​លទ្ធផល​បឋម។ ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ កំពង់ចាម បាត់ដំបង ក្រចេះ កំពង់ឆ្នាំង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្ដាល និង​រតនគិរី កើន​ពី​ចន្លោះ​ជាង ១០០ ទៅ​ជាង ១.០០០​សំឡេង។ ចំនួន​ដែល​កើន​ខ្ពស់​ជាង​គេ គឺ​នៅ​កំពង់ចាម មាន ១.៤២៤​សំឡេង។ ខេត្ត​ដែល​ធ្លាក់​ចុះ​មាន​ខេត្ត​កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ព្រះសីហនុ សៀមរាប និង​ខេត្ត​មណ្ឌលគិរី ដែល​ធ្លាក់​ចុះ​ពី ២ ទៅ ៩៩​សំឡេង។ បន្ថែម​លើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​សំឡេង​ដដែល​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ស្ទឹងត្រែង កំពត កែប កំពង់ធំ កោះកុង និង​ខេត្ត​ប៉ៃលិន។

ក្នុង​ចំណោម ២៤​ខេត្ត​ក្រុង មាន​ខេត្ត រាជធានី ចំនួន ៥ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ចាម ព្រៃវែង និង​ខេត្ត​កំពង់ស្ពឺ។ រី​ឯ ១៩​ខេត្ត​ផ្សេង​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។ គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ទី​៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នក​គាំទ្រ​គណបក្ស​នេះ​ច្រើន​ជាង​គេ គឺ​មាន​ខេត្ត​បន្ទាយមានជ័យ ដែល​ទទួល​សំឡេង​គាំទ្រ​ជាង ៣​ម៉ឺន​សំឡេង។

ភ្លាមៗ​ក្រោយ​លទ្ធផល​ឆ្នោត​ដែល​ចេញ​ដោយ គ.ជ.ប ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ទាត់​ចោល​និង​ទទួល​ឲ្យ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ តាម​ច្បាប់​បោះ​ឆ្នោត​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត អាច​ប្ដឹង​តវ៉ា​អំពី​លទ្ធផល​មួយ​ផ្នែក ឬ​លទ្ធផល​ទាំង​អស់​នៃ​ការ​បោះ​ឆ្នោត​ទៅ គ.ជ.ប ឬ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​ថា និចហ្វិក លោក ហង្ស ពុទ្ធា យល់​ថា ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ប្រកាស​របស់ គ.ជ.ប ដែល​ម្ដង​ប្រាប់​ថា ពន្យារ​ពេល​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ហើយ​សុខៗ​ស្រាប់​តែ​ប្រកាស​លទ្ធផល​យ៉ាង​តក់​ក្រហល់ ដែល​នាំ​ឲ្យ​មាន​មន្ទិល​ថា អាច​មាន​អ្វី​ឋិត​នៅ​ពី​ក្រោយ ខណៈ​ដែល​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​នៅ​តុ​ចរចា​នៅ​ឡើយ។

គ.ជ.ប បាន​ចេញ​លិខិត​មួយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ គ.ជ.ប ចេញ​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ពេល​នេះ ដោយ គ.ជ.ប បាន​ត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​របាយការណ៍​នៃ​ភាព​មិន​ប្រក្រតី​ដែល​បាន​ទទួល និង​បាន​ចេញ​នូវ​របាយការណ៍​ដែល​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ។

យ៉ាង​ណា គ.ជ.ប ចាត់​ទុក​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​ទទួល​ទាំង​អស់​នេះ ថា​ជា​ឯកសារ​ដ៏​សំខាន់ និង​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ជា​មេរៀន​ពិសោធន៍​សម្រាប់​កែ​លម្អ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្រោយៗ​ទៀត​ឲ្យ​ល្អ​ប្រសើរ។

លទ្ធផល​បណ្ដោះអាសន្ន​របស់ គ.ជ.ប មាន​ការ​ខុស​គ្នា​នឹង​លទ្ធផល​បឋម និង​មិន​ផ្លូវការ​របស់​អង្គការ ខុមហ្វ្រែល (Comfrel) ដែល​រក​ឃើញ​ថា នៅ​ក្នុង​ចំនួន ១២៣​កៅអី ឬ​អាសនៈ​ក្នុង​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​កៅអី ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​កៅអី។

ក្រុម​តាមដាន​ការ​បោះ​ឆ្នោត​ដែល​ហៅ​ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ចូល​រួម​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ត្រៀម​រៀបចំ​កម្លាំង​ដើម្បី​ជួយ​ការងារ​សង្គម រួម​មាន​ជំនួយ​សុខាភិបាល និង​ជំនួយ​ផ្លូវ​ច្បាប់ ក្នុង​ករណី​ដែល​អំពើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ​ដែល​ប្រឆាំង​លទ្ធផល​ឆ្នោត​កើត​មាន។

​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​របស់​គ.ជ.ប

ក្រោយ​ពេល គ.ជ.ប បាន​ប្រកាស​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​នាំ​មុខ ឬ​ឈ្នះ​ការ​​បោះ​ឆ្នោត​រួច​មក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ​បាន​ធ្វើ​សន្និសីទ​កាសែត​ច្រាន​ចោល​​លទ្ធផល​បោះ​ឆ្នោត​នេះ​ភ្លាមៗ។

កឹម សុខា ៣០៥
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​គណបក្ស​នា​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​ខណ្ឌ​​ទួលគោក ដោយ​ចាត់​ទុក​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​របស់ គ.ជ.ប នៅ​ពេល​នេះ ថា​ជា​សកម្ម​ភាព​​បិទ​បាំង នូវ​រាល់​កំហុស​ឆ្គង​ដែល គ.ជ.ប បាន​ប្រព្រឹត្ត​លើ​ការ​បោះ​ឆ្នោត​កន្លង​ទៅ។

លោក កឹម សុខា៖ «ការ​ប្រកាស​បែប​នេះ ក្នុង​ស្ថានភាព​នេះ គឺ​មាន​ន័យ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​កើត​ឡើង​នូវ​ការ​បះបោរ ឬ​ការ​តវ៉ា​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​គាត់​ទន្ទឹង​រង់ចាំ​រក​យុត្តិធម៌​ឲ្យ​គាត់ ហើយ​ការ​មានៈ​របស់ គ.ជ.ប នេះ គឺ​មាន​ន័យ​ថា មានៈ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ចង់​ដឹង​រក​យុត្តិធម៌»

លោក កឹម សុខា នៅ​តែ​ទទូច​ឲ្យ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​មួយ និង​អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សន្យា​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​​នៅ​មន្ទីរ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្លើយ​តប​​​បញ្ហា​នេះ។

​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ចំពោះ​ការ​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​របស់​គណ​បក្ស​​​ប្រឆាំង​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ថា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​​​​បណ្ដោះអាសន្ន​​​ពេល​នេះ គឺ គ.ជ.ប បាន​អនុវត្ត​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត ហើយ​ថា បើ​គណបក្ស​នយោបាយ​ណា​មួយ​មិន​យល់​ស្រប​​តាម​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ពួក​គេ​អាច​​ដាក់​​ពាក្យ​បណ្ដឹង​ចំពោះ​​បញ្ហា​នេះ។

លោក ទេព នីថា៖ «យើង​បាន​ធ្វើ​ឲ្យ​យឺត​កម្មវិធី​បោះ​ឆ្នោត ដែល​ត្រូវ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​សីហា មក​ម្ល៉េះ ហើយ​ដោយ​ដល់​មិន​អាច​ថា បង្កើត​គណៈកម្មការ​ចម្រុះ​បាន ទើប គ.ជ.ប ​ងាក​មក​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បន្ត។ យើង​មិន​អាច​រង់ចាំ​បាន​ទេ ព្រោះ​ថា ពេល​វេលា​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់។ អ៊ីចឹង​ហើយ​បាន​ជា គ.ជ.ប ប្រកាស​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ព្រឹកមិញ​នេះ (ថ្ងៃ​ទី​១២ ខែ​សីហា) ហើយ​គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត បើ​មិន​យល់​ស្រប​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ គឺ​អាច​ប្ដឹង​ទៅ គ.ជ.ប ឬ​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោយ​ផ្ទាល់​តែម្ដង​ក្នុង​រយៈពេល ៧២​ម៉ោង»

យ៉ាង​ណា​ក៏ដោយ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​ជួយ​គាំទ្រ ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​ខ្លួន​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង។ ជាង​នេះ​ក៏​បាន​ទទូច​ដល់​អន្តរជាតិ​មិន​ត្រូវ​ទទួល​ស្គាល់​នូវ​រាជ​រដ្ឋាភិបាល​ណា​ដែល​កើត​​ឡើង​ពី​ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី​ និង​ពុំ​មាន​ការ​ដោះស្រាយ​បញ្ហា​ផ្ទុយ​ពី​ឆន្ទៈ​​ម្ចាស់​ឆ្នោត។

តាម​ការ​គណនា ឬ​បែង​ចែក​ចំនួន​អាសនៈ​សភា​អាណត្តិ​ទី​៥ ក្រៅ​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​ខុមហ្វ្រែល (Comfrel) ជាដើម បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​​ទទួល​បាន​​ចំនួន ៦៨ ឬ ៦៧​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន ៥៥ ឬ ៥៦​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។ ប៉ុន្តែ​ លោក កឹម សុខា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ ​អាច​ទទួល​បាន​អាសនៈ​ចំនួន ៦៣ ក្នុង​រដ្ឋ​សភា។ ​លោក​ថ្លែង​ថា ការ​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ អាច​ជា​ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ៕

ចុច​មើល​លទ្ធផល​បណ្ដោះ​អាសន្ន​ទាំង​២៤​ខេត្ត​ក្រុង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles